ធ្លាប់ជាប់ពន្ធនាគារ០៣លើក ករណីហិង្សាដោយចេតនា ចេញមកវិញមិនរាងចាល សមត្ថកិច្ចឃាត់ខ្លួនជាលើកទី០៤

National • September 03, 2026
ធ្លាប់ជាប់ពន្ធនាគារ០៣លើក ករណីហិង្សាដោយចេតនា ចេញមកវិញមិនរាងចាល សមត្ថកិច្ចឃាត់ខ្លួនជាលើកទី០៤

     កណ្តាល៖ ជនសង្ស័យម្នាក់ ហាក់មិនរាងចាលទាល់តែសោះ ធ្លាប់សមត្ថកិច្ចវាយខ្នោះ បញ្ជូនទៅតុលាការ ជាប់ពន្ធនាគាររហូត០៣លើកករណីហិង្សា ដោយចេតនា និងប្រើប្រាស់គ្រឿងញៀនដោយខុសច្បាប់  ដោយលើកទី០៤នេះ បានកើតហេតុនៅវេលាម៉ោង១៧និង២០នាទីថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២៦នៅចំណុចភូមិព្រែកតាពៅ សង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្តាល ។

     សមត្ថកិច្ចក្រុងតាខ្មៅ សហការជាមួយប៉ុស្តិ៍ដើមមៀន បានអន្តរាគមន៍ភ្លាមៗ ដោយជនរងគ្រោះ មានឈ្មោះ សៅ សុខា ភេទប្រុស អាយុ៤៥ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់ដូរ  រស់នៅភូមិប៉ប្រកខាងជើង  សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។ ឯជនសង្ស័យមានឈ្មោះ ហួត ស៊ីថន ភេទប្រុសអាយុ៣៧ឆ្នាំ ជនជាតិខ្មែរ គ្មានមុខរបរពិតប្រាកដ វិជ្ជនូវសារធាតុញៀន និងធ្លាប់ជាប់ពន្ធនាគារខេត្តកណ្តាលចំនួន០៣លើករួចមកហើយ ករណីហិង្សាដោយចេតនា   ស្នាក់នៅក្នុងភូមិសង្កាត់កើតហេតុ ។

  ចំពោះវត្ថុតាងចាប់យក មាន៖ កំណាត់ឈើជ្រុង០១កំណាត់ - បំណែកដុំឥដ្ឋ០១ចំនួន(ជារបស់ជនសង្ស័យ)។ ផលប៉ះពាល់៖ ធ្វើឲ្យជនរងគ្រោះ មានការភ័យខ្លាចយ៉ាងខ្លាំង។

      តាមការបំភ្លឺរបស់ជនរងគ្រោះ បានឲ្យដឹងថា រូបគាត់បានជិះម៉ូតូទៅផ្ទះប្រពន្ធ នៅទីតាំងកើតហេតុដើម្បីទៅផ្សារ។ ពេលឈប់ម៉ូតូនៅមុខផ្ទះ ក៏ស្រាប់តែជនសង្ស័យ ដែលមានសភាពស្រវឹងស្រា មិនដឹងជាមូលហេតុអ្វីបានយកកំណាត់ឈើជ្រុងមកគុបសំដៅមកជនរងគ្រោះ តែមិនបណ្តាលឲ្យត្រូវទេ ។ ក្រោយមក ជនសង្ស័យ បានជេរប្រមាថទៅលើជនរងគ្រោះ និងបោកដុំឥដ្ធឲ្យបែកគប់ទៅលើជនរងគ្រោះត្រូវចំទ្រូង តែមិនបណ្តាលឲ្យមានរបួសស្នាមទេ។ ភ្លាមនោះ ជនរងគ្រោះបានស្ទុះទៅចាប់ជនសង្ស័យផ្តួលនៅលើផ្លូវ រួចបានប្រាប់ឲ្យប្រពន្ធតេទូរស័ព្ទទៅប្តឹងសមត្ថកិច្ចប៉ុស្តិ៍ដើមមៀន ឲ្យចុះមកអន្តរាគមន៍ឃាត់ខ្លួនជនសង្ស័យរួមទាំងវត្ថុតាងយកទៅសួរនាំនិងកសាងសំណុំរឿងចាត់ការតាមនីតិវិធី។

នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យបានឆ្លើយសារភាពថាខ្លួនពិតជាបានធ្វើសកម្មភាព ហិង្សាទៅលើជនរងគ្រោះ ប្រាកដមែន។ បច្ចុប្បន្ន ជនសង្ស័យបានឃាត់ខ្លួនបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលក្រុងតាខ្មៅ៕ ដោយ៖ប៉ែន ឆន





 

x Enlarged Image