នារីម្នាក់ជិះម៉ូតូមិនប្រយ័ត្នជ្រុលទៅបុកផ្ទប់ពីក្រោយរថយន្តកុងតឺន័រ ចតស្ងៀមលើចិញ្ចើមផ្លូវ បណ្ដាលឲ្យរងរបួសធ្ងន់
ភ្នំពេញ៖
នារីម្នាក់រងរបួសធ្ងន់ ត្រូវបានរថយន្តសាមុយដឹកយកទៅសង្គ្រោះបន្ទាន់ភ្លាមៗ
ក្រោយពេលជិះម៉ូតូលឿនមិនប្រយ័ត្នជ្រុលទៅបុកផ្ទប់ពីក្រោយរថយន្តកុងតឺន័រចតស្ងៀមលើចិញ្ចឹមផ្លូវ
យ៉ាងពេញទំហឹង។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះដែរ
បានកើតឡើងកាលពីវេលាម៉ោង១២:៣០នាទីរំលងអាធ្រាតឈានចូលថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៦
ស្ថិតនៅលើផ្លូវជាតិលេខ៣ សង្កាត់ពងទឹក ខណ្ឌដង្កោ រាជធានីភ្នំពេញ។
ប្រភពពីកន្លែងកើតហេតុ
បានអោយដឹងថាមុនពេលកើតហេតុ គេឃើញរថយន្តកុងតឺន័រ មួយគ្រឿងពាក់ស្លាកលេខ ភ្នំពេញ 4A-6838
បានឈប់ចតចោលនៅលើចិញ្ចើមផ្លូវជាតិ លេខ៣។ ក្រោយមក ស្រាប់តែគេឃើញនារីរងគ្រោះម្នាក់ជិះម៉ូតូមួយគ្រឿងម៉ាក
Honda scoopy ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 1FC-4214 ធ្វើដំណើរតាមបណ្តោយផ្លូវជាតិ លេខ៣ ទិសដៅពីជើងទៅត្បូងក្នុងល្បឿនលឿនមិនប្រយ័ត្នក៏ជ្រុលទៅបុកផ្ទប់ពីក្រោយ
រថយន្តកុងតឺន័រយ៉ាងពេញទំហឹង បណ្តាលឲ្យម៉ូតូខូចខាតផ្នែកខាងមុខធ្ងន់ធ្ងរ ។
ចំណែកនារីរងគ្រោះវិញ
បានរងរបួសធ្ងន់ ត្រូវបានដឹកយកទៅសង្រ្គោះបន្ទាន់ភ្លាមៗផងដែរ។ បន្ទាប់ពីកើតហេតុ សមត្ថកិច្ចមូលដ្ឋានសហការជាមួយមន្ត្រីជំនាញចរាចរណ៍ចុះមកវាស់វែងយករថយន្តនិងម៉ូតូទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជំនាញផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញរង់ចាំការដោះស្រាយនៅពេលក្រោយ៕
ដោយ៖សាមេត