ឃាត់ខ្លួនបុគ្គលិកឯកជនម្នាក់រំលោភលើទំនុកចិត្ត លួចលុយក្រុមហ៊ុនជាងមួយម៉ឺនដុល្លា
កណ្តាល៖
សមត្ថកិច្ចបានធ្វើការឃាត់ខ្លួនជនសង្ស័យដែលជាបុគ្គលិកក្រុមហ៊ុន ឯកជនម្នាក់ ករណីរំលោភលើទំនុកចិត្តលួចលុយក្រុមហ៊ុនជាងមួយម៉ឺនដុល្លា
ដោយកើតហេតុកាលពីវេលាម៉ោង១២និង៣០នាទីថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០២៦
នៅចំណុចភូមិបត្តាជី១ សង្កាត់ព្រែកហូរ ក្រុងតាខ្មៅ ខេត្តកណ្តាល។
ក្នុងរបាយការណ៍សមត្ថកិច្ច បានឲ្យដឹងថា៖ជនរងគ្រោះមានឈ្មោះ
ស៊ ផល្លា ភេទប្រុស អាយុ៤៣ឆ្នាំ ជនជាតិខ្មែរស្នាក់នៅក្នុងភូមិសង្កាត់កើតហេតុ
មុខរបរបុគ្គលិកនិងជា តំណាងរបស់ក្រុមហ៊ុន អេសអូខេខេ ឌីស្ទ្រីប៊្យូសិនខូអិលធីឌី និងសម្ភារៈបាត់បង់៖ចំនួនទឹក
ប្រាក់ ១១.១៥៨ដុល្លារ(មួយម៉ឺន មួយពាន់ មួយរយហាសិបប្រាំបីដុល្លា) ។
ចំណែកជនសង្ស័យមានឈ្មោះ
សែ សំណាង ភេទប្រុស អាយុ២២ឆ្នាំ ជនជាតិខ្មែរស្នាក់នៅ ភូមិស្រីស្នំ
សង្កាត់ព្រែកកំពិស ខណ្ឌដង្កោ រាជធានីភ្នំពេញ មុខរបរក៏ជាបុគ្គលិកក្នុង ក្រុមហ៊ុនជាមួយជនរងគ្រោះដែរ
មានតួនាទីផ្នែកបើកបររថយន្តដឹកទំនិញនិងខាងប្រមូលលុយពីអតិថិជន។
សមត្ថកិច្ច បន្តទៀតថា៖កាលពីថ្ងៃខែមិនចាំក្នុងឆ្នាំ២០២៦
ជនសង្ស័យបានប្រមូល ប្រាក់ពីអថិតិជនចំនួន ១១.១៥៨ដុល្លា(មួយម៉ឺន មួយពាន់
មួយរយហាសិបប្រាំបីដុល្លា) មិនប្រគល់អោយក្រុមហ៊ុននោះទេ
បែរជាយកទៅចាយវាយប្រើប្រាស់ផ្ទាល់ខ្លួននិងលេង ល្បែងអស់ទៅ។ រហូតដល់ថ្ងៃទី០៧
ខែកញ្ញាឆ្នាំ២០២៦ ជនរងគ្រោះជាតំណាងក្រុមហ៊ុន ក៏បានហៅជនសង្ស័យ មកសួរនាំរឿងលុយកាក់ទំនិញដែលបានប្រមូលពីអថិតិជន
តែ ជនសង្ស័យ ឆ្លើយដោះសាររហូត ធ្វើឱ្យតំណាងក្រុមហ៊ុនអស់ជំនឿទុកចិត្ត ក៏បានដាក់ពាក្យបណ្តឹង
នៅប៉ុស្តិ៍ព្រែកហូរ កម្លាំងប៉ុស្តិ៍ ក៏បាននាំខ្លួនជនសង្ស័យខាងលើ យកមកសាកសួរនាំ
និងកសាងសំណុំរឿងបញ្ជូនមកកាន់អធិការដ្ឋាននគរបាលក្រុងតាខ្មៅបន្តនីតិវិធី។
នៅចំពោះមុខសមត្ថកិច្ច
ជនសង្ស័យបានឆ្លើយសារថា៖ខ្លួនពិតជាបានលួចលុយ ពីក្រុមហ៊ុន ដែលបានប្រមូលពីថ្លៃដាក់ទំនិញពីអថិតិជន
យកទៅចាយវាយប្រើប្រាស់ផ្ទាល់ខ្លួននិងលេងល្បែងប្រាកដមែន ។ បច្ចុប្បន្ន ជនសង្ស័យ ត្រូវបានឃាត់ខ្លួនបណ្តោះអាសន្ន
នៅអធិការដ្ឋាននគរបាលក្រុងតាខ្មៅ៕ ដោយ ៖ប៉ែនឆន