នគរបាលកម្ពុជា អះអាងថា គ្រឿងញៀនជាង១តោនច្រកក្នុងប៉ាវអង្ករអក្សរខ្មែរ ដែលសមត្ថកិច្ចឥណ្ឌូនេស៊ីចាប់បាន មិនមែននាំចេញពីកម្ពុជានោះទេ!

National • August 17, 2026
នគរបាលកម្ពុជា អះអាងថា គ្រឿងញៀនជាង១តោនច្រកក្នុងប៉ាវអង្ករអក្សរខ្មែរ ដែលសមត្ថកិច្ចឥណ្ឌូនេស៊ីចាប់បាន មិនមែននាំចេញពីកម្ពុជានោះទេ!

ភ្នំពេញ៖ មន្ត្រីនគរបាលជាន់ខ្ពស់កម្ពុជា បានអះអាងថាគ្រឿងញៀនជាង ១.៣តោន ដែលត្រូវបានវិចខ្ចប់ក្នុងប៉ាវអង្ករខ្មែរ ហើយ ត្រូវបានសមត្ថកិច្ចរបស់ឥណ្ឌូនេស៊ីចាប់បាននោះ មិនមែននាំចេញពីកម្ពុជានោះទេ។

បើតាមការស្រាវជ្រាវគ្រឿងញៀនទាំងនោះ នាំចេញពីតំបន់ត្រីកោណមាស ទៅប្រទេសថៃ តាមច្រកសមុទ្រ មុនទៅដល់ឥណ្ឌូនេស៊ី។

ឯ.ឧ ឧត្តមសេនីយ៍ឯក ឃឹង សារ៉ាត់ នាយកមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន បានបញ្ជាក់ឱ្យដឹងថា តាមការស្រាវជ្រាវយ៉ាងម៉ត់ចត់របស់មន្ត្រីនគរបាលជំនាញរបស់កម្ពុជា គ្រឿងញៀនចំនួនជាង ១.៣តោន ដែលត្រូវអាជ្ញាឥណ្ឌូនេស៊ីរឹបអូសបាននោះ គឺបាននាំចេញពីតំបន់ត្រីកោណមាស ទៅកាន់ប្រទេសថៃ (សមុទ្រថៃ) មុននឹងចេញដំណើរ ឆ្លងកាត់ព្រំដែនសមុទ្រឥណ្ឌូនេស៊ី។

ឯកឧត្តមនាយកមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន បន្តថា ចំពោះប៉ាវអង្ករដែលដាក់គ្រឿងញៀនមានអក្សរខ្មែរនោះ គឺពួកឧក្រិដ្ឋជនអាចទិញពីព្រំដែនកម្ពុជា-ថៃ ឬ ត្រូវបានបោះពុម្ពនៅក្នុងប្រទេសថៃ ហើយ យកទៅដាក់គ្រឿងញៀននោះ ដើម្បីទម្លាក់កំហុសដាក់ ឬ សំអុយឈ្មោះប្រទេសកម្ពុជាតែប៉ុណ្ណោះ។

សូមជម្រាបថា កាលពីពេលថ្មីៗនេះ គ្រឿងញៀនប្រភេទកេតាមីន ទម្ងន់សរុប ១.៣តោន ត្រូវអាជ្ញាធរឥណ្ឌូណេស៊ីរឹបអូសបាន។ សារធាតុនេះដឹកចេញពីប្រទេសថៃ ប៉ុន្តែបន្លំច្រកក្នុងបាវអង្កខ្មែរ។ សារព័ត៌មា​ន Straits Times (ស្ត្រេត ថែមស៍) បានចុះផ្សាយថា សារធាតុនេះ គឺច្រកក្នុងបាវចំនួន ៦៥ ដឹកតាមនាវា MV King Sun (អ៊ឹមវី-ឃីង-ស៊ុន) ចេញពីប្រទេសថៃ តាំងតែពីខែកុម្ភៈមកម្ល៉េះ។ ក្រោយអង្គភាពប្រឆាំងគ្រឿងញៀនឥណ្ឌូណេស៊ី តាមដានអស់រយៈ ពេលជាច្រើនខែ នៅទីបំផុតនាវាក៏ត្រូវបានស្ទាក់ចាប់ កាលពីថ្ងៃទី៦ ខែសីហា ក្នុងដែនទឹកឥណ្ឌូណេស៊ី។

ជាមួយនិងការស្ទាក់ចាប់នាវានេះ កងកម្លាំងឥណ្ឌូណេស៊ី ក៏ចាប់ខ្លួននាវិក ៨នាក់ផងដែរ ក្នុងនោះ មានជនជាតិមីយ៉ាន់ម៉ា ៧នាក់ និងតៃវ៉ាន់ម្នាក់។ គ្រឿងញៀនទាំងនេះ ត្រូវបានសមត្ថកិច្ចអះអាងថា អាចមានតម្លៃ ១១៦.៤៩លានដុល្លារអាមេរិក៕ម៉េង ធា




 

x Enlarged Image