សមាជិកក្រុម BTS លោក ជុងគុក បានបង្កើតកំណត់ត្រាថ្មីមួយជាមួយបទចម្រៀងទោលដំបូងរបស់ខ្លួន ដោយទទួលបានការចាក់ស្តាប់លើ YouTube Music លើសពី ១,៣ ពាន់លានដង
តារាចម្រៀង Jungkook សមាជិកក្រុម BTS បានបង្កើតកំណត់ត្រាថ្មីមួយជាមួយបទចម្រៀងទោលដំបូងរបស់ខ្លួន «Seven»
ដោយទទួលបានការចាក់ស្តាប់លើ YouTube Music លើសពី
១,៣ ពាន់លានដង។ សមិទ្ធផលនេះបានធ្វើឱ្យ «Seven» ក្លាយជាបទចម្រៀងបង្ហាញខ្លួនដំបូងរបស់សិល្បករបុរសអាស៊ីដំបូងគេ
ដែលឈានដល់ចំនួនចាក់ស្តាប់ដ៏អស្ចារ្យនេះនៅលើវេទិកា YouTube Music។
ចាប់តាំងពីការចេញផ្សាយក្នុងឆ្នាំ
២០២៣ មក បទ «Seven» បានបន្តទទួលជោគជ័យយ៉ាងខ្លាំងនៅលើទីផ្សារតន្ត្រីពិភពលោក។
បទនេះក៏បានក្លាយជាបទចម្រៀងដំបូង និងមានល្បឿនលឿនបំផុតរបស់សិល្បករអាស៊ី
ដែលមានការស្តាប់លើ Spotify លើសពី ៣,០៣
ពាន់លានដង។ ចំណែកវីដេអូចម្រៀងផ្លូវការនៅលើ YouTube ក៏ទទួលបានអ្នកទស្សនាលើសពី
៦៣០ លានដងផងដែរ។
Jungkook ក៏បានបង្កើតកំណត់ត្រាថ្មីជាបន្តបន្ទាប់នៅលើ
YouTube Music ដោយក្លាយជាសិល្បករទោល K-pop ដំបូងគេ ដែលមានបទចម្រៀងចំនួន ៥ បទ ទទួលបានការចាក់ស្តាប់លើសពី ៤០០
លានដងក្នុងមួយបទ រួមមាន «Seven», «3D», «Standing Next to You», «Dreamers»
និង «Left and Right»។
សរុបមក បទចម្រៀងរបស់ Jungkook ចំនួន ៨ បទនៅលើ YouTube
Music សុទ្ធតែទទួលបានការចាក់ស្តាប់លើសពី ១០០ លានដង ដែលរួមមាន «Still
With You», «Stay Alive» និង «Hate You» បន្ថែមពីលើបទទាំង
៥ ខាងលើ។
បន្ថែមពីនេះ ឆានែល YouTube Topic របស់ Jungkook មានអ្នកជាវរហូតដល់ ៤,២៩ លាននាក់
ដែលជាចំនួនខ្ពស់បំផុតក្នុងចំណោមសិល្បករទោល K-pop ទាំងអស់។
ជាមួយវីដេអូចំនួន ៤៦ ដែលបានបង្ហោះ ឆានែលនេះក៏ទទួលបានការទស្សនាសរុបលើសពី ១,៥ ពាន់លានដងផងដែរ។
នៅឆ្នាំ ២០២៥ Jungkook ត្រូវបានចាត់ថ្នាក់ជាតារា K-pop
បុរសដែលត្រូវបានស្វែងរកច្រើនជាងគេនៅលើ YouTube ទូទាំងពិភពលោក ដោយរក្សាតំណែងនេះជាប់គ្នារយៈពេល ៥ ឆ្នាំ។
សមិទ្ធផលដ៏អស្ចារ្យទាំងនេះនៅលើវេទិកាស្ទ្រីម
និងវីដេអូផ្សេងៗ បានបន្តបញ្ជាក់ពីឥទ្ធិពល និងសក្តានុពលរបស់ Jungkook ក្នុងនាមជាសិល្បករទោល K-pop
ឈានមុខគេមួយរូបនៅលើឆាកតន្ត្រីពិភពលោក។