តួឯកប្រុសកូរ៉េ លី ជុនហូ (Lee Junho) ទទួលពានរង្វាន់ពីរដ្ឋមន្ត្រីក្រសួងវប្បធម៌ កីឡា និងទេសចរណ៍កូរ៉េ
តារាចម្រៀង
និងតារាសម្តែងដ៏មានប្រជាប្រិយភាពរបស់កូរ៉េខាងត្បូង Lee Junho បានទទួលកិត្តិយសថ្មីមួយទៀត ដោយទទួលបាន
ពានរង្វាន់ពីរដ្ឋមន្ត្រីក្រសួងវប្បធម៌ កីឡា និងទេសចរណ៍កូរ៉េខាងត្បូង ក្នុងកម្មវិធី
2026 K-EXPO។
ពានរង្វាន់នេះ
ត្រូវបានផ្តល់ជូនដើម្បីទទួលស្គាល់ចំពោះការរួមចំណែករបស់លោក ក្នុងការផ្សព្វផ្សាយ
និងពង្រីកឥទ្ធិពលនៃវប្បធម៌កូរ៉េទៅកាន់ទស្សនិកជននៅជុំវិញពិភពលោក
តាមរយៈការងារសិល្បៈទាំងផ្នែកតន្ត្រី និងការសម្តែង។
កាលពីថ្ងៃទី២៨ ខែសីហា
ឆ្នាំ២០២៦ Lee Junho បានចូលរួមក្នុង
ពិធីពិព័រណ៍ K-EXPO ដែលរៀបចំឡើងនៅសណ្ឋាគារ Lotte
Hotel Seoul ប្រទេសកូរ៉េខាងត្បូង។ ក្នុងឱកាសនោះ
លោកបានឡើងទទួលពានរង្វាន់ដ៏មានកិត្តិយសពីរដ្ឋមន្ត្រីក្រសួងវប្បធម៌ កីឡា និងទេសចរណ៍។
ការទទួលបានពានរង្វាន់នេះ
ក៏កើតឡើងបន្ទាប់ពីសកម្មភាពសិល្បៈជាបន្តបន្ទាប់របស់ Lee Junho ទាំងក្នុងវិស័យសម្តែង និងតន្ត្រី។
ក្នុងវិស័យសម្តែង
លោកបានបង្ហាញសមត្ថភាពតាមរយៈរឿងភាគកូរ៉េជាច្រើន រួមទាំង “Typhoon Family” របស់ tvN និងរឿង “Cashero” របស់ Netflix ដែលបានធ្វើឱ្យឈ្មោះរបស់លោកកាន់តែមានភាពលេចធ្លោនៅក្នុងវិស័យកម្សាន្ត។
មិនត្រឹមតែប៉ុណ្ណោះ Lee Junho ក៏នៅតែបន្តសកម្មភាពតន្ត្រីជាមួយក្រុម
2PM ដែលជាក្រុមចម្រៀងបុរសដ៏ល្បីមួយរបស់កូរ៉េខាងត្បូង។
ថ្មីៗនេះ 2PM បានទាក់ទាញអ្នកគាំទ្រប្រមាណ ៨៥,០០០នាក់ ឱ្យចូលរួមទស្សនាការប្រគុំតន្ត្រីខួប១៥ឆ្នាំរបស់ក្រុម
ដែលមានឈ្មោះថា “THE RETURN” នៅ Tokyo Dome ប្រទេសជប៉ុន។
ការទទួលបានការគាំទ្រយ៉ាងខ្លាំងពីអ្នកគាំទ្រអន្តរជាតិ
បានបង្ហាញពីឥទ្ធិពលដ៏ទូលំទូលាយរបស់ Lee
Junho និង 2PM ក្នុងការនាំយកតន្ត្រី
និងវប្បធម៌កូរ៉េទៅកាន់អ្នកគាំទ្រនៅក្រៅប្រទេស។
ក្រោយទទួលពានរង្វាន់ Lee Junho បានបង្ហាញពីក្តីរីករាយ
និងអំណរគុណចំពោះកិត្តិយសដែលទទួលបាន ដោយលោកបាននិយាយថា
លោកពិតជាសូមអរគុណយ៉ាងស្មោះស្ម័គ្រចំពោះការផ្តល់ពានរង្វាន់ដ៏មានអត្ថន័យនេះ។
លោកបានបញ្ជាក់ថា
ដំបូងឡើយ លោកគ្រាន់តែធ្វើតន្ត្រី និងការសម្តែងដែលលោកស្រឡាញ់ និងចង់ធ្វើប៉ុណ្ណោះ។
ប៉ុន្តែលោកមានសំណាងដែលការងាររបស់លោកបានស្របទៅនឹងសម័យកាល
និងបានផ្តល់ឱកាសឱ្យលោកអាចណែនាំ និងផ្សព្វផ្សាយវប្បធម៌កូរ៉េទៅកាន់ពិភពលោក។
Lee Junho ក៏បានបន្ថែមថា
លោកនឹងបន្តខិតខំធ្វើការងារ ដើម្បីក្លាយជាមនុស្សម្នាក់ដែលអាចចែករំលែកអំណាច
និងភាពទាក់ទាញរបស់ K-Content ទៅកាន់មនុស្សកាន់តែច្រើន
តាមរយៈគម្រោងល្អៗ និងស្នាដៃតន្ត្រីដែលមានគុណភាព។
សម្រាប់គម្រោងបន្ទាប់
អ្នកគាំទ្ររបស់ Lee Junho នឹងមានឱកាសបានឃើញលោកក្នុងរដូវកាលទី២ នៃកម្មវិធីរបស់ Netflix “ដែលលោកនឹងបង្ហាញខ្លួនក្នុងតួនាទីជាបុគ្គលិកថ្មីដ៏ស្វាហាប់។
រដូវកាលថ្មីនេះ គ្រោងនឹងចាប់ផ្តើមចាក់ផ្សាយនៅថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៦។
ជាមួយគ្នានេះ Lee Junho ក៏បានបញ្ជាក់ពីការចូលរួមសម្តែងក្នុងរឿងភាគថ្មីពីរផ្សេងទៀត
គឺ “Viking” និង “Embassy for Foreign Monsters in
Korea” ដែលជាចំណងជើងបណ្តោះអាសន្ន។
ជាមួយនឹងការងារថ្មីៗជាបន្តបន្ទាប់
ទាំងក្នុងវិស័យតន្ត្រី ការសម្តែង និងកម្មវិធីកម្សាន្ត Lee Junho កំពុងបន្តពង្រឹងជំហររបស់ខ្លួនក្នុងនាមជាសិល្បករដែលមានឥទ្ធិពលលើឆាកអន្តរជាតិ។
ការទទួលបានពានរង្វាន់ Minister of Culture, Sports and Tourism Award នៅក្នុងកម្មវិធី 2026 K-EXPO ក៏ជាសក្ខីភាពមួយបន្ថែមទៀត
ដែលបង្ហាញពីការរួមចំណែករបស់លោកក្នុងការនាំយក K-Content និងវប្បធម៌កូរ៉េ
ទៅកាន់ទស្សនិកជនជុំវិញពិភពលោក។
ហើយសម្រាប់អ្នកគាំទ្រ Lee Junho ក៏ដូចជាអ្នកគាំទ្រ K-Drama
និង K-Pop ការទន្ទឹងរង់ចាំស្នាដៃថ្មីៗរបស់លោកកំពុងតែបន្តកើនឡើង
ខណៈដែលលោកកំពុងមានគម្រោងសិល្បៈជាច្រើនទៀតនៅខាងមុខ។