ឯកឧត្តម សៅ សុខា អញ្ជើញសម្ពោធកីឡដ្ឋានស្វាយរៀង ខណៈម្ចាស់ផ្ទះព្រះខ័នរាជ ឈ្នះកងយោធពលខេមរភូមិន្ទ ៤ទល់និង ០ ក្រោមក្រសែភ្នែកអ្នកទស្សនាជិត ៧,៥០០នាក់

កីឡាដ្ឋានស្វាយរៀង ត្រូវបានបើកទ្វារស្វាគមន៍ការប្រកួតផ្លូវការឡើងវិញ
រវាងក្រុមម្ចាស់ផ្ទះព្រះខ័នរាជស្វាយរៀង និងក្រុមកងយោធពលខេមរភូមិន្ទ
ក្នុងជំនួបលីគកំពូលកម្ពុជា ឆ្នាំ២០២៦/២៧ សប្ដាហ៍ទី២ នៅល្ងាចថ្ងៃទី១២ ខែកញ្ញានេះ
បន្ទាប់ពីខកខានពេញ ១រដូវកាល ដើម្បីជួសជុល និងកែលម្អកាន់តែទំនើប និងស្ដង់ដារជាងមុន។
ចប់ការប្រកួត ម្ចាស់ផ្ទះព្រះខ័នរាជ បានយកឈ្នះកងយោធពលខេមរភូមិន្ទ ៤ទល់និង០។
តែមុនបើកទ្វារទទួលការប្រកួតដំបូងនេះ
ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា ប្រធានសហព័ន្ធកីឡាបាល់ទាត់កម្ពុជា
ក៏បានអញ្ជើញជាអធិបតីកាត់ខ្សែបូសម្ពោធកីឡដ្ឋានស្វាយរៀងជាផ្លូវការផងដែរ ដោយមានការចូលរួមពី
ឯកឧត្តម ឌី វិជ្ជា ប្រធានក្លិបព្រះខ័នរាជស្វាយរៀង ថ្នាក់ដឹកនាំ មន្រ្តី
ព្រមទាំងអ្នកគាំទ្រស្វាយរៀងចំនួន ៧,៤៩៥នាក់ ដែលបានចូលទស្សនា
និងស្វាគមន៍ការប្រកួតត្រឡប់មកកាន់ទឹកដីរបស់ខ្លួនវិញ។
គួរដឹងថា
កីឡដ្ឋានស្វាយរៀង ត្រូវបានបិទទ្វារទាំងស្រុង តាំងពីខែកក្កដា ឆ្នាំ២០២៥
ដើម្បីសាងសង់កែលម្អឲ្យមានស្ដង់ដារ និងធំជាងមុន រហូតដល់ខែកញ្ញានេះ
ទើបក្លិបព្រះខ័នរាជស្វាយរៀង បានរៀបចំពិធីក្រុងពាលីសម្ពោធដាក់ឲ្យប្រើប្រាស់ឡើងវិញ
កាលពីដើមសប្ដាហ៍កន្លងទៅ។ កំឡុងពេលកីឡដ្ឋានត្រូវបានសាងសង់កែលម្អ
ក្លិបបានប្រើប្រាស់ពហុកីឡដ្ឋានជាតិមរតកតេជោ ជាទឹកដីរបស់ខ្លួន
ទាំងការប្រកួតពានក្នុងស្រុក និងពានរង្វាន់អន្ដរជាតិនានា។
ការបើកដំណើរការឡើងវិញ នៃកីឡដ្ឋានស្វាយរៀង ពេលនេះ
បានទទួលការសាទរជាខ្លាំងពីអ្នកគាំទ្រ ពិសេសប្រជាពលរដ្ឋខេត្តស្វាយរៀងផ្ទាល់
ដោយពួកគេបានចាត់ទុកកីឡដ្ឋាននេះ គឺជានិមិត្តរូប និងជាសមិទ្ធផលប្រវត្តិសាស្ដ្រមួយ
ដែលមិនត្រឹមលើកមុខមាត់ខេត្ត តាមរយៈព្រឹត្តិការណ៍កីឡានោះទេ
តែថែមទាំងរួមចំណែកផ្សព្វផ្សាយ និងទាក់ទាញនូវទេសចរណ៍
ក៏ដូចជាការចូលរួមលើកកម្ពស់ជីវភាពប្រជាពលរដ្ឋ ដែលប្រកបមុខរបរផ្សេងៗទៀតផង។
សូមបញ្ជាក់ថា កីឡដ្ឋានមានមូលដ្ឋាននៅកណ្ដាលក្រុងស្វាយរៀងនេះ
បន្ទាប់ពីសាងសង់កែលម្អរួចរាល់ បានបង្ហាញនូវភាពទាក់ទាញជាខ្លាំង
ដូចជាការពង្រីកសមត្ថភាពផ្ទុកអ្នកទស្សនាពីជាង ៤ពាន់នាក់ទៅជាង ៧ពាន់នាក់, ការធ្វើទំនើបកម្មទីលាន ដោយមានបំពាក់នូវប្រព័ន្ធភ្លើង LED
ជុំវិញទីលាន និងតំបន់សំខាន់ៗជាច្រើនក្នុងកីឡដ្ឋាន
ស្របតាមស្ដង់ដារអន្ដរជាតិ រួមជាមួយបន្ទប់ទស្សនា VIP តូចធំ
និងហេដ្ឋារចនាសម្ព័ន្ធអមជាច្រើនទៀតផងដែរ៕



