អស់លទ្ធភាពបង់រំលោះទូរស័ព្ទដៃ បែកគំនិតលួចគោអ្នកភូមិទៅលក់ ម្ចាស់ទាន់ ក្របួចប្រគល់ឱ្យនគរបាល

National • September 23, 2026
អស់លទ្ធភាពបង់រំលោះទូរស័ព្ទដៃ បែកគំនិតលួចគោអ្នកភូមិទៅលក់ ម្ចាស់ទាន់ ក្របួចប្រគល់ឱ្យនគរបាល

 

កំពង់ស្ពឺ៖ ជនសង្ស័យម្នាក់ ត្រូវបានម្ចាស់គោ ឃាត់ខ្លួនប្រគល់ឱ្យនគរបាលស្រុក គងពិសី ខណៈដែលជនសង្ស័យរូបនោះ បង់រំលោះទូរស័ព្ទដៃហើយគ្មានលុយបង់បន្ត ក៏បែកគំនិតធ្វើសកម្មភាពលួចគោរបស់អ្នកភូមិ ហើយ ហៅ ម៉ូយមកទិញ រៀបដឹកគោឡើងលើរ៉ឺម៉ក តែត្រូវម្ចាស់គោ មកទាន់ ។

នគរបាលស្រុកគងពិសី បាននិយាយឱ្យដឹងថា ការឃាត់ខ្លួនជនសង្ស័យជាចោរលួចគោ នេះ បានធ្វើឡើងកាលពីវេលាម៉ោង៤និង៥០នាទីរសៀលថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៦ នៅក្នុងភូមិកន្លែងរមាស ឃុំពេជ្រមុនី ស្រុកគងពិសី ខេត្តកំពង់ស្ពឺ។

នគរបាលស្រុកគងពិសី បានបន្តទៀតថា ជនសង្ស័យដែលឃាត់ខ្លួន មានឈ្មោះ ចន  ចាន់ហាវ ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅក្នុងភូមិកន្លែងរមាស ឃុំពេជ្រមុនី ស្រុកគងពិសី ខេត្តកំពង់ស្ពឺ។ គោដែលជនសង្ស័យធ្វើសកម្មភាពលួច មិនបានសម្រេចនោះ ញីជំទង់ សម្បុរស ដែលម្ចាស់មានឈ្មោះ ហ៊ុល កុមា ភេទប្រុស អាយុ៤៥ឆ្នាំ រស់នៅក្នុងភូមិ-ឃុំជាមួយគ្នា។

នគរបាលស្រុកគងពិសី បានបន្តឱ្យដឹងទៀតថា នៅមុនពេលឃាត់ខ្លួនជនសង្ស័យ គឺនៅ វេលាម៉ោង៤ និង៣០នាទីរសៀលថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៦ មានករណីចោរកម្ម លួចគោ នៅចំណុចវាលស្រែខាងលិចភូមិកន្លែងរមាស ឃុំពេជ្រមុន្នី ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ។

ជនស្ស័យមានឈ្មោះ ចន ចាន់ហាវ ភេទប្រុស អាយុ១៨ឆ្នាំមុខរបរមិនពិតប្រាកដ រស់នៅ ក្នុងភូមិកន្លែងរមាស ឃុំពេជ្រមុនី ស្រុកគងពិសី ខេត្តកំពង់ស្ពឺ បានធ្វើសកម្មភាពលួចគោ របស់ឈ្មោះ ហ៊ុល កុមា ភេទប្រុស អាយុ៤៥ឆ្នាំ រស់នៅក្នុងភូមិ កន្លែងរមាស ឃុំពេជ្រមុនី ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ។

នគរបាលស្រុកគងពិសីបានបន្តឱ្យដឹងទៀតថា ពេលលួចគោបានហើយ ជនសង្ស័យ ខាងលើ បានធ្វើការទំនាក់ទំនងទៅឈ្មោះស៊ឹម ហ្សា  ភេទស្រី អាយុ៣២ឆ្នាំ រស់នៅក្នុង ភូមិគគ្រួស ឃុំពេជ្រមុនី ស្រុកគងពិសី ខេត្តកំពង់ស្ពឺ  ឱ្យមកទិញ ១ក្បាល សម្បុរស លក់ក្នុងតម្លៃ ១,៥០០,០០០រៀល(មួយលាន ហាសិបម៉ឺនរៀល) ដោយប្រាប់ថាជាគោរបស់ខ្លួន  ឪពុកឱ្យលក់ ដើម្បីយកលុយទៅបង់ថ្លៃសាលារៀន ។ ក្រោយមក ឈ្មោះ ស៊ឹម ហ្សា បានទំនាក់ទំនងឱ្យ ម្ចាស់រ៉ឺម៉ក មានឈ្មោះ ជ័យ សុខឃឿន ភេទប្រុស អាយុ៤៥ឆ្នាំ រស់នៅក្នុងភូមិ ទួលម្អម ឃុំពេជ្រមុនី ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ឱ្យមកដឹកគោ នៅចំណុចកន្លែងកើត ហេតុ ខាងលើ ចាំទូទាត់លុយតាមក្រោយ ។

ពេលកំពុងដេញគោឡើងលើរ៉ឺម៉ក ក៏ត្រូវបានម្ចាស់គោមកទាន់ ឃាត់ខ្លួនជនសង្ស័យខាង លើ ប្រគល់ជូនសមត្ថកិច្ច យកមកអធិការដ្ឋាននគបាលស្រុកគងពិសី ដើម្បីសួរនាំ។

នៅចំពោះមុខសម្ថកិច្ចជនសង្ស័យ បានឆ្លើយសាភាពថាខ្លួនពិតជា បានធ្វើសកម្មភាព លួចគោខាងលើ យកទៅលក់ពិតប្រាកដមែន។ មូលហេតុដែលធ្វើឱ្យរូបគេធ្វើដូច្នេះ គឺដើម្បីយកលុយទៅបង់ផ្តាច់ទូរស័ព្ទ ដែលគេបានបង់រំលោះ ចំនួន២០០$ ហើយគ្មានលទ្ធភាព បង់ប្រចាំខែតទៅទៀត ទើបបែកគំនិតលួចគោ អ្នកភូមិយកទៅលក់តែម្តង។ សត្វគោត្រូវបានប្រគល់ជូនម្ចាស់វិញហើយ។

បច្ចុប្បន្ន ជនសង្ស័យ ត្រូវបាននគរបាលស្រុកគងពិសី កសាងសុំណុំរឿង បញ្ជូនទៅស្នង ការដ្ឋាន នគរបាលខេត្តកំពង់ស្ពឺ ដើម្បីចាត់ការបន្តតាមផ្លូវច្បាប់៕ប៊ុនធឿន





x Enlarged Image