ឯកឧត្ដម សុខ ពុទ្ធិវុធ ជំរុញការអភិវឌ្ឍកីឡាបាញ់កាំភ្លើងកម្ពុជាឱ្យរីកមុខមាត់នៅកម្រិតអន្តរជាតិ

Sports • September 15, 2026
ឯកឧត្ដម សុខ ពុទ្ធិវុធ ជំរុញការអភិវឌ្ឍកីឡាបាញ់កាំភ្លើងកម្ពុជាឱ្យរីកមុខមាត់នៅកម្រិតអន្តរជាតិ
ឯកឧត្ដម សុខ ពុទ្ធិវុធ ទទួលបានទំនុកចិត្តបន្តតួនាទីជាប្រធានសហព័ន្ធកីឡាបាញ់កាំភ្លើងកម្ពុជា សម្រាប់អាណត្តិថ្មី (អាណត្តិទី៤ ឆ្នាំ២០២៦-២០៣០) ចំណែកសមាសភាពគណៈកម្មការប្រតិបត្តិសហព័ន្ធ ២៦រូបផ្សេងទៀត ត្រូវបានជ្រើសរើស និងតែងតាំងតាមលំដាប់លំដោយ។
ក្រោយពីទទួលបានការគាំទ្រពីបណ្តាមន្ត្រី និងសមាជិកសហព័ន្ធ ប្រធានសហព័ន្ធខាងលើ ជំរុញការអភិវឌ្ឍវិស័យកីឡាបាញ់កាំភ្លើងនៅកម្ពុជាកាន់តែខ្លាំងឡើង និងទទូចឱ្យបង្កើនសមត្ថភាពគ្រូបង្វឹក និងអត្តពលិកកីឡាបាញ់កាំភ្លើងកម្ពុជា មានកម្រិតប្រកួតប្រជែងស្មើមុខមាត់នឹងបណ្តាប្រទេសក្នុងតំបន់ និងពិភពលោក។
ថ្លែងក្នុងមហាសន្និបាតដដែលនោះ ប្រធានសហព័ន្ធកីឡាបាញ់កាំភ្លើងកម្ពុជា បានបង្ហាញទិសដៅទៅកាន់គណៈកម្មាធិការប្រតិបត្តិសហព័ន្ធ និងសមាជិក បង្កើតទំនាក់ទំនងល្អជាមួយនឹងសហព័ន្ធកីឡាបាញ់កាំភ្លើងអន្តរជាតិ និងសហព័ន្ធប្រទេសដទៃ។ បន្ថែមពីនេះ ឯកឧត្ដម ពុទ្ធិវុធ បានលើកទឹកចិត្តសមាជិកសហព័ន្ធ បង្កើតក្លិបកីឡាបាញ់កាំភ្លើង ទាំងរូបភាពជាក្រុមទាំងតូចធំ ដើម្បីបង្កើតធនធានកីឡាករ-ការិនីកាន់តែច្រើននៅកម្ពុជា។
នៅក្នុងអាណត្តិថ្មីដដែលនោះ ប្រធាន CSF បន្តជំរុញឱ្យមានការបង្កើតទីលានកីឡាបាញ់កាំភ្លើងស្តងដារអន្តរជាតិ សម្រាប់បណ្តុះបណ្តាលធនធានកីឡាករ-ការិនីថ្នាល់វ័យក្មេង និងកីឡាករ-ការិនីដែលមានស្រាប់សព្វថ្ងៃ។

បើតាមលោក ស៊ិន សូផានណាក់ អគ្គលេខាធិការសហព័ន្ធកីឡាបាញ់កាំភ្លើងកម្ពុជា នៅអាណត្តិថ្មី គោលដៅចម្បងបំផុតមួយរបស់ CSF គឺការសាងសង់ទីលានស្តង់ដារអន្តរជាតិ ស្របពេលសហព័ន្ធកំពុងសុំគោលការណ៍ និងសហការជាមួយក្រសួងអប់រំ និង NOCC។ សហព័ន្ធនឹងជ្រើសរើសអត្តពលិកមានសមត្ថភាពឆ្នើម ពង្រឹងកម្រិតបច្ចេកទេស សមត្ថភាព ដើម្បីស្វែងរកឱកាសទៅចូលរួមការប្រកួតកីឡាអូឡាំពិកទីក្រុង Los Angeles ឆ្នាំ ២០២៨។

 




x Enlarged Image