វត្ថុសិល្បៈខ្មែរដែលបានបាត់បង់ និងការទាមទារបញ្ជូនត្រឡប់មកកម្ពុជា ត្រូវបានរៀបចំពិធីសម្ពោធការតាំងពិព័រណ៍សាធារណៈមិនអចិន្ត្រៃយ៍ នៅលើបរិវេណសារមន្ទីរ ខេត្តពោធិ៍សាត់
នាព្រឹកថ្ងៃទី២៤ ខែសីហា
ឆ្នាំ២០២៦ នាយកដ្ឋានបុរាណវត្ថុ សហការជាមួយមន្ទីរវប្បធម៌និងវិចិត្រសិល្បៈខេត្តពោធ៍សាត់
បានរៀបចំពិធីសម្ពោធការតាំងពិព័រណ៍សាធារណៈមិនអចិន្ត្រៃយ៍អំពីរូបថតព័ត៌មានអំពីវត្ថុសិល្បៈខ្មែរ
ដែលត្រូវគេនាំចេញដោយខុសច្បាប់ និងទាមទារត្រឡប់មកកម្ពុជាវិញ
នៅលើបរិវេណសារមន្ទីរខេត្តពោធិ៍សាត់ ក្រោមអធិបតីភាព ឯកឧត្តម អ៊ុក សុខា
អគ្គនាយកនៃអគ្គនាយកដ្ឋានបេតិកភណ្ឌ នៃក្រសួងវប្បធម៌និងវិចិត្រសិល្បៈ លោកស្រី ប៉ុក
ណាឌី អភិបាលរងខេត្តពោធិ៍សាត់ តំណាងឯកឧត្តមអភិបាលខេត្តនិងលោកជំទាវ ឈឹម ស៊ីណា
សមាជិកក្រុមប្រឹក្សាខេត្ត។ ពិធីសម្ពោធនេះដែរ
ក៏មានការអញ្ជើញចូលរួមពីសំណាក់អាជ្ញាធរជាតិទាំង៣ លោក លោកស្រីប្រធានមន្ទីរវប្បធម៌និងវិចិត្រសិល្បៈទូទាំង
២៥ រាជធានី-ខេត្ត លោក លោកស្រីប្រធានមន្ទីរ អង្គភាពជុំវិញខេត្តពោធិ៍សាត់ យុវជន
ស.ស.យ.ក. វិស័យវប្បធម៌និងវិចិត្រសិល្បៈ កងកម្លាំងទាំង៣ជុំវិញខេត្តថ្នាក់ដឹកនាំ
និងមន្ត្រីរាជការនៃមន្ទីរវប្បធម៌និងវិចិត្រសិល្បៈខេត្ត សមាជិក សមាជិកា
សហភាពសហព័ន្ធយុវជនកម្ពុជាខេត្ត ក្រុមកាយឫទ្ធិកម្ពុជាខេត្ត ក្រុមកាកបាទក្រហមខេត្ត
ព្រមទាំងលោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សសរុបប្រមាណជា ៣០០នាក់។
ការរៀបចំពិព័រណ៌មិនអចិន្ត្រៃយ៍នាឱកាសនេះ
ធ្វើឡើងក្នុងគោលបំណងដើម្បីបញ្ជ្រាបនូវការយល់ដឹងអំពីគុណតម្លៃ ក្នុងការចូលរួមថែរក្សា
ការពារ អភិរក្ស និងអភិវឌ្ឍវប្បធម៌ជាតិឆ្ពោះទៅសម្រេចបានស្របតាមគោលដៅ « កម្ពុជា ព្រះរាជាណាចក្រនៃវប្បធម៌ » ជាពិសេសជាងនេះឱ្យមហាជនបានស្គាល់ បាន
យល់ពីសម្បត្តិបេតិកភណ្ឌមរតកដូនតាដែលបាត់បង់
បន្ទាប់ពីរាជរដ្ឋាភិបាលទាមទារបានត្រឡប់មកវិញ និងក្នុងគោលបំណងបំផុសចលនាមហាជនឱ្យគាំទ្រ
ការរួមចំណែកថែរក្សា ការពារ សម្បត្តិវប្បធម៌ខ្មែររបស់យើងផងដែរ។
លើសពីនេះទៅទៀត
ការរៀបចំឱ្យមានព្រឹត្តិការណ៍នេះឡើង
ក៏ជាការជួយបំផុសនិងដាស់អារម្មណ៍យុវជនដែលជាទំពាំងស្នងឫស្សីឱ្យបានឃើញបានយល់កាន់តែច្បាស់អំពីលក្ខណៈពិសេស
និង ភាពសម្បូរបែបនៃសិល្បៈវប្បធម៌ខ្មែរ ដែលបន្សល់ទុកដោយដូនតាយើងជាច្រើនជំនាន់មកហើយ
ទាំងនេះ គឺជាសកម្មភាពដ៏មានប្រសិទ្ធភាពមួយ ក្នុងការផ្សព្វផ្សាយបញ្ញាបការយល់ដឹង
បណ្តុះមនសិការ ស្មារតីរបស់កូនខ្មែរគ្រប់រូបឱ្យចូលរួមថែរក្សា ការពារ
ឱ្យបានស្ថិតស្ថេរគង់វង្សនូវមរតកវប្បធម៌ ដែលជាអត្ត សញ្ញាណនិងជាដួងព្រលឹងរបស់ជាតិយើង៕