ឃាត់ខ្លួនជនជាតិម៉ាឡេស៊ីនៅអាកាសយានដ្ឋានអន្តរជាតិតេជោ ដកហូត សារធាតុញៀន ប្រភេទហេរ៉ូអ៊ីន ចំនួន ៨១ កញ្ចប់តូច

National • September 03, 2026
ឃាត់ខ្លួនជនជាតិម៉ាឡេស៊ីនៅអាកាសយានដ្ឋានអន្តរជាតិតេជោ ដកហូត សារធាតុញៀន ប្រភេទហេរ៉ូអ៊ីន ចំនួន ៨១ កញ្ចប់តូច


ភ្នំពេញ៖ជនជាតិម៉ាឡេស៊ីម្នាក់ ត្រូវបានកម្លាំងគយនិងរដ្ឋាករឃាត់ខ្លួន ព្រមទាំងដកហូត សារធាតុសង្ស័យជាសារធាតុញៀនប្រភេទហេរ៉ូអ៊ីន ចំនួន ៨១ កញ្ចប់តូច មានទម្ងន់ សុទ្ធសរុប ៥៧០ ក្រាម ដែលត្រូវបានលាក់ទុកក្នុងសម្ភារៈហើយនាំចេញទៅកោះតៃវ៉ាន់។

  តាមអគ្គនាយកដ្ឋានគយនិងរដ្ឋាករ បានឲ្យដឹងថានាថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២៦ នៅ ស្ថានីយអ្នកដំណើរចេញនៃអាកាសយានដ្ឋានអន្តរជាតិតេជោ មន្ត្រីគយនិងរដ្ឋាករ បាន ធ្វើការត្រួតពិនិត្យអ្នកដំណើរភេទប្រុស សញ្ជាតិម៉ាឡេស៊ី ១នាក់ ដែលធ្វើដំណើរចាកចេញ ពីកម្ពុជាទៅកោះតៃវ៉ាន់។ ជាលទ្ធផលនៃការត្រួតពិនិត្យ មន្ត្រីគយនិងរដ្ឋាករ បានរកឃើញកញ្ចប់សារធាតុសង្ស័យជាសារធាតុញៀនប្រភេទហេរ៉ូអ៊ីន ចំនួន៨១កញ្ចប់តូច មានទម្ងន់សុទ្ធសរុប ៥៧០ ក្រាម ដែលត្រូវបានលាក់ទុកក្នុងសម្ភារៈរបស់អ្នកដំណើរខាងលើ។

បន្ទាប់ពីបានបំពេញនីតិវិធីបឋម និង រៀបចំកំណត់ហេតុល្មើសច្បាប់គយ មន្ត្រីគយ និង  រដ្ឋាករ បានប្រគល់ជនសង្ស័យ រួមទាំងវត្ថុតាងនិងសម្ភារៈពាក់ព័ន្ធជូនអង្គភាពនគរបាល ជំនាញប្រឆាំងគ្រឿងញៀនមានសមត្ថកិច្ច ដើម្បីគ្រប់គ្រង ថែរក្សា និងចាត់ការបន្តតាម នីតិវិធីច្បាប់ជាធរមាន៕ ម៉េង ធា






x Enlarged Image