រកឃើញម្តាយទារកដែលគេយកទៅចោលក្នុងធុងសំរាមទាំងភ្លៀង

National • September 14, 2026
រកឃើញម្តាយទារកដែលគេយកទៅចោលក្នុងធុងសំរាមទាំងភ្លៀង

 

ភ្នំពេញ៖ស្ត្រីជាម្តាយទារកដែលគេយកទៅបោះចោលនៅក្នុងធុងសំរាមទាំងភ្លៀង ត្រូវបានសមត្ថកិច្ចស្រាវជ្រាវរកឃើញហើយ និងកំពុងនាំខ្លួនទៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញដើម្បីសាកសួរ។ បន្ទាប់ពីសាកសួរ ស្ត្រីរូបនោះបានអះអាងថា ស្មានតែកូនស្លាប់ទើបយកកូនទៅបោះចោល។ ស្ត្រីជាម្ដាយចិត្តអប្រិយរូប នោះឈ្មោះ ម៉ោក ចាន់រី ភេទស្រី អាយុ១៩ឆ្នាំ ជនជាតិខ្មែរ ។

  លោឧត្តមសេនីយ៍ឯក ជួនណារិន្ទ អគ្គស្នងការរងនគរបាលជាតិនិងជាស្នងការនគរបាលរាជធានីភ្នំពេញ បានឲ្យដឹងថានៅវេលាម៉ោង១០.០០នាទីព្រឹក​ នាថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៦  លោកស្រីឧត្តមសេនីយ៍ត្រី ឆេង សារ៉ត ស្នងការរង បានដឹកនាំកំលាំងការិយាល័យប្រឆាំងការជួញដូរ និង មន្ត្រីនគរបាលប៉ុស្តិ៍ចតុមុខ​ បានស្រាវជ្រាវរកឃើញស្ត្រីជាម្ដាយទារកនោះហើយ​ (កំពុងនាំគាត់មកស្នងការដ្ឋាននគរបាលរាជធានី​ សាកសួរគាត់អំពីមូលហេតុ)។ លោកស្នងការ ក៏បានថ្លៃអំណរគុណដល់មន្ត្រីនគរបាលមូលដ្ឋាន បានយកចិត្តទុកដាក់ក្នុងការស្រាវជ្រាវលឿន ផងដែរ។

  តាមស្ត្រីជាម្ដាយ បានឲ្យសមត្ថកិច្ចដឹងថា មូលហេតុដែលខ្លួនយកកូនទៅបោះចោលដោយនឹកស្មានថាកូនស្លាប់បាត់បង់ជីវិត បន្ទាប់ពីសម្រាល។

ស្ត្រីជាម្តាយបានឲ្យដឹងថាកាលពីថ្ងៃទី១១​ ខែកញ្ញា​ ឆ្នាំ២០២៦​ខ្លួន បានចេញពីការដ្ឋានសំណង់ម្តុំផ្សារសីលឹប​ សង្កាត់ចតុមុខ​ ជាមួយបងស្រីបង្កើតឈ្មោះ​ ស្រីណុច​ ក៏បាននាំគ្នាទៅដើរលេងនៅកោះនរា។​ ពេលកំពុងដើរដល់ចំណុចកន្លែងស្ទួចត្រី​ កោះនរា​ មានអាការៈឈឺពោះ ដោយឃើញអាការៈមិនស្រួល​ ក៏ត្រឡប់មកកន្លែងស្នាក់នៅ​ ក្នុងការដ្ឋានសំណង់​វិញ​ ។ លុះក្រោយមក ក៍បានឈឺពោះឆ្លងទន្លេសម្រាលដោយខ្លួនឯង​ នៅក្នុងការដ្ឋានសំណង់នោះ ដោយពុំមានពេទ្យ នោះទេ មានតែបងស្រីឈ្មោះ​ ស្រីណុច​ ជាអ្នកនៅក្បែរ​ ។

តាមព័ត៌មានបានឲ្យដឹងទៀតថាបន្ទាប់ពីសម្រាលកូនរួច ទារកទន់ពុំមានសម្លេង​យំ,កំរើកអ្វីទាំងអស់​។ ស្ត្រីជាម្ដាយ និងបងស្រី គិតថាទារកខាងលើស្លាប់ហើយ​  ទើបយកមកបោះចោលក្នុងធុងសម្រាម​ មុខការដ្ឋានសំណង់​ រួចក៏ចូលទៅសម្រាកវិញធម្មតា​ ។

  គួរបញ្ជាក់ថាកាលពីយប់រំលងអាធ្រាត្រឈានចូលថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៦ អ្នករើសអេតចាយម្នាក់ បានប្រទះឃើញទារកនៅក្នុងធុងសំរាមនៅចំណុចផ្លូវ២៤២ ភូមិ៧ សង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ហើយ ត្រូវបានប្រជាពលរដ្ឋជាម្ចាស់ហាងផ្កា ស្នើសុំខាងមន្ទីរសង្គមកិច្ចរាជធានីភ្នំពេញ និង ចៅសង្កាត់ យកទៅមើលថែជា បណ្តោះអាសន្ន ។

 បន្ទាប់ពីភ្ញាក់ផ្អើលប្រទះឃើញទារកគេយកទៅបោះចោលនៅក្នុងធុងសំរាមបែបនេះ ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានបញ្ជាឱ្យជំនាញស្រាវជ្រាវ។ នៅព្រឹកថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៦ លោកស្រីឧត្តមសេនីយ៍ត្រី​ ឆេង​ សារ៉េត​ ស្នងការរងទទួលការងារយេនឌ័រ​  ,លោកអធិការរងទទួលការងារព្រហ្មទណ្ឌ​,​ លោកនាយប៉ុស្តិ៍នគរបាលរដ្ឋបាលចតុមុខ​ ក៏បានធ្វើការស្រាវជ្រាវហើយ ឈានទៅរកឃើញស្ត្រីជាម្ដាយនិងឪពុក រួចនាំខ្លួនទៅការិយាល័យប្រឆាំងការជួញដូរមនុស្ស​ និងការពារអនីតិជន​ នៃស្នងការដ្ឋាននគរបាលរាជធានី​ ដើម្បីចំណាត់ការបន្ត​ ៕ម៉េង ធា






x Enlarged Image