លួចកាត់ខ្សែភ្លើង វះយកស្ពាន់លក់ច្រើនលើក ម្ចាស់ដាក់ពាក្យបណ្ដឹងនគរបាលឃាត់ខ្លួន២នាក់

National • August 19, 2026
លួចកាត់ខ្សែភ្លើង វះយកស្ពាន់លក់ច្រើនលើក ម្ចាស់ដាក់ពាក្យបណ្ដឹងនគរបាលឃាត់ខ្លួន២នាក់

កំពង់ស្ពឺ៖ ជនសង្ស័យចំនួន២នាក់ ត្រូវបានកំលាំងនគរបាលស្រុកសាមគ្គីមុនីជ័យ ធ្វើការឃាត់ខ្លួន ខណៈដែលក្រុមជនសង្ស័យធ្វើសកម្មភាពលួចកាត់ខ្សែភ្លើងរបស់ប្រជាពលរដ្ឋច្រើនលើកដើម្បីវះយកស្ពាន់យកទៅលក់បន្ត  ត្រូវបានម្ចាស់ខ្សែភ្លើងដាក់ពាក្យបណ្ដឹងឲ្យសមត្ថកិច្ចជួយអន្តរាគមន៍ស្រាវជ្រាវ រហូតឈានដល់ធ្វើការឃាត់ខ្លួនបាន។

ការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យនេះ ដោយអនុវត្តតាមការដឹកនាំបញ្ជាពីលោកឧត្ដមសេនីយ៍ទោ ឃឹម សុកខៃ ស្នងការនគរបាលខេត្តកំពង់ស្ពឺ និង ដឹកនាំបញ្ជាផ្ទាល់ដោយលោកវរសេនីយ៍ទោ សាវ សុភក្តី  អធិការនៃអធិការដ្ឋាននគរបាលស្រុកសាមគ្គីមុនីជ័យ នៅវេលាម៉ោង២និង៣០នាទីរសៀលថ្ងៃទី១៧ខែសីហា ឆ្នាំ២០២៦ កំលាំងធិការដ្ឋាននគរបាលស្រុកសាមគ្គីមុនីជ័យ សហការជាមួយប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំដំណាក់រាំង បានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន២នាក់ ពាក់ពន្ធ័ករណីលួចកាត់ខ្សែភ្លើង ។

នគរបាលស្រុកសាមគ្គីមុនីជ័យ បានឲ្យដឹងទៀតថាជនសង្ស័យដែលឃាត់ខ្លួនបាន៖

ទី១-មានឈ្មោះ ធឿន ធិបតី ភេទប្រុស អាយុ១៤ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅក្នុងភូមិពោធិ៍ ឃុំដំណាក់រាំង ស្រុកសាមគ្គីមុនីជ័យ ខេត្តកំពង់ស្ពឺ និង ទី២-មានឈ្មោះ ឈិន ម៉ៅ ភេទប្រុស អាយុ២៣ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅក្នុងភូមិត្រពាំងរុន ឃុំដំណាក់រាំង ស្រុកសាមគ្គីមុនីជ័យ ខេត្តកំពង់ស្ពឺ។

ក្រោយពីឃាត់ខ្លួនជនសង្ស័យទាំង២នាក់ខាងលើ តំណាងឲ្យបុរី TLL ឈ្មោះ ណន ឡុងគារ ភេទប្រុស អាយុ៣៧ឆ្នាំ រស់នៅក្នុងភូមិពងទឹក ឃុំដំណាក់រាំង ស្រុកសាមគ្គីមុនីជ័យ ខេត្តកំពង់ស្ពឺ បានដាក់ពាក្យប្តឹងចោទប្រកាន់ទៅលើជនសង្ស័យទាំង២នាក់ខាងលើ ដោយកាលពីថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៦ បានបាត់ខ្សែភ្លើងនៅក្នុងបុរីTLL ប្រហែល៣០០ម៉ែត្រ ហើយ សមត្ថកិច្ច បានរកឃើញសំបកខ្សែភ្លើងខាងលើ ពិតជារបស់ក្រុមហ៊ុនពិតប្រាដមែន។

ចំពោះខាងលើករណីនេះ នគរបាលជំនាញ កំពុងធ្វើការសាកសួរនិងកសាងសំណុំរឿងបញ្ជូនទៅការិយាល័យជំនាញនៃស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺដើម្បីចាត់ការបន្តតាមផ្លូវច្បាប់៕ ប៊ុនធឿន





 

x Enlarged Image