នគរបាលព្រហ្មទណ្ឌរាជធានីភ្នំពេញ ឃាត់ខ្លួនជនជាតិចិនចំនួន០២នាក់ចាប់ជនជាតិចិន ជំរិតទារប្រាក់

National • August 19, 2026
នគរបាលព្រហ្មទណ្ឌរាជធានីភ្នំពេញ ឃាត់ខ្លួនជនជាតិចិនចំនួន០២នាក់ចាប់ជនជាតិចិន ជំរិតទារប្រាក់

 

ភ្នំពេញ៖ជនជាតិចិនពីរនាក់ ត្រូវបានកម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតធ្ងន់សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ និងស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ស្រាវជ្រាវឃាត់ខ្លួន បន្ទាប់ពីធ្វើសកម្មភាពចាប់បង្ខាំងជនរងគ្រោះជំរិតទារប្រាក់។

    តាមនគរបាលព្រហ្មទណ្ឌកំរិតធ្ងន់នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឲ្យដឹងថាដោយអនុវត្តតាមបទបញ្ជារបស់ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និង ជាស្នងការនគរបាលរាជធានីភ្នំពេញ នៅថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៦ កម្លាំងសមត្ថកិច្ច ដោយមានការសម្របសម្រួលនីតិវិធីពីលោក ឆាយ ហុង ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់ ក្នុងចំណោមបក្ខពួក០៤នាក់ ពាក់ព័ន្ធករណីចាប់មនុស្សជំរិតទារប្រាក់ ប្រព្រឹត្តបទល្មើសកាលពីថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៦ វេលាម៉ោង០២និង១០នាទីរំលងអាធ្រាត្រ នៅភូមិក្រាំងដូនទៃ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

តាមនគរបាល បានឲ្យដឹងទៀតថាការឃាត់ខ្លួនជនសង្ស័យខាងលើ គឺសមត្ថកិច្ចអនុវត្ត តាមពាក្យបណ្តឹងរបស់ជនរងគ្រោះដែលជាជនជាតិចិន។

ជនសង្ស័យដែលត្រូវឃាត់ខ្លួន រួមមាន៖១- ឈ្មោះ XU XINGDA (ស៊ូ ស៊ីងដា) ភេទប្រុស អាយុ ៣៨ឆ្នាំ។ ២-ឈ្មោះ HU JUN (ហ៊ូ ជុន) ភេទ ប្រុស អាយុ ៣៣ឆ្នាំ។ បន្ទាប់ពីឃាត់ខ្លួន សមត្ថកិច្ចចាប់យកវត្ថុតាង រួមមាន៖ ទូរស័ព្ទដៃ ចំនួន០២គ្រឿង, នាឡិកាដៃម៉ាក Rolex ខ្សែដែក ពណ៌ទឹកប្រាក់, កាបូបដាក់ប្រាក់ ចំនួន ០១, កាបូបយួរដៃ ចំនួន០១, លិខិតឆ្លងដែន ចំនួន០២ច្បាប់,  អត្តសញ្ញាណប័ណ្ណចិន និងកាតធនាគារមួយ ចំនួន ។

បច្ចុប្បន្ន ជនសង្ស័យខាងលើនិងវត្ថុតាង កម្លាំងជំនាញព្រហ្មទណ្ឌ បានកសាងសំណុំរឿងចាត់ការតាមនីតិវិធី។ ចំណែកបក្ខពួកនៅសេសសល់សមត្ថកិច្ចកំពុងស្រាវជ្រាវចាប់ខ្លួន ៕ ម៉េង ធា




x Enlarged Image