នគរបាលព្រហ្មទណ្ឌរាជធានីភ្នំពេញ បង្ហាញមុខជនសង្ស័យ៣២នាក់ប្រព្រឹត្តបទល្មើស៦ករណីផ្សេងគ្នា

National • August 14, 2026
នគរបាលព្រហ្មទណ្ឌរាជធានីភ្នំពេញ បង្ហាញមុខជនសង្ស័យ៣២នាក់ប្រព្រឹត្តបទល្មើស៦ករណីផ្សេងគ្នា

 

ភ្នំពេញ៖ ជនសង្ស័យចំនួន៣២នាក់ ដែលបានប្រព្រឹត្តបទល្មើសចំនួន៦ករណី រួមមាន៖ហិង្សាដោយចេតនាមានស្ថានទម្ងន់ទោសនិងករណីលួច ត្រូវបានកម្លាំងនគរបាលព្រហ្មទណ្ឌកំរិតស្រាលនៃស្នងការនគរបាលរាជធានីភ្នំពេញនិងកម្លាំងនគរបាលនៅតាមបណ្ដាលខណ្ឌនានា ស្រាវជ្រាវ បង្ក្រាបបានជាបន្តបន្ទាប់ ហើយ យកមកបង្ហាញមុខជាសាធារណៈរួមគ្នា កាលពីព្រឹកថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៦នេះ រួមជាមួយវត្ថតាងមួយចំនួន ។

   លោកវរៈសេនីយ៍ឯក ម៉ម សាវន នាយការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាលរាជធានីភ្នំពេញ បានឲ្យដឹងថាដោយអនុវត្តតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងអនុវត្តន៍តាមបទបញ្ជាពីឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ និងមានការដឹកនាំដោយលោកឧត្តសេនីយ៍ត្រី ប៊ុន សត្យា ស្នងការរងទទួលផែនការងារនគរបាលព្រហ្មទណ្ឌ និងបញ្ហារដោយផ្ទាល់ពីលោកឧត្តសេនីយ៍ទោ លី ប៊ុនអេង ស្នងការរងទទួលការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាល ,កម្លាំងនគរបាលព្រហ្មទណ្ឌកំរិតស្រាលរាជធានីភ្នំពេញនិងតាមបណ្តាលខណ្ឌនានា បានធ្វើការស្រាវជ្រាវ នៅក្នុងរយៈពេល៣ថ្ងៃគិតពីថ្ងៃ១១ ដល់ថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៦ បង្ក្រាបជាបន្តបន្ទាប់ ឃាត់ខ្លួនជនសង្ស័យចំនួន៣២នាក់ហើយយកមកបង្ហាញមុខជាសាធារណៈរួមគ្នា នៅព្រឹកនេះ។

   លោកវរៈសេនីយ៍ឯក ម៉ម សាវន នាយការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាលបានឲ្យដឹងទៀតថាជនសង្ស័យទាំង៣២នាក់ បានប្រព្រឹត្តិបទល្មើស ៦ករណី ក្នុងនោះ ករណីហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស ០៤ករណី ឃាត់ខ្លួន ២៩នាក់ (មានសារធាតុញៀន០៥នាក់)ជាក្រុមក្មេងទំនើងមាន៦ធីម ឈ្មោះ ជឹមបឹងកេងកង, ផ្សារដើមថ្កូវ, កាប់ គោ, កាប់ស្លុយ, ជឹមទឹកមាត់, កាហ្វេកែងចិន។ និងករណីលួច០២ករណី ឃាត់ខ្លួនជនសង្ស័យចំនួន ០៣នាក់(មានសារធាតុញៀន០៣នាក់)។

   តាមនគរបាលអោយដឹងទៀតថា នៅក្នុងនោះកម្លាំងនគរបាលព្រហ្មទណ្ឌកំរិតស្រាលបង្ក្រាបបាន២ករណី ឃាត់ខ្លួន១២នាក់ ជាក្រុមក្មេងទំនើងដែលដែលបង្កហិង្សា ក្នុងនោះមានម្នាក់ទើបតែប្រឡងបាក់ឌុបបានមួយថ្ងៃត្រូវសមត្ថកិច្ចឃាត់ខ្លួន។

នគរបាលខណ្ឌមានជ័យបង្ក្រាបបានពីរករណី ឃាត់ខ្លួន ជនសង្ស័យ០៣នាក់ (លួច)(មានសារធាតុញៀន០៣នាក់)និងនគរបាលខណ្ឌពោធិ៍សែនជ័យ បង្ក្រាបបាន ០២ករណី ឃាត់ខ្លួន ១៧នាក់ ករណីហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស (មានសារធាតុញៀន ០៣នាក់) ។

បន្ទាប់ពីបង្ហាញមុខជនសង្ស័យ ត្រូវបានសមត្ថកិច្ច ក៏បានបញ្ជូនជនសង្ស័យទៅកាន់សាលាដំបូងរាជធានីភ្នំពេញដើម្បីចាត់ការតាមច្បាប់៕ម៉េង ធា






x Enlarged Image