ក្មេងស្រី០៣នាក់ បបួលគ្នាចុះលេងទឹកទន្លេតាមកាំជណ្តើរវត្ត ចៃដន្យលង់ទឹកស្លាប់ម្នាក់
កណ្តាល៖ មានក្មេងស្រីរងគ្រោះម្នាក់ទៀតហើយ! ដែលបានលង់ទឹកស្លាប់
ខណ:មាន គ្នីគ្នា០៣នាក់ ទៅលេងទឹកទន្លេបាសាក់ ចុះតាមកាំជណ្តើរវត្ត ដោយកើតហេតុកាលពីវេលាម៉ោង១៣និង៣០នាទីថ្ងៃទី២៨ ខែសីហា ២០២៦
នៅចំណុចមាត់ច្រាំងទន្លេបាសាក់ មុខវត្តសំប៉ាណ ស្ថិតក្នុងភូមិសំប៉ាណ ឃុំកោះធំ (ខ)
ស្រុកកោះធំ ខេត្តកណ្តាល និងត្រូវបានរកសព ឃើញនៅវេលាម៉ោង ០៧និង០០នាទី
ថ្ងៃទី៣០ខែសីហាឆ្នាំ២០២៦ នៅចំណុចមាត់ច្រាំងទន្លេបាសាក់ ស្ថិតក្នុងភូមិព្រែកតាកេរ
ឃុំ កោះធំ(ខ) ស្រុកកោះធំ ខេត្តកណ្តាល ។
លោកវរៈសេនីយ៍ឯក
ស៊ីម ឃាង អធិការនគរបាលស្រុកកោះធំ បានប្រាប់ឲ្យដឹងថា កុមារីរងគ្រោះមានឈ្មោះ
ផល ដាវីន អាយុ០៩ឆ្នាំ ជនជាតិខ្មែរ ជាសិស្សរៀនថ្នាក់ទី ៣ សាលាបឋមសិក្សាសំប៉ាណ
និងមានទីលំនៅក្នុងភូមិឃុំកើតហេតុ ។
យោងតាមការបំភ្លឺរបស់ឈ្មោះ
ផុន សក្ខិណា ភេទស្រីអាយុ១១ឆ្នាំ ត្រូវជាមិត្តភក្តិរបស់ជនរងគ្រោះ
បានរៀបរាប់ឱ្យសមត្ថកិច្ចដឹងថានៅថ្ងៃកើតហេតុ ខ្លួនមានគ្នាចំនួន០៣ (ទាំងជនរងគ្រោះផង)
បាននាំគ្នាចុះមកលេងទឹកនៅមាត់ច្រាំងទន្លេបាសាក់ ត្រង់ចំណុចកើតហេតុ
ដែលមានទឹកហូរគួចខ្លាំង។ ដំបូងបានដើរចុះទៅទី០២ បន្ទាប់ក៏ចុះដល់កាំទី០៣
លុះដល់វេលាកើតហេតុ គឺជនរងគ្រោះចុះបន្តមុនគេដល់កាំជណ្តើរទី០៤
ហើយក៏បានលង់ទឹកលិចក្បាលបាត់ទៅ ពេលនោះមិត្តភគ្រ័ទាំង០២នាក់
បាននាំគ្នាស្រែកហៅឲ្យអ្នកជិតខាងដែលលក់ដូរនៅក្បែរមកជួយផង ប៉ុន្តែជនរងគ្រោះ
ត្រូវបានទឹកហូរគួចលិចទៅបាត់ហើយ ។
លោកអធិការ
បានបញ្ជាក់ថាក្រោយទទួលបានសេចក្តីរាយការណ៍ភ្លាម លោក ឆែ វណ្ណឌី
ប្រធានគណ:បញ្ជាការឯកភាពស្រុកកោះធំ បានដឹកនាំកម្លាំងដោយផ្ទាល់សហការជាមួយអាជ្ញាធរមូលដ្ធាន
និង បងប្អូនប្រជាពលរដ្ធ ចុះហ៊ឹមរាវរក និង បានចេញទូកកាណូតស្វះស្វែងរក រហូតរកឃើញ
សពកុមារីរងគ្រោះ នៅព្រឹកថ្ងៃទី៣០ខែសីហាឆ្នាំ២០២៦ នេះ ។
ក្រោយសមត្ថកិច្ចការងារយុត្តិធម៌
ជំនាញកោសលវិច្ច័យ និង យោងលោកគ្រូពេទ្យ បានពិនិត្យចប់សព្វគ្រប់
គឺរកពុំឃើញអ្វីគួឲ្យកត់សំគាល់ឡើយ ក៏បានដាក់សេចក្តីសន្និដ្ធានថា សព ពិតជាស្លាប់ដោយលង់ទឹកប្រាកដមែន
និងក៏បានធ្វើកំណត់ហេតុប្រគល់ជូនក្រុមគ្រួសារដើម្បី យកទៅធ្វើបុណ្យតាមប្រពៃណី
ដោយមានអនុសាខាកាកបាទក្រហមស្រុក ផ្តល់អំណោយមនុស្សធម៌ ដល់ឪពុកម្តាយរបស់កុមារីរងគ្រោះ
ដល់លំនៅដ្ធាន ៕