ក្នុងរយៈពេល១ឆ្នាំ នគរបាលរាជធានីភ្នំពេញបង្ក្រាបបទល្មើសអនឡាញបានចំនួន១៨៤ ករណី និងឃាត់ខ្លួនជនសង្ស័យ៣ពាន់នាក់

National • September 23, 2026
ក្នុងរយៈពេល១ឆ្នាំ នគរបាលរាជធានីភ្នំពេញបង្ក្រាបបទល្មើសអនឡាញបានចំនួន១៨៤ ករណី និងឃាត់ខ្លួនជនសង្ស័យ៣ពាន់នាក់

ភ្នំពេញ៖ នៅក្នុងប្រតិបត្តិការបង្ក្រាបករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams នៅរាជធានីភ្នំពេញនៅក្នុងរយៈពេលប្រមាណ១ឆ្នាំនេះ សមត្ថកិច្ចនគរបាលរាជធានីភ្នំពេញ បង្ក្រាបបានចំនួន១៨៤ករណី ដោយឃាត់ខ្លួនជនសង្ស័យ៣០០០នាក់ ព្រមទាំងរឹបអូសវត្ថុតាង កុំព្យូទ័រ និងទូរស័ព្ទប្រមាណ ជាង២ម៉ឺនគ្រឿង ព្រមទាំងសម្ភារៈ ផ្សេងៗទៀត។ នេះ បើតាមលោកឧត្តមសេនីយ៍ទោ ប៊ុន សុសិក្ខា ស្នងការរងនគរបាលរាជធានីភ្នំពេញទទួលផែនការងារសន្តិសុខ ដែលបានធ្វើបទបង្ហាញពីភស្តុតាង Online Scams ដល់អ្នកសារព័ត៌មានជាតិនិងអន្តរជាតិនៅរសៀលទី២២កញ្ញាឆ្នាំ២០២៦នេះ។

  លោកឧត្តមសេនីយ៍ទោ ប៊ុន សុសិក្ខា ស្នងការរងរាជធានីភ្នំពេញទទួលផែនការងារ សន្តិសុខ ដែលបានធ្វើបទបង្ហាញពីវត្ថុតាងប្រព្រឹត្តបទល្មើសOnline Scams ដែលបាន ដករហូតនិងរក្សាទុកនៅក្នុងឃ្លាំងរបស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឲ្យដឹងថានៅក្នុងរយៈពេល១ឆ្នាំ នគរបាលរាជធានីភ្នំពេញ បង្ក្រាបករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scamsបានចំនួន១៨៤ករណី, ដកហូតបានទូរស័ព្ទចំនួនប្រមាណ ២ម៉ឺនគ្រឿង, កុំព្យូទ័រចំនួនប្រមាណ៥០០គ្រឿងនិងសម្ភារៈផ្សេងៗទៀត រួមមានឧបករណ៍ផ្ដាច់ប្រព័ន្ធទូរស័ព្ទមួយចំនួនទៀត។ វត្ថុតាងទាំងនេះមួយចំនួន ត្រូវបានបញ្ជូនទៅកាន់តុលាការ និង មួយចំនួនទៀតរក្សាទុកដើម្បីស៊ើបអង្កេតបន្តទៀត។

លោកឧត្តមសេនីយ៍ទោ បានឲ្យដឹងទៀតថា នៅក្នុងប្រតិបត្តិការនេះ សមត្ថកិច្ចឃាត់ខ្លួន ជនល្មើសប្រមាណ៣០០០នាក់, បញ្ជូនទៅកាន់តុលាការជាង ២០០ នាក់និងបង្កកទ្រព្យ សម្បត្តិបានប្រមាណ ៨០ម៉ឺនដុល្លារសហរដ្ឋអាមេរិក។

ទាក់ទងឧបករណ៍ប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាOnline Scamsនេះ មានជាច្រើនទម្រង់និងមានឧបករណ៍សម្រាប់បំលែងAI បំលែងមុខធ្វើជានគរបាល,ឧបករណ៍ផ្ដាច់សេវាទូរស័ព្ទនៅពេលផ្ញើសារ SMS និងហែកតេឡេក្រាម។

ទាក់ទងការឆបោកនេះ ជនសង្ស័យប្រើទម្រង់ដដែលៗ ដូចជាការទាក់ទាញឲ្យចូលវិនិយោគ,លួងលោមឲ្យស្រឡាញ់ជាដើម។ សព្វថ្ងៃនេះឧក្រិដ្ធជនបានបំបែកពីធំ មកតូចៗ ធ្វើឱ្យយើងលំបាកក្នុងការស្រាវជ្រាវ។ ទោះបីជាយ៉ាងណា សមត្ថកិច្ចនឹងខិតខំបង្ក្រាប។

  លោកឧត្តមសេនីយ៍ទោ ប៊ុន សុសិក្ខា ស្នងការរងរាជធានីភ្នំពេញទទួលផែនការងារ សន្តិសុខ ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់នៅពេលដែលឃើញមានការសង្ស័យទៅលើទីតាំងណាមួយ សូមធ្វើការរាយការណ៍និងចូលរួមសហការ នៅពេលជួលផ្ទះ ត្រូវរាយការណ៍ប្រាប់សមត្ថកិច្ច៕ម៉េង ធា





 

x Enlarged Image