កញ្ញា អ៊ិន លក្ខណា បង្ហាញសមត្ថភាពដ៏លេចធ្លោលើវិថីម៉ូដតំណាងកម្ពុជាក្នុងកម្មវិធី Vietnam Beauty Fashion Fest

Entertainment • August 19, 2026
កញ្ញា អ៊ិន លក្ខណា បង្ហាញសមត្ថភាពដ៏លេចធ្លោលើវិថីម៉ូដតំណាងកម្ពុជាក្នុងកម្មវិធី Vietnam Beauty Fashion Fest

កញ្ញា អ៊ិន លក្ខិណា កញ្ញាឯកពិភពលោកកម្ពុជាឆ្នាំ 2026 បង្ហាញសមត្ថភាពលើវិថីម៉ូដ ក្នុងកម្មវិធី Vietnam Beauty Fashion Fest លើកទី១៦ នៅទីក្រុងហាយផុង ប្រទេសវៀតណាម។

វិស័យម៉ូដបានក្លាយជាចំណុចសំខាន់មួយនៅទីក្រុងហាយផុង ប្រទេសវៀតណាម កាលពីថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៦ ខណៈបេក្ខនារីតំណាងជាតិចំនួន ១១១ រូប នៃកម្មវិធី Miss World 2026 បានចូលរួមបង្ហាញម៉ូដក្នុងកម្មវិធី Vietnam Beauty Fashion Fest លើកទី១៦ ដែលរៀបចំឡើងនៅ Dragon Beach Square ក្នុងតំបន់ទេសចរណ៍អន្តរជាតិ នៃមហាសមុទ្រនាគផងដែរ។

ក្នុងចំណោមបេក្ខនារីតំណាងប្រទេស និងដែនដីជាច្រើនជុំវិញពិភពលោក កញ្ញា អ៊ិន លក្ខិណា ក៏បានបង្ហាញវត្តមានលើវិថីម៉ូដ ដោយចូលរួមបង្ហាញពីភាពជឿជាក់ បុគ្គលិកលក្ខណៈ និងសមត្ថភាពក្នុងការដើរម៉ូដរបស់នាង ក្នុងនាមជាតំណាងកម្ពុជា នៅលើឆាកអន្តរជាតិ។

កម្មវិធីឆ្នាំនេះត្រូវបានរៀបចំក្រោមប្រធានបទ “ពិភពលោកបៃតង -The Green World” ហើយក៏ជាផ្នែកមួយនៃការប្រកួត Miss World Top Model Challenge ដែលជាការប្រកួតដ៏សំខាន់មួយក្នុងកម្មវិធីព្រឹត្តិការណ៍គម្រប់ខួបលើកទី៧៥ របស់ស្ថាប័នប្រកួតនាឆ្នាំនេះ។

 

ក្នុងកម្មវិធីនេះ បេក្ខនារីតំណាងជាតិទាំង ១១១ រូប បានបង្ហាញម៉ូដក្នុងស្នាដៃរបស់អ្នករចនាម៉ូដវៀតណាមល្បីៗប្រចាំប្រទេសទៀតផង។ ការបង្ហាញម៉ូដនៅលើឆ្នេរ Dragon Beach Square បានបង្កើតនូវបរិយាកាសដ៏ពិសេស ដោយរួមបញ្ចូលគ្នារវាងភាពទំនើបនៃម៉ូដវៀតណាម និងស្តង់ដារនៃវិថីម៉ូដអន្តរជាតិ។

លើសពីការបង្ហាញស្នាដៃរបស់អ្នករចនាម៉ូដ កម្មវិធីនេះក៏ជាឱកាសសម្រាប់បេក្ខនារីទាំងអស់ បង្ហាញពីគុណសម្បត្តិសំខាន់ៗដែលត្រូវបានវាយតម្លៃក្នុងការប្រកួត Top Model ដូចជា ភាពជឿជាក់ បុគ្គលិកលក្ខណៈ ភាពទាក់ទាញ និងសមត្ថភាពក្នុងការបង្ហាញខ្លួនលើវិថីម៉ូដ។

សម្រាប់បវរកញ្ញាពិភពលោកកម្ពុជា អ៊ិន លក្ខិណា ការចូលរួមក្នុងកម្មវិធី Vietnam Beauty Fashion Fest លើកទី១៦ មិនត្រឹមតែជាការបង្ហាញសមត្ថភាពលើវិថីម៉ូដប៉ុណ្ណោះទេ ប៉ុន្តែជាឱកាសដ៏មានតម្លៃក្នុងការបង្ហាញពីភាពស្រស់ស្អាត ទំនុកចិត្ត និងស្មារតីរបស់នារីកម្ពុជាទៅកាន់ពិភពលោក។

លទ្ធផលនៃការប្រកួត Miss World 2026 Top Model Challenge នឹងក្លាយជាផ្នែកដ៏សំខាន់មួយ ខណៈការប្រកួតកំពុងឈានទៅកាន់វគ្គផ្តាច់ព្រ័ត្រ ដែលគ្រោងនឹងរៀបចំឡើងនៅទីក្រុង ញ៉ាត្រាង ប្រទេសវៀតណាម នៅថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២៦។

កម្ពុជាសូមបន្តផ្ញើកម្លាំងចិត្ត និងការគាំទ្រដល់កញ្ញា អ៊ិន លក្ខិណា ក្នុងដំណើររបស់នាង ដើម្បីលើកតម្កើងសម្រស់ សមត្ថភាព និងមោទនភាពជាតិខ្មែរ នៅលើឆាក Miss World 2026។





 

x Enlarged Image