កញ្ញា ផន ស្រីពី នឹងត្រូវផ្ទេរម្កុដទៅកាន់អ្នកតំណាងថ្មី ក្នុងការប្រកួតសម្រស់កញ្ញាឯក Miss Cosmo Cambodia ដែលនឹងប្រព្រឹត្តទៅថ្ងៃទី ៨ ខែសីហា ខាងមុខនេះ

Entertainment • August 06, 2026
កញ្ញា ផន ស្រីពី នឹងត្រូវផ្ទេរម្កុដទៅកាន់អ្នកតំណាងថ្មី ក្នុងការប្រកួតសម្រស់កញ្ញាឯក Miss Cosmo Cambodia ដែលនឹងប្រព្រឹត្តទៅថ្ងៃទី ៨ ខែសីហា ខាងមុខនេះ

 

បន្ទាប់ពីបំពេញបេសកកម្មក្នុងនាមជាបវរកញ្ញា Miss Cosmo Cambodia 2025 ប្រកបដោយភាពជោគជ័យ និងបានបន្សល់ទុកនូវស្នាដៃជាច្រើនសម្រាប់វិស័យបវរកញ្ញាកម្ពុជា កញ្ញា ផន ស្រីពី នឹងបញ្ចប់រាជកាលរបស់ខ្លួនជាផ្លូវការ ដោយត្រៀមផ្ទេរម្កុដដ៏មានកិត្តិយសទៅកាន់ម្ចាស់មកុដថ្មី ក្នុងរាត្រីប្រកួតផ្តាច់ព្រ័ត្រ Miss Cosmo Cambodia ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី ៨ ខែសីហា ខាងមុខនេះ។

រយៈពេលមួយឆ្នាំកន្លងមកនេះ កញ្ញា ផន ស្រីពី បានបំពេញតួនាទីជាបវរកញ្ញាជាតិយ៉ាងសកម្ម តាមរយៈការចូលរួមក្នុងសកម្មភាពសង្គម កម្មវិធីសប្បុរសធម៌ ការផ្សព្វផ្សាយវប្បធម៌ជាតិ ក៏ដូចជាការលើកកម្ពស់សក្តានុពលយុវជន និងស្ត្រីកម្ពុជា។ ជាមួយនឹងភាពជឿជាក់ ភាពជាអ្នកដឹកនាំ និងបេសកកម្មដ៏មានអត្ថន័យ នាងបានក្លាយជាកម្លាំងចិត្តដល់យុវជនជាច្រើនឱ្យហ៊ានស្រមៃ និងហ៊ានដើរតាមក្តីសុបិនរបស់ខ្លួន។

ម្កុដដែលនាងបានគ្រង មិនត្រឹមតែជានិមិត្តរូបនៃភាពស្រស់ស្អាតប៉ុណ្ណោះទេ ប៉ុន្តែក៏ជានិមិត្តរូបនៃការទទួលខុសត្រូវ ការបម្រើសង្គម និងការតំណាងឱ្យកិត្យានុភាពរបស់កម្ពុជានៅលើឆាកជាតិ និងអន្តរជាតិផងដែរ។ ដំណើររបស់នាងបានបង្ហាញថា បវរកញ្ញាសម័យថ្មី គឺជាស្ត្រីដែលមានទាំងសមត្ថភាព ចក្ខុវិស័យ និងបេះដូងសម្រាប់សហគមន៍។

 

ទន្ទឹមនឹងការបញ្ចប់រាជកាលរបស់កញ្ញា ផន ស្រីពី កម្មវិធី Miss Cosmo Cambodia ក៏នឹងឈានចូលជំពូកថ្មី ដើម្បីស្វែងរកបេក្ខនារីដែលមានគុណសម្បត្តិគ្រប់គ្រាន់ ក្នុងការបន្តបេសកកម្ម និងក្លាយជាតំណាងថ្មីរបស់កម្ពុជា។ បេក្ខនារីទាំងអស់បានឆ្លងកាត់ការប្រកួតប្រជែងជាច្រើនវិញ្ញាសា ដើម្បីបង្ហាញពីសមត្ថភាព បុគ្គលិកលក្ខណៈ ភាពជាអ្នកដឹកនាំ និងការប្តេជ្ញាចិត្តក្នុងការបង្កើតផលវិជ្ជមានសម្រាប់សង្គម។

រាត្រីផ្តាច់ព្រ័ត្រនៅថ្ងៃទី ៨ ខែសីហា នឹងក្លាយជាពេលវេលាដ៏មានអត្ថន័យ និងរំភើបបំផុត ដែលទស្សនិកជននឹងបានធ្វើជាសាក្សីនៃការផ្ទេរម្កុដពីម្ចាស់មកុដចាស់ទៅកាន់ម្ចាស់មកុដថ្មី ដែលនឹងបន្តដឹកនាំ និងលើកស្ទួយឈ្មោះកម្ពុជាលើឆាកអន្តរជាតិ។

សូមចូលរួមអបអរសាទរ និងថ្លែងអំណរគុណចំពោះកញ្ញា ផន ស្រីពី សម្រាប់ការលះបង់ ការខិតខំប្រឹងប្រែង និងការបំពេញតួនាទីយ៉ាងល្អឥតខ្ចោះក្នុងរយៈពេលមួយឆ្នាំកន្លងមក។ ជាមួយគ្នានេះ សូមរង់ចាំអបអរសាទរម្ចាស់មកុដ Miss Cosmo Cambodia រូបថ្មី ដែលនឹងបន្តសរសេរប្រវត្តិសាស្ត្រថ្មី និងនាំយកមោទនភាពជូនប្រទេសកម្ពុជានៅលើឆាកពិភពលោក។






x Enlarged Image