ពិធីបើកវគ្គបណ្តុះបណ្តាលស្តីពីការណែនាំលើបទប្បញ្ញត្តិទូទៅ និងបទបញ្ជាបច្ចេកទេស ត្រៀមរៀបចំការប្រកួតកីឡាសាកលវិទ្យាល័យអាស៊ានលើកទី២៣

Sports • September 15, 2026
ពិធីបើកវគ្គបណ្តុះបណ្តាលស្តីពីការណែនាំលើបទប្បញ្ញត្តិទូទៅ និងបទបញ្ជាបច្ចេកទេស ត្រៀមរៀបចំការប្រកួតកីឡាសាកលវិទ្យាល័យអាស៊ានលើកទី២៣

 ភ្នំពេញ៖នាថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៦ កន្លងទៅ ឯកឧត្តម កែ ប៊ុនខៀង រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងជាប្រធានសហព័ន្ធកីឡាសិស្ស និស្សិតកម្ពុជា បានអញ្ជើញចូលរួមជាអធិបតីក្នុងពិធីបើកវគ្គបណ្តុះបណ្តាលស្តីពីការណែនាំលើបទប្បញ្ញត្តិទូទៅ និងបទបញ្ជាបច្ចេកទេស ត្រៀមរៀបចំការប្រកួតកីឡាសាកលវិទ្យាល័យអាស៊ានលើកទី២៣ ឆ្នាំ២០២៨” ដែលរៀបចំចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៦ នៅសាលប្រជុំ នាយកដ្ឋានរៀបចំព្រឹត្តិការណ៍ និងស្ថិត្ថិកីឡា។

ឯកឧត្តម កែ ប៊ុនខៀង បានមានប្រសាសន៍ថា ដោយបានការឯកភាពជាផ្លូវការពីរាជរដ្ឋាភិបាលកម្ពុជា ដើម្បីទទួលធ្វើជាម្ចាស់ផ្ទះរៀបចំការប្រកួតកីឡាសាកលវិទ្យាល័យអាស៊ានលើកទី២៣ (23rd ASEAN University Games – AUG) ឆ្នាំ២០២៨ នៅរាជធានីភ្នំពេញ។ ការទទួលធ្វើជាម្ចាស់ផ្ទះព្រឹត្តិការណ៍កីឡាដ៏មានសារសំខាន់នេះ គឺជាកិត្តិយសដ៏ខ្ពង់ខ្ពស់ និងជាបេសកកម្មដ៏មានអត្ថន័យសម្រាប់វិស័យកីឡាកម្ពុជា ព្រមទាំងជាឱកាសដ៏សំខាន់ក្នុងការបង្ហាញពីសមត្ថភាព សក្តានុពល និងកិត្យានុភាពរបស់កម្ពុជាលើឆាកកីឡាអន្តរជាតិ។
ឯកឧត្តមបានបន្តថា ដោយផ្អែកលើបរិបទនៃការរីកចម្រើននៃវិស័យកីឡានៅកម្ពុជា ក៏ដូចជាក្នុងតំបន់ និងលើឆាកអន្តរជាតិ ក្រសួងអប់រំ យុវជន និងកីឡា ដោយមានអង្គភាពជំនាញ និងសហព័ន្ធកីឡាសិស្ស និស្សិតកម្ពុជា ជាសេនាធិការ បាននិងកំពុងជំរុញកំណែទម្រង់យ៉ាងស៊ីជម្រៅលើការងារកីឡានៅក្នុងគ្រឹះស្ថានឧត្តមសិក្សា និងគ្រឹះស្ថានមធ្យមសិក្សាបច្ចេកទេស ចាប់តាំងពីការរៀបចំកម្មវិធីហ្វឹកហាត់កីឡាក្រៅម៉ោងសិក្សា រហូតដល់ការរៀបចំការប្រកួតកីឡាគ្រប់កម្រិត។ ជាពិសេស ក្រសួងអប់រំ យុវជន និងកីឡា បានដាក់ចេញនូវកំណែទម្រង់ការប្រកួតកីឡាគ្រប់កម្រិត ឱ្យមានគុណភាព និងមានលក្ខណៈជាហ្គេម (Games Style) មានដូចជា៖
១.ការកែទម្រង់ការគ្រប់គ្រង និងរចនាសម្ព័ន្ធដឹកនាំ៖។២ ការកែទម្រង់ការបណ្តុះបណ្តាល និងអភិវឌ្ឍធនធានមនុស្ស៖ ៣ ការកែទម្រង់រៀបចំការប្រកួតគ្រប់កម្រិត៖ ៤ ការកែទម្រង់ការកសាង និងអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធកីឡា៖ ៥ ការប្រើប្រាស់បច្ចេកវិទ្យាព័ត៌មាន និងស្ថិតិកីឡា៖ ៦ ការពង្រឹងសុចរិតភាព និងយុត្តិធម៌ក្នុងកីឡា៖

គួរបញ្ជាក់ថា ៖ ការចូលរួមរបស់សហព័ន្ធកីឡាជាតិទាំង ១៥ គឺមានសារសំខាន់យ៉ាងខ្លាំងក្នុងការធានាគុណភាពការងារបច្ចេកទេស និងជោគជ័យនៃការរៀបចំព្រឹត្តិការណ៍កីឡាកម្រិតអាស៊ានដ៏មានកិត្យានុភាពនេះ ព្រមទាំងជាឱកាសសម្រាប់កម្ពុជាបង្ហាញពីសមត្ថភាពក្នុងការរៀបចំព្រឹត្តិការណ៍កីឡាអន្តរជាតិប្រកបដោយវិជ្ជាជីវៈ និងស្តង់ដារខ្ពស់៕



x Enlarged Image