ប្រធានសហព័ន្ធកីឡាសូហ្វតិន្នីសកម្ពុជាជួបជាមួយ ក្រុមកីឡាសូហ្វត្និន្នីសជម្រើសជាតិកម្ពុជាមុនចេញទៅចូលរួមការប្រកួតក្នុងព្រឹត្តិការណ៍កីឡាទ្វីបអាស៊ី លើកទី២០

នាសៀលថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម សរ សិទ្ធិ រដ្ឋលេខាធិការទទួលការងារអគ្គលេខាធិការដ្ឋាន
នៃក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃ និងជាប្រធានសហព័ន្ធកីឡាសូហ្វតិន្នីសកម្ពុជា
បានអនុញ្ញាតិឱ្យប្រតិភូ គ្រូបង្វឹក-គ្រូជំនួយ
និងកីឡាករ-កីឡាការិនីសូហ្វត្និន្នីសជម្រើសជាតិកម្ពុជា ចូលជួបសំណេះសំណាល
សម្តែងការគួរសម មុនចេញទៅចូលរួមការប្រកួតក្នុងព្រឹត្តិការណ៍កីឡាទ្វីបអាស៊ី លើកទី២០
ឆ្នាំ២០២៦ (The 20th Asian Games 2026) ដែលនឹងប្រព្រឹត្តទៅពីចាប់ថ្ងៃទី១៩
ខែកញ្ញា ដល់ថ្ងៃទី៤ ខែតុលា ឆ្នាំ២០២៦ នាទីក្រុង Nagoya ប្រទេសជប៉ុន។
នាឱកាសដ៏វិសេសវិសាលនោះ ឯកឧត្តមប្រធានសហព័ន្ធបានសម្តែងការស្វាគមន៍យ៉ាងកក់ក្តៅ
និងបានឧបត្ថម្ភសម្ភារៈកីឡា និងថវិកាផ្ទាល់ខ្លួនមួយចំនួនដល់ ប្រតិភូ
គ្រូបង្វឹក-គ្រូជំនួយ និងកីឡករ-កីឡាការិនីសូហ្វត្និន្នីសជម្រើសជាតិកម្ពុជាផងដែរ។
ឯកឧត្តមរដ្ឋលេខាធិការក្រសួងមហាផ្ទៃ
បានក្រើនរម្លឹកដល់អត្តពលិកសូហ្វតិន្នីសកម្ពុជាទាំងអស់ ត្រូវថែទាំអនាម័យ
និងសុខភាពឱ្យបានល្អ ទាំងមុន និងក្រោយការប្រកួតមកដល់។ ជាពិសេស គ្រូបង្វឹក
និងកីឡាករ-កីឡាការិនីសូហ្វតិន្នីសកម្ពុជាទាំងអស់ ត្រូវចេះរួបរួមសាមគ្គី
រក្សាឱ្យបាននូវក្រមសីលធម៍ វិជ្ជាជីវៈ និងវិន័យឱ្យបានខ្ជាប់ខ្ជួន
ក្នុងនាមអត្តពលិកតំណាងជាតិកម្ពុជា។
ជាទីបញ្ចប់ ឯកឧត្តម សរ សិទ្ធិ រដ្ឋលេខាធិការទទួលការងារអគ្គលេខាធិការដ្ឋាន
នៃក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃ និងជាប្រធានសហព័ន្ធកីឡាសូហ្វតិន្នីសកម្ពុជា
បានជូនពរដល់ប្រតិភូ គ្រូបង្វឹក-គ្រូជំនួយ
និងកីឡាករ-កីឡាការិនីសូហ្វត្និន្នីសជម្រើសជាតិកម្ពុជា ទទួលបានជោគជ័យ ជាពិសេសនាំយកនូវមេដាយជូនជាតិមាតុភូមិ
ក្នុងព្រឹត្តិការណ៍ប្រកួតកីឡាទ្វីបអាស៊ីនៅជប៉ុន ដែលនឹងមកដល់នាពេលខាងមុខនេះ។
សូមជម្រាបជូនថា ព្រឹត្តិការណ៍ប្រកួតកីឡាទ្វីបអាស៊ី (Asian
Games) លើកទី២០ ឆ្នាំ២០២៦ នៅជប៉ុន កម្ពុជា
បានសម្រេចបញ្ជូនកីឡាចំនួន១៤ប្រភេទ រួមមាន៖ ហែលទឹក អត្តពលកម្ម ប្រដាល់សកល ជឺជីតស៊ូ
យូដូ ការ៉ាតេ តេក្វាន់ដូWT ទ្រីយ៉ាត្លុង ចំបាប់
អេឡិចត្រូនិក បាល់ទាត់លើតុ គុនចម្រុះ ទូកក្តោង និងសូហ្វតិន្នីស ដើម្បីចូលរួម។
ក្នុងនោះសហព័ន្ធកីឡាសូហ្វតិន្នីសកម្ពុជា បានចាត់បញ្ជូន ប្រតិភូ
គ្រូបង្វឹក-គ្រូជំនួយ និងកីឡាករ-កីឡាការិនី សរុបចំនួន១៣រូប
ឱ្យទៅចូលរួមប្រកួតប្រជែងផងដែរ



