«ដើម្បីសាងមោទនភាពជាថ្មី! កញ្ញា អ៊ិន លក្ខណា ចេញដំណើរទៅប្រទេសវៀតណាម តំណាងកម្ពុជាលើឆាក Miss World លើកទី ៧៥»

Entertainment • August 07, 2026
«ដើម្បីសាងមោទនភាពជាថ្មី! កញ្ញា អ៊ិន លក្ខណា ចេញដំណើរទៅប្រទេសវៀតណាម តំណាងកម្ពុជាលើឆាក Miss World លើកទី ៧៥»


ក្នុងបេសកកម្មដ៏មានមោទនភាពសម្រាប់ជាតិ កញ្ញា អ៊ិន លក្ខណា បវរកញ្ញា Miss World Cambodia 2026 បានធ្វើដំណើរចេញពីព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី ៩ ខែសីហា ឆ្នាំ២០២៦ ឆ្ពោះទៅកាន់សាធារណរដ្ឋសង្គមនិយមវៀតណាម ដើម្បីបំពេញបេសកកម្មតំណាងឱ្យកម្ពុជាចូលរួមប្រកួតក្នុងកម្មវិធី បវរកញ្ញាពិភពលោកលើកទី ៧៥ (75th Anniversary Edition of Miss World) ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី ៩ ខែសីហា ដល់ថ្ងៃទី ៥ ខែកញ្ញា ឆ្នាំ២០២៦។

ការចេញដំណើរលើកនេះ មិនមែនគ្រាន់តែជាការចូលរួមប្រកួតសម្រស់ប៉ុណ្ណោះទេ ប៉ុន្តែជាបេសកកម្មដ៏មានតម្លៃ ក្នុងការនាំយកអត្តសញ្ញាណ វប្បធម៌ ប្រពៃណី និងស្មារតីរបស់ប្រជាជនកម្ពុជា ទៅបង្ហាញនៅលើឆាកអន្តរជាតិ។ វាក៏ជាឱកាសដ៏សំខាន់សម្រាប់កម្ពុជា ក្នុងការបង្ហាញពីសក្តានុពលរបស់ស្ត្រីខ្មែរ ដែលមានទាំងភាពឆ្លាតវៃ សមត្ថភាព ភាពជាអ្នកដឹកនាំ និងបេះដូងពោរពេញដោយការចែករំលែក។

អ៊ិន លក្ខណា បានត្រៀមខ្លួនយ៉ាងយកចិត្តទុកដាក់ សម្រាប់ការប្រកួតលើគ្រប់វិស័យ មិនថាជាការបង្ហាញវប្បធម៌ ការទំនាក់ទំនងអន្តរជាតិ ការប្រកួតសមត្ថភាព និងជាពិសេស គម្រោង Beauty With A Purpose ដែលនាងបានអភិវឌ្ឍក្រោមប្រធានបទ «Empowering Communities Through Education and Opportunity» ដោយផ្តោតលើការលើកកម្ពស់ឱកាសអប់រំសម្រាប់កុមារ និងយុវជនដែលខ្វះខាត ការផ្តល់ធនធានសិក្សា និងការបង្កើតឱកាសអភិវឌ្ឍសហគមន៍តាមរយៈកិច្ចសហការជាមួយអង្គការ និងដៃគូក្នុងស្រុក។

បេសកកម្មរបស់នាង គឺជាសារដ៏មានអត្ថន័យថា ភាពស្រស់ស្អាតពិតប្រាកដ មិនត្រឹមតែឆ្លុះបញ្ចាំងតាមរូបរាងប៉ុណ្ណោះទេ ប៉ុន្តែត្រូវភ្ជាប់ជាមួយការបម្រើសង្គម ការបង្កើតឥទ្ធិពលវិជ្ជមាន និងការផ្តល់ឱកាសដល់អ្នកដទៃ។

នៅអាកាសយានដ្ឋាន គ្រួសារ អ្នកគាំទ្រ ក្រុមការងារ និងដៃគូជាច្រើន បានអញ្ជើញមកជូនដំណើរ និងផ្តល់កម្លាំងចិត្តដល់ អ៊ិន លក្ខណា ដោយសង្ឃឹមថា នាងនឹងអាចបង្ហាញសមត្ថភាពបានយ៉ាងល្អបំផុត និងនាំមកនូវមោទនភាពថ្មីជូនប្រទេសកម្ពុជា។

ការចូលរួមក្នុងកម្មវិធី Miss World ឆ្នាំនេះ នឹងមានបវរកញ្ញាជាង ១២០ ប្រទេស និងដែនដី ចូលរួមប្រកួតប្រជែង និងចូលរួមសកម្មភាពជាច្រើន រួមមានការផ្សព្វផ្សាយវប្បធម៌ ការងារសប្បុរសធម៌ ការប្រកួតសមត្ថភាព និងកម្មវិធីផ្លូវការជាច្រើន មុនឈានដល់រាត្រីប្រកួតផ្តាច់ព្រ័ត្រ។

សូមបងប្អូនប្រជាពលរដ្ឋខ្មែរទាំងអស់ ទាំងនៅក្នុងប្រទេស និងក្រៅប្រទេស បន្តគាំទ្រ និងផ្ញើកម្លាំងចិត្តទៅកាន់ កញ្ញា អ៊ិន លក្ខណា ក្នុងដំណើរបេសកកម្មដ៏សំខាន់មួយនេះ។

សូមជូនពរឱ្យនាងទទួលបានជោគជ័យ បង្ហាញអត្តសញ្ញាណខ្មែរឱ្យពិភពលោកបានស្គាល់កាន់តែច្បាស់ និងអាចសាងប្រវត្តិសាស្ត្រថ្មី នាំមកនូវមោទនភាពជូនព្រះរាជាណាចក្រកម្ពុជា។






x Enlarged Image