អាជ្ញាធរខេត្តស្វាយរៀង ចុះបង្ក្រាបទីតាំងសង្ស័យមានការស្នាក់នៅ និង ធ្វើការខុសច្បាប់ ព្រមទាំងបទល្មើស Online Scam ចំនួន ២កន្លែង នៅក្រុងបាវិត
ស្វាយរៀង៖ទីតាំងសង្ស័យមានការស្នាក់នៅ
និងធ្វើការខុសច្បាប់ ព្រមទាំងបទល្មើស Online Scam ចំនួន ២កន្លែង
នៅក្រុងបាវិត។
ក្រោមការដឹកនាំផ្ទាល់ពីលោក
ម៉ែន អេង អភិបាលរងខេត្ត តំណាងឯកឧត្តម ប៉េង ពោធិ៍សា អភិបាលខេត្តស្វាយរៀង
កម្លាំងចម្រុះ បានចុះប្រតិបត្តិការធ្វើរដ្ឋបាលចំហលើទីតាំង ចំនួន ២កន្លែង
ដែលសង្ស័យថាមានការលួចលាក់ស្នាក់នៅ ធ្វើការខុសច្បាប់
និងមានសកម្មភាពឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scam) នៅថ្ងៃអង្គារ ទី១៨
ខែសីហា ឆ្នាំ២០២៦ ស្ថិតនៅតាមបណ្តោយផ្លូវវត្តឡុក ក្នុងភូមិបាវិតកណ្ដាល សង្កាត់បាវិត
ក្រុងបាវិត ហើយ ក្នុងកិច្ចប្រតិបត្តិការនេះ ក៏មានការសម្របសម្រួលនីតិវិធីពីលោកស្រី ពៅ
ទេវី ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងខេត្តស្វាយរៀងផងដែរ។
សមាសភាពចូលរួមក្នុងប្រតិបត្តិការនេះ
រួមមាន៖ លោកអភិបាលក្រុងបាវិត, លោកស្នងការរងនគរបាលខេត្ត, លោកនាយការិយាល័យប្រឆាំងបទល្មើសបច្ចេកវិទ្យា, លោកអភិបាលរងក្រុង,
លោកអធិការរងក្រុង, លោកនាយករងរដ្ឋបាលក្រុង,
លោកនាយ សេនាធិការកងរាជអាវុធហត្ថក្រុង និងមេភូមិបាវិតកណ្ដាល។
ជាលទ្ធផលក្នុងការបង្ក្រាប
ក្រុមការងារចម្រុះ បានរកឃើញជនសង្ស័យសរុបចំនួន ១៩នាក់ (ស្រី ០៣នាក់)
ដែលទាំងអស់ជាជនជាតិវៀតណាម។ ជាមួយគ្នានោះ សមត្ថកិច្ចក៏បានដកហូតវត្ថុតាងមួយចំនួន
រួមមាន៖ កុំព្យូទ័រ All
in 1, ម៉ូនីទ័រ CPU, លិខិតឆ្លងដែន,
ទូរសព្ទដៃចម្រុះ, ទូរសព្ទដៃផ្ទាល់ខ្លួន និងសម្ភារផ្សេងៗទៀតជាច្រើន។
បច្ចុប្បន្ន
ចំពោះជនបរទេស និង វត្ថុតាងខាងលើ
ត្រូវបានកម្លាំងសមត្ថកិច្ចបញ្ជូននិងប្រគល់ជូនស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង
ដើម្បីបន្តនីតិវិធីច្បាប់ ។
ដោយឡែក ទីតាំងទាំង ២ខាងលើ ក្រុមការងារបានសម្រេចបិទសៀលចាបណ្ដោះអាសន្ន ៕