លើសពីការកម្សាន្ត!! លោក ទីវ តារារិទ្ធិ អ្នកជិះកង់ឆ្លងទ្វីបដំបូងគេក្លាយជាទូតសុឆន្ទៈក្រសួងទេសចរណ៍ ក្រោយបំផុសគំនិតជួយដល់សហគមន៍
បេសកកម្ម ២ ឆ្នាំ
នៅលើកែបកង់របស់អ្នកផ្សេងព្រេងកម្ពុជាម្នាក់បានធ្វើឱ្យមហាជនទាំងក្នុង
និងក្រៅស្រុកជ្រួតជ្រាបនិងរំជួលចិត្តជាពន់ពេក
ត្បិតក្រោយបានដឹងថាការជិះកង់របស់លោកមិនមែនជាការកម្សាន្ត
ប៉ុន្តែជាការជួយដល់កុមារកម្ពុជា។
លោក ទីវ តារារិទ្ធិ
ជាកូនខ្មែរដំបូងគេដែលបានបញ្ចប់បេសកកម្មជិះកង់ដើម្បីកុមារកម្ពុជា ដោយចាយពេល
២ ឆ្នាំ លើចម្ងាយផ្លូវជិត ៦ ម៉ឺនគីឡូម៉ែត្រ
នាំយកក្ដីសង្ឃឹមកុមារកម្ពុជាឆ្លងកាត់ប្រទេស
និងទ្វីបធំៗជាច្រើនលើពិភពលោក។ លោកបានហៅបេសកកម្មលើកនេះថា «CYCLING
FOR CHILDREN» ជាមួយគោលដៅនៃការរៃអង្គាសថវិកាឱ្យបាន
២៥ ម៉ឺនដុល្លារ។
រម្លឹកទៅកាលពី ២
ឆ្នាំមុន ក្នុងអំឡុងខែ មិថុនា ឆ្នាំ ២០២៤
បុរសដែលប្រកាន់ខ្ជាប់គោលការណ៍ជួយដល់កុមារកម្ពុជារូបនេះបានធ្វើដំណើរចាកចេញពីប្រទេសកម្ពុជា
ដោយបានជ្រើសយកគោលដៅចេញគឺមន្ទីរពេទ្យកុមារអង្គរ ខេត្តសៀមរាប
និងបានបន្តដំណើរជាហូរហែឆ្លងកាត់ទ្វីបអាស៊ី អឺរ៉ុប
និងចុងក្រោយទ្វីបអាហ្វ្រិកខាងត្បូង សរុប ៤០ ប្រទេស។
ក្នុងដំណើរមួយនេះលោកបានជួបរឿងរ៉ាវជាច្រើន
មានខ្លះក៏ធ្វើឱ្យរូបលោករំភើបចិត្តស្ទើរហូរទឹកភ្នែកចេញមកក្រៅ
ក៏មានខ្លះទៀតបានធ្វើឱ្យលោកអាចស្វែងយល់បានកាន់តែច្រើនបន្ថែមទៀតអំពីពិភពលោកខាងក្រៅ។
រឿងរ៉ាវទាំងអស់នេះត្រូវបានលោក ទីវ តារារិទ្ធិ
កត់ត្រាចារក្នុងក្នុងសៀវភៅ
ដោយលោកមានគម្រោងផលិតសៀវភៅមួយក្បាលដែលរៀបរាប់អំពីជីវិតរយៈពេល ២ ឆ្នាំ
ជាមួយកង់។
យ៉ាងណាមិញ
បុរសដែលរស់នៅផ្សងព្រេងជាមួយកង់ដល់ទៅ ២ ឆ្នាំ ម្នាក់ឯងរូបនេះ
ទីបំផុតក៏សម្រេចបានសមិទ្ធផលមួយនេះយ៉ាងជោគជ័យ
ដោយបានវិលត្រឡប់មកកាន់ប្រទេសកម្ពុជានិងបានរៃអង្គាសថវិកាសរុបប្រមាណ
២៦ ម៉ឺនដុល្លារ។ គួរជម្រាបដែរថា ថវិកាទាំងអស់នេះនឹងត្រូវប្រគល់ជូនមន្ទីរពេទ្យកុមារអង្គរ
និងមូលនិធិគន្ធបុប្ផាកម្ពុជា ដើម្បីឧបត្ថម្ភ និងទ្រទ្រង់ដល់ការពិនិត្យព្យាបាល
និងថែទាំសុខភាពកុមារកម្ពុជា។
ជាមួយគ្នា
ក៏មានដំណឹងដ៏សែនរំភើបមួយទៀតនោះគឺលោក ទីវ តារារិទ្ធិ
ទទួលបានការតែងតាំងជាទូតសុឆន្ទៈនៃក្រសួងទេសចរណ៍កម្ពុជា
ដើម្បីបន្តជួយផ្សព្វផ្សាយ
និងនាំកិត្តិនាមកម្ពុជាទៅកាន់ពិភពលោកក្រោមរូបភាពវិជ្ជមាន
ក្នុងនាមជាកូនខ្មែរមួយរូប។
ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍
បានថ្លែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះទេពកោសល្យ ឆន្ទៈខ្ពស់ បទពិសោធ
ការតស៊ូ និងស្មារតីស្រឡាញ់ជាតិពីសំណាក់លោក ទីវ តារារិទ្ធ
ក្នុងការធ្វើដំណើរទៅកាន់ប្រទេសនានា ដើម្បីផ្សព្វផ្សាយរូបភាពវិជ្ជមានរបស់កម្ពុជា
ក៏ដូចជាការចូលរួមសកម្មភាពមនុស្សធម៌ និងសង្គម។
ជាមួយគ្នានេះ
ឯកឧត្តមរដ្ឋមន្ត្រី បានគូសបញ្ជាក់ថា ក្រសួងទេសចរណ៍ ស្វាគមន៍ និងគាំទ្រចំពោះគំនិតផ្តួចផ្តើមដែលចូលរួមផ្សព្វផ្សាយសក្តានុពលទេសចរណ៍កម្ពុជា
ជាពិសេសការនាំយកអច្ឆរិយភាពកម្ពុជាទៅកាន់ពិភពលោក។
សូមបញ្ជាក់ជូនផងដែរថា
កាលពីថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៦ កន្លងទៅ ឯកឧត្តមរដ្ឋមន្ត្រី
ក៏បានគាំទ្រដល់បេសកកម្មនៃការបើកបរទោចក្រយានយន្ត ពីព្រះរាជាណាចក្រកម្ពុជាឆ្ពោះទៅកាន់ពិព័រណ៍ម៉ូតូអន្តរជាតិ
ដែលនឹងប្រារព្ធឡើងពីថ្ងៃទី៥ ដល់ថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅទីក្រុង Milan
ប្រទេសអ៊ីតាលី
ក្រោមកិច្ចសហការរវាងក្រុមហ៊ុន Calypso Motors និងក្រុមហ៊ុន ជីប ម៉ុង ។
ជាក់ស្តែង
គំនិតផ្តួចផ្តើម និងសកម្មភាពទាំងនេះ គឺពិតជាបានចូលរួមចំណែកជំរុញការផ្សព្វផ្សាយកិត្តិនាមកម្ពុជាទៅកាន់ពិភពលោក
និងលើកកម្ពស់វិស័យទេសចរណ៍កម្ពុជា ក៏ដូចជាជំរុញការវិនិយោគនៅកម្ពុជា។
ក្នុងន័យនេះ
ក្រសួងទេសចរណ៍ នឹងបន្តខិតខំជំរុញគំនិតផ្តួចផ្តើម និង
គាំទ្រនូវរាល់បេសកកម្មនានាដែលនាំ អច្ឆរិយភាពកម្ពុជាទៅកាន់ពិភពលោក ដើម្បី នាំពិភពលោកមកកម្ពុជាវិញ។