តារាសម្តែងកូរ៉េ កញ្ញា គីម ជីវ៉ុន (Kim Ji Won) បរិច្ចាគប្រាក់ ១០០ លានវ៉ុន ជួយកុមារដែលមានជំងឺកម្រ និងធ្ងន់ធ្ងរ
តារាសម្តែងកូរ៉េខាងត្បូង
Kim
Ji Won (គីម ជីវ៉ុន)
បានបរិច្ចាគប្រាក់ចំនួន ១០០ លានវ៉ុនកូរ៉េ ដែលមានតម្លៃប្រមាណ ៧១,០០០ ដុល្លារអាមេរិក ដើម្បីជួយដល់ការចំណាយព្យាបាលរបស់កុមារដែលកំពុងប្រឈមនឹងជំងឺធ្ងន់ធ្ងរ
ជំងឺកម្រ និងជំងឺដែលពិបាកព្យាបាល។
មន្ទីរពេទ្យកុមារ Seoul
National University Children’s Hospital បានប្រកាសកាលពីថ្ងៃទី១០ ខែសីហា ថា Kim Ji Won បានបរិច្ចាគថវិកាចំនួន ១០០ លានវ៉ុន ដើម្បីគាំទ្រដល់ការចំណាយផ្នែកវេជ្ជសាស្ត្ររបស់អ្នកជំងឺដែលមានជីវភាពខ្វះខាត
ព្រមទាំងជួយកែលម្អបរិយាកាសនៅក្នុងបន្ទប់ព្យាបាលរបស់មន្ទីរពេទ្យ។
Kim Ji Won បានបង្ហើបថា
ការចូលរួមថតរឿងភាគថ្មី “Doctor X: Age of the White Mafia” បានធ្វើឱ្យនាងបានស្គាល់កាន់តែច្បាស់ពីការលះបង់របស់បុគ្គលិកសុខាភិបាល
និងការតស៊ូរបស់កុមារដែលកំពុងប្រឈមនឹងជំងឺ។
បទពិសោធន៍នេះបានជំរុញឱ្យនាងសម្រេចចិត្តចូលរួមចែករំលែក និងផ្តល់ជំនួយដល់ពួកគេ។
នាងបាននិយាយថា៖ «ខ្ញុំសម្រេចចិត្តធ្វើការបរិច្ចាគនេះ
បន្ទាប់ពីបានស្គាល់កាន់តែជិតស្និទ្ធពីរឿងរ៉ាវរបស់ក្រុមគ្រូពេទ្យដែលខិតខំប្រឹងប្រែងដោយមិននឿយហត់
និងកុមារដែលកំពុងទទួលរងការឈឺចាប់ ខណៈពេលដែលខ្ញុំកំពុងថតរឿង Doctor
X»។
ថវិកាដែលបានបរិច្ចាគ
នឹងត្រូវប្រើប្រាស់សម្រាប់ជួយទូទាត់ថ្លៃព្យាបាលដល់កុមារដែលមានជំងឺធ្ងន់ធ្ងរ
ជំងឺកម្រ និងជំងឺដែលមិនអាចព្យាបាលបាន
ព្រមទាំងជួយសម្រាលបន្ទុកហិរញ្ញវត្ថុរបស់ក្រុមគ្រួសាររបស់ពួកគេ។ លើសពីនេះ
ថវិកាមួយផ្នែកក៏នឹងត្រូវប្រើប្រាស់ដើម្បីបង្កើតបរិយាកាសព្យាបាលដែលមានសុវត្ថិភាព
និងផាសុកភាពជាងមុនសម្រាប់កុមារ។
Kim Ji Won ក៏បានបង្ហាញពីការដឹងគុណ
និងការគាំទ្រយ៉ាងស្មោះស្ម័គ្រចំពោះក្រុមគ្រូពេទ្យ និងបុគ្គលិកសុខាភិបាល
ដែលតែងតែខិតខំប្រឹងប្រែងដើម្បីជួយសង្គ្រោះអ្នកជំងឺ ព្រមទាំងកុមារ
និងក្រុមគ្រួសាររបស់ពួកគេដែលកំពុងឆ្លងកាត់ពេលវេលាដ៏លំបាក។
ជាមួយគ្នានេះ
មន្ទីរពេទ្យបានបញ្ជាក់ថា ថវិកាដ៏មានអត្ថន័យនេះ
នឹងត្រូវប្រើប្រាស់ដើម្បីជួយដល់គ្រួសារដែលកំពុងប្រឈមនឹងបន្ទុកថ្លៃព្យាបាល
និងធានាថា កុមារដែលធ្វើដំណើរមកទទួលការព្យាបាលពីគ្រប់តំបន់ទូទាំងប្រទេស
អាចផ្តោតលើការស្តារសុខភាពរបស់ពួកគេបានដោយមានភាពស្ងប់ចិត្តជាងមុន។
គួរបញ្ជាក់ថា Kim
Ji Won ទើបតែបញ្ចប់ការថតរឿងភាគថ្មីរបស់ទូរទស្សន៍
SBS
“Doctor X: Age of the White Mafia” ដែលជារឿងបែបវេជ្ជសាស្ត្រ
និងអាថ៌កំបាំង។ រឿងនេះនិយាយពីវេជ្ជបណ្ឌិតម្នាក់ដែលបង្ហាញសមត្ថភាពរបស់ខ្លួនតាមរយៈជំនាញ
និងទេពកោសល្យផ្នែកវេជ្ជសាស្ត្ររបស់នាង។
ក្នុងរឿងនេះ Kim
Ji Won សម្តែងជាតួ Gye
Soo Jung ជាគ្រូពេទ្យវះកាត់ដ៏មានទេពកោសល្យ
ដែលត្រូវបានគេស្គាល់ថាជា «ឆ្កែឆ្កួតក្នុងបន្ទប់វះកាត់»។ តួអង្គរបស់នាងនឹងប្រឈមមុខនឹងអំពើពុករលួយនៅក្នុងប្រព័ន្ធវេជ្ជសាស្ត្រ
និងអ្នកមានអំណាច ដោយប្រៀបធៀបការប្រឈមមុខនោះទៅនឹងការដាក់ពួកគេ «ឡើងលើតុវះកាត់»។
“Doctor X: Age of the White Mafia” គ្រោងនឹងចាក់បញ្ចាំងនៅខែតុលា ឆ្នាំ២០២៦។