កម្ពុជារៀបចំកម្មវិធីរាត្រីស្រមោលសសប្បុរធម៌ ដើម្បីរៃអង្គាសថវិកាអភិរក្សសត្វដំរី ក្រោមវត្តមានអ្នកជំនួញធំៗ និងសិល្បករ សិល្បការិនីល្បីៗក្នុងស្រុក

Entertainment • August 17, 2026
កម្ពុជារៀបចំកម្មវិធីរាត្រីស្រមោលសសប្បុរធម៌ ដើម្បីរៃអង្គាសថវិកាអភិរក្សសត្វដំរី ក្រោមវត្តមានអ្នកជំនួញធំៗ និងសិល្បករ សិល្បការិនីល្បីៗក្នុងស្រុក

 

កាលពីថ្ងៃពុធ នៅរាជធានីភ្នំពេញ សមាគមអភិរក្សដំរីអៃរ៉ាវត្តា បានរៀបចំកម្មវិធីសប្បុរសធម៌មួយក្រោមប្រធានបទ «Gala Night for Elephant Conservation»  ក្នុងគោលបំណងរៃអង្គាសថវិកា ដើម្បីចូលរួមការពារ និងអភិរក្សសត្វដំរីកម្ពុជា ព្រមទាំងគាំទ្រដល់ការថែទាំសុខុមាលភាព សុខភាព ការបន្តពូជ និងការការពារជម្រករស់នៅរបស់សត្វដំរីទាំងដំរីព្រៃ និងដំរីស្រុក។

កម្មវិធីដ៏មានអត្ថន័យនេះ ត្រូវបានអញ្ជើញចូលរួមជាអធិបតីដោយ ឯកឧត្តម ស សុខា ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ការចូលរួមពី ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន, ប្រធានកិត្តិយសនៃសមាគមអភិរក្សដំរីអៃរាវតា មន្ត្រីជាន់ខ្ពស់រាជរដ្ឋាភិបាល សមាជិកព្រះរាជវង្សានុវង្ស សប្បុរសជន និងដៃគូអភិរក្សជាច្រើនផងដែរ។

ក្រៅពីនេះទៀត គេក៏ឃើញមានវត្តមានសិល្បករ សិល្បការិនីក្នុងស្រុកល្បីៗ ដូចជាកញ្ញា ស៊ីន យូប៊ីន កញ្ញា កុយ អេនណា អ្នកនាង ដួង ហ្សូរីដា ចូលរួមក្នុងពិធីដ៏វិសេសវិសាលនេះថែមទៀត។

ថវិកាដែលប្រមូលបានពីកម្មវិធីសប្បុរសធម៌នេះ នឹងត្រូវយកទៅប្រើប្រាស់សម្រាប់គាំទ្រដល់ការផ្គត់ផ្គង់ចំណីអាហារ និងការថែទាំសុខភាពសត្វដំរី សេវាពេទ្យសត្វ កម្មវិធីតាមដាន និងលើកកម្ពស់ការបន្តពូជ ការការពារជម្រកធម្មជាតិ ការជួយឧបត្ថម្ភដល់អ្នកថែទាំដំរី ព្រមទាំងការអប់រំ និងផ្សព្វផ្សាយអំពីសារៈសំខាន់នៃការអភិរក្សសត្វដំរី។

ក្នុងឱកាសនោះ លោកស្រី ខៃ ចិន្តា ប្រធានសមាគមអភិរក្សដំរីអៃរាវតា បានថ្លែងអំណរគុណចំពោះថ្នាក់ដឹកនាំ ម្ចាស់ជំនួយ សប្បុរសជន និងដៃគូពាក់ព័ន្ធទាំងអស់ ដែលបានចូលរួមគាំទ្រដល់បេសកកម្មរបស់សមាគម ក្នុងការការពារ និងអភិរក្សសត្វដំរីនៅកម្ពុជា។

ជាមួយគ្នានេះ ឯកឧត្តម នេត្រ ភក្ត្រា បានលើកឡើងពីទំនាក់ទំនងដ៏ជិតស្និទ្ធរវាងសត្វដំរី ជាមួយព្រៃឈើ ប្រវត្តិសាស្ត្រ វប្បធម៌ និងអរិយធម៌របស់កម្ពុជា។ ដូច្នេះ ការការពារសត្វដំរី មិនត្រឹមតែជាការការពារសត្វព្រៃមួយប្រភេទប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាការចូលរួមថែរក្សាមរតកធម្មជាតិ និងវប្បធម៌សម្រាប់មនុស្សជំនាន់ក្រោយផងដែរ។

ឯកឧត្តម នេត្រ ភក្រ្តា សង្កត់ធ្ងន់ថា៖ នៅពេលយើងនិយាយពីការអភិរក្សដំរី យើងមិនអាចនិយាយតែអំពីដំរីព្រៃបានទេ។ ដំរីស្រុក ក៏ជាផ្នែកមួយដ៏សំខាន់នៃមរតកមានជីវិតរបស់កម្ពុជា។ បើដំរីព្រៃត្រូវការព្រៃ និងទីជម្រក ដំរីស្រុកត្រូវការទាំងទីជម្រកការ ថែទាំ សុខុមាលភាព ពេទ្យសត្វ ចំណី អ្នកថែរក្សា និងការគាំទ្ររយៈពេលវែង។ នេះហើយជាគុណតម្លៃនៃការងារដែល សមាគមអភិរក្សដំរីអៃរ៉ាវត្តា កំពុងធ្វើ។ អៃរ៉ាវត្តា មិនមែនគ្រាន់តែជាកន្លែងថែរក្សាដំរីទេ។

អៃរ៉ាវត្តាកំពុងចូលរួមថែរក្សាសុខុមាលភាពដំរី រក្សាចំណេះដឹង និងទំនាក់ទំនងប្រពៃណីរវាងមនុស្សនិងដំរី និងសំខាន់បំផុត គឺ បង្កើតលក្ខខណ្ឌឱ្យដំរីអាចបន្តពូជ និងមានជំនាន់បន្ទាប់បាន។ នេះជាបញ្ហាសំខាន់ណាស់។ ព្រោះការអភិរក្សពិតប្រាកដ មិនមែនគ្រាន់តែធ្វើឱ្យដំរីដែលមាននៅថ្ងៃនេះរស់បានល្អប៉ុណ្ណោះទេ។ ការអភិរក្សពិតប្រាកដ គឺធ្វើឱ្យដំរីមានជំនាន់បន្ទាប់។

រាល់កំណើតគឺជាក្តីសង្ឃឹម ការបន្តពូជរបស់ដំរីស្រុកនៅកម្ពុជា មិនមែនជារឿងងាយស្រួលទេ។ ក្រៅពីលក្ខ ខណ្ឌជីវសាស្ត្រ ការថែទាំ និងការចំណាយរយៈពេលវែង ការមានកូនរបស់ដំរីស្រុកនៅក្នុងសហគមន៍ខ្លះ ក៏មានទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយជំនឿ ប្រពៃណី និងទំនៀមទម្លាប់របស់ជនជាតិដើមភាគតិចនីមួយៗផងដែរ។ តាមទំនៀមទម្លាប់ ការអនុញ្ញាតឱ្យដំរីបន្តពូជ និងការមានកូន អាចភ្ជាប់ទៅនឹងពិធីប្រពៃណី និងកាតព្វកិច្ចរបស់ម្ចាស់ដំរី ដែលត្រូវការចំណាយធនធាន ពេលវេលា និងការទទួលខុសត្រូវខ្ពស់។

នេះជាមូលហេតុមួយដែលធ្វើឱ្យកន្លងមក យើងមិនសូវបានឮអំពីកំណើតកូនដំរីស្រុកថ្មីៗនៅកម្ពុជាញឹកញាប់នោះទេ។ ប៉ុន្តែក្នុងរយៈពេលប្រមាណ ៥ឆ្នាំចុងក្រោយនេះ យើងបានឃើញកំណើតកូនដំរីស្រុកចំនួន ២ក្បាល។ សម្រាប់ប្រទេសដែលមានដំរីស្រុកនៅសល់ប្រមាណ ៧០ក្បាល នេះមិនមែនជារឿងតូចឡើយ ។ រាល់កំណើត គឺជាក្តីសង្ឃឹម។ រាល់ជីវិតថ្មី គឺជាអនាគតថ្មីមួយសម្រាប់ការអភិរក្ស។

កូនដំរីមួយក្នុងចំណោមនោះ គឺ «ណូអែល» នៅខេត្តរតនគិរី ដែលជាក្តីសង្ឃឹម និងជានិមិត្តរូបដ៏មានអត្ថន័យមួយនៃការខិតខំរបស់សមាគមអភិរក្សដំរីអៃរ៉ាវត្តា។ កំណើតរបស់ណូអែល មិនមែនគ្រាន់តែជាការបន្ថែមដំរីមួយក្បាលទៀតទៅក្នុងតួលេខនោះទេ។ វាជាភស្តុតាងថា នៅពេលមានការថែរក្សាត្រឹមត្រូវ មានទីជម្រកសមស្រប មានការគាំទ្រ និងមានការប្តេជ្ញាចិត្តរយៈពេលវែង ជីវិតថ្មីអាចកើតឡើងបាន។

តាមការប៉ាន់ប្រមាណ កម្ពុជាមានសត្វដំរីអាស៊ីព្រៃប្រមាណពី ៤០០ ទៅ ៦០០ក្បាល ដែលភាគច្រើនរស់នៅតំបន់ជួរភ្នំក្រវាញ តំបន់វាលទំនាបភាគខាងជើង និងតំបន់វាលទំនាបភាគខាងកើត ជាពិសេសនៅក្នុងខេត្តមណ្ឌលគិរី។ ចំណែកឯសត្វដំរីស្រុកវិញ ត្រូវបានប៉ាន់ប្រមាណថាមានប្រមាណ ៧១ក្បាល។

សមាគមអភិរក្សដំរីអៃរាវតា កំពុងបន្តចូលរួមក្នុងការលើកកម្ពស់សុខុមាលភាពសត្វដំរី ការផ្តល់សេវាថែទាំសុខភាព និងពេទ្យសត្វ ការតាមដានការបន្តពូជ ការការពារជម្រកធម្មជាតិ ការគាំទ្រអ្នកថែទាំដំរី និងការបង្កើនការយល់ដឹងរបស់សាធារណជនអំពីការអភិរក្សសត្វដំរី។

កម្មវិធី «Gala Night for Elephant Conservation» គឺជាការបង្ហាញពីការចូលរួមរបស់គ្រប់ភាគីក្នុងការការពារសត្វដំរី និងធនធានធម្មជាតិរបស់កម្ពុជា ដើម្បីធានាថា សត្វដ៏មានតម្លៃមួយនេះ អាចបន្តរស់នៅក្នុងព្រៃធម្មជាតិ និងជាផ្នែកមួយនៃមរតកធម្មជាតិ និងវប្បធម៌របស់កម្ពុជាសម្រាប់មនុស្សជំនាន់ក្រោយ។






x Enlarged Image