សពជនរងគ្រោះ០៣នាក់ ដែលលិចទូកអុំសមនៅកោះប្រាក់ រកឃើញ ០២នាក់ហើយ!
កណ្តាល៖
សពជនរងគ្រោះចំនួន០៣នាក់ ដែលបានលិចទូកក្នុងពេលហាត់សម នៅចំណុចកំពង់ចម្លង កោះប្រាក់
ឃុំភូមិធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល ត្រូវបានរក ឃើញសពចំនួន ០២នាក់ហើយ! គិតត្រឹមម៉ោង១៣និង០០នាទីថ្ងៃទី១៧
ខែសីហា ឆ្នាំ ២០២៦ ។
លោកវរៈសេនីយ៍ឯក
ព្រុំ សំណាង អធិការនគរបាលស្រុកកៀនស្វាយ បានប្រាប់ឲ្យដឹងថា សពជនរងគ្រោះ
ដែលបានរកឃើញចំនួន០២នាក់ មាន៖០១- ឈ្មោះ ឡុង សត្យា ភេទប្រុស អាយុ ១៤ឆ្នាំ
ជនជាតិខ្មែរ មុខរបរសិស្ស មានទីលំនៅក្នុងភូមិ ភូមិធំ ឃុំភូមិធំ ស្រុកកៀនស្វាយ រកឃើញនៅវេលាម៉ោង ១១និង៣០នាទីថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៦
នៅចំណុចភូមិបន្លិច ឃុំពាមមានជ័យ ស្រុកពាមរក៌ ខេត្តព្រៃវែង
ដែលមានចម្ងាយពីទីតាំងហេតុ ៣៦គីឡូម៉ែត្រ, ០២- ឈ្មោះ ហួន ភីនុត
ភេទប្រុសអាយុ១៤ឆ្នាំ ជនជាតិខ្មែរ មុខរបរសិស្ស មានទីលំនៅក្នុងភូមិកោះប្រាក់
ឃុំភូមិធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល រកឃើញនៅវេលាម៉ោង០៨និង៤០នាទី
ក្នុងថ្ងៃជាមួយគ្នា នៅចំណុចភូមិកោះប្រាក់ ឃុំភូមិធំ ស្រុកកៀនស្វាយ
ចម្ងាយពីទីតាំងកើតហេតុ ០១គីឡូម៉ែត្រ ។
សព
ត្រូវបានលើកយកពីអូប័រ ដឹកតាមរថយន្តសាមុយ យកទៅលំនៅដ្ឋានដើម្បីក្រុមគ្រួសារ រៀបចំធ្វើពិធីបុណ្យ
តាមប្រពៃណី ។
លោក
អធិការបន្តទៀតថាលោក ឡូវ សុខសាន្ត
ប្រធានគណ:បញ្ជាការឯកភាពស្រុក នៅតែសហការជាមួយ កម្លាំងកងពល 911
ដើម្បីបន្តស្វែងរកជនរងគ្រោះទី៣ម្នាក់ទៀត ដែលនៅបាត់ខ្លួន ឈ្មោះ សួន ដូណា
ភេទប្រុសអាយុ១៥ឆ្នាំ ដែលមានទីលំនៅ
ក្នុងភូមិ ភូមិធំ ឃុំភូមិធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល ។
គួរំលឹកផងដែរថា ជនរងគ្រោះទាំង០៣នាក់ (ស្លាប់) កាលពីវេលាម៉ោង ១៤និង៣០នាទី ថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៦ នៅចំណុចមាត់ទន្លេមេគង្គកំពង់ចម្លង កោះប្រាក់ ក្នុង ពេលគ្នីគ្នាចំនួន១០នាក់ ខ្ចីទូកពីជាងឈើម្នាក់ ប្រភេទទូកខ្នាតអន្តរជាតិ (ចំណុះ ១២នាក់ ) យកមកអុំសម ហើយ ក៏ត្រូវទឹកទន្លេឡើងភួលមានរលកធំៗ បណ្តាលឲ្យលិច ទូក ហែលរួច ០៧នាក់ នៅរស់រានមានជីវិត និង បាត់ខ្លួន ចំនួន០៣នាក់ ដែលសន្មត់ថា ស្លាប់៕ ដោយ ៖ប៉ែន ឆន