កម្លាំងអធិការនគរបាលក្រុងបាវិតបង្ក្រាបជនសង្ស័យ ០៣នាក់ ពាក់ព័ន្ធករណីចាប់មនុស្សដាក់រថយន្ត ដើម្បីជំរិតទារប្រាក់ នៅក្រុងបាវិត
ស្វាយរៀង៖ជនសង្ស័យចំនួន៣នាក់ ត្រូវបានកម្លាំងអធិការក្រុងបាវិត
ឃាត់ខ្លួនពាក់ព័ន្ធករណីចាប់មនុស្សដាក់រថយន្ត ដើម្បីជំរិតទារប្រាក់ នៅក្រុងបាវិត។
យោងតាមសមត្ថកិច្ច បានឲ្យដឹងថា៖កម្លាំងអធិការដ្ឋាននគរបាលក្រុងបាវិតនៅថ្ងៃទី១១
ខែសីហា ឆ្នាំ២០២៦ វេលាម៉ោង០៧:៥០នាទីព្រឹក បានទទួលព័ត៌មានពីប្រជាពលរដ្ឋថា
មានករណីចាប់មនុស្សដាក់ក្នុងរថយន្តដើម្បីជំរិតទារប្រាក់
នៅត្រង់ចំណុចផ្លូវកំពង់ស្ពាន ស្ថិតនៅភូមិបាវិតកណ្តាល សង្កាត់បាវិត ក្រុងបាវិត។
សមត្ថកិច្ច បានឲ្យដឹងទៀតថា៖ក្រោយពីទទួលបានព័ត៌មានរួចមក
ដោយអនុវត្តតាមបទបញ្ជាដ៏ម៉ឺងម៉ាត់របស់ឯកឧត្ដម នាយឧត្តមសេនីយ៍ ស ថេត
អគ្គស្នងការនគរបាលជាតិ និងឯកឧត្ដម ប៉េង ពោធិ៍សា អភិបាលខេត្តស្វាយរៀង
ដឹកនាំបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ទោ ពេជ្រ វីរ:
ស្នងការនគរបាលខេត្តស្វាយរៀង បានបញ្ជាឲ្យលោកវរៈសេនីយ៍ឯក គឹម ឡៃ
ស្នងការរងទទួលផែនការងារព្រហ្មទណ្ឌ ដឹកនាំកម្លាំងជំនាញ
សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលក្រុងបាវិត ដឹកនាំដោយលោកវរៈសេនីយ៍ឯក
សំ សំអុល អធិការនគរបាលក្រុងបាវិត បានចុះធ្វើការស្រាវជ្រាវស៊ើបអង្កេត
តាមវិធានការជំនាញ ភ្លាមនោះ ក៏ឃើញជនសង្ស័យកំពុងបើករថយន្តគេចខ្លួន ហើយ សមត្ថកិច្ច
បានដេញតាម និង ស្ទាក់តាមគោលដៅប្រទាក់ក្រឡា។
ពេលនោះក្រុមជនសង្ស័យបានទម្លាក់ជនរងគ្រោះជាជនជាតិវៀតណាមចោលតាមផ្លូវ និងបានចេញពីរថយន្ត
រួចរត់ចូលវាលស្រែ។ សមត្ថកិច្ចយើង បានរត់ដេញតាមចាប់ខ្លួនជនសង្ស័យជាបន្តបន្ទាប់ចំនួន
០៣នាក់ ភេទប្រុស ជាជនជាតិវៀតណាម នៅវេលាម៉ោង ១០និង៣០នាទីព្រឹកនាថ្ងៃដដែល ។
សមត្ថកិច្ចបានបញ្ជាក់ថា៖ក្នុងការបង្ក្រាបនោះ
សមត្ថកិច្ចយើងឃាត់ខ្លួនជនសង្ស័យបាន៣នាក់ ព្រមទាំងដកហូតបានវត្ថុតាងរួមមាន៖- រថយន្ត
ម៉ាក Toyota Prius ពណ៌ក្រហម
(រថយន្តធ្វើសកម្មភាព) ០១គ្រឿង, កាំបិតធ្វើសកម្មភាព ០៣ដើម,ទូរស័ព្ទដៃ ០២គ្រឿង និង សម្ភារៈប្រើប្រាស់មួយចំនួនទៀត។
បច្ចុប្បន្ន ជនសង្ស័យ និងវត្ថុតាង
កំពុងកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងខេត្តចាត់ការតាមនីតិវិធីច្បាប់៕