រន្ធត់ណាស់! ករណីបំផ្ទុះគ្រាប់បែក បណ្ដាលឲ្យសមត្ថកិច្ច និងប្រជាការពារ បាត់បង់ជីវិតសរុប ៦នាក់ រួមទាំងជនបង្ក ថែមទាំងរបួសធ្ងន់ម្នាក់ទៀត
ពោធិ៍សាត់៖
សេចក្តីរាយការណ៍ នាព្រឹកថ្ងៃទី0៦ ខែសីហា ឆ្នាំ២០២៦ នេះថាមានករណីប្រតិបត្តិការបង្ក្រាបអំពើហិង្សាក្នុងគ្រួសារ
បានឈានដល់ការបំផ្ទុះគ្រាប់បែក នៅចំណុចអូរបាយក្រៀម ស្ថិតនៅភូមិឆាយលូក ឃុំអូរសោម
ស្រុកវាលវែង ខេត្តពោធិ៍សាត់ បណ្ដាលឲ្យមានមនុស្សស្លាប់ដល់ទៅចំនួន០៦នាក់៖ មន្រ្តីនគរបាល២រូប,
ប្រជាការពារ៣នាក់ រួមទាំងជនបង្កម្នាក់ ក្នុងនោះ ប្រជាការពារម្នាក់ទៀតរងរបួសធ្ងន់ផងដែរ
។
យោងតាមរបាយការណ៍បឋមរបស់លោកអភិបាលខេត្ត
និងលោកស្នងការនគរបាលខេត្តពោធិ៍សាត់ បានឲ្យដឹងថាករណីនេះ បណ្ដាលមកពីជនល្មើសប្រើប្រាស់គ្រឿងញៀន
និងប្រើអំពើហិង្សាក្នុងគ្រួសារ ហើយ កម្លាំងសមត្ថកិច្ច បានចេញប្រតិបត្តិការភ្លាមៗ
បន្ទាប់ពីទទួលព័ត៌មានពីប្រពន្ធជនបង្ក ប៉ុន្តែក្នុងពេលអន្តរាគមន៍នោះ ជនបង្ក ក៏បំផ្ទុះគ្រាប់បែក។
ហេតុការណ៍នេះ
បានបណ្ដាលឱ្យមានសោកនាដកម្ម៖
១-លោក
សោម រ៉ា នាយប៉ុស្ដិ៍ (ស្លាប់បាត់បង់ជីវិត) ២-លោក សូ សុវណ្ណរិទ្ធ មន្ត្រីប៉ុស្ដិ៍
(ស្លាប់បាត់បង់ជីវិត) ៣-លោក ជ្រន ប្រឹម ប្រជាការពារ (ស្លាប់បាត់បង់ជីវិត) ៤-លោក
សុខ អាន ប្រជាការពារ (ស្លាប់បាត់បង់ជីវិត) ៥-លោក ចិន្ដា ប្រជាការពារ (ស្លាប់បាត់បង់ជីវិត)
៦- ជនបង្កឈ្មោះ អែម ដុំ (ស្លាប់បាត់បង់ជីវិត) និង៧-លោក វ៉ី វឿន ប្រជាការពារ (របួសធ្ងន់) ដែលបច្ចុប្បន្ន
កំពុងស្ថិតក្នុងសង្គ្រោះបន្ទាន់ ។
ករណីដ៍សោកនាដកម្មខាងលើ សមត្ថកិច្ចជំនាញពាក់ព័ន្ធ
រួមទាំងអាជ្ញាធរមូលដ្ឋាន កំពុងមមាញឹកបន្តនីតិវិធី ៕ ដោយៈ ប៉ឹម ពិន