ថុល សុភិទិ និងគូដណ្ដឹង បរិច្ចាគប្រាក់ចំណងដៃ ២០,០០០ដុល្លារ ជូនមន្ទីរពេទ្យគន្ធបុប្ផា
តារាចម្រៀង ថុល សុភិទិ និងគូដណ្ដឹង អ្នកនាង ឡុង ម៉ានី បានទទួលការកោតសរសើរពីសំណាក់អ្នកគាំទ្រ បន្ទាប់ពីអ្នកទាំងពីរបានសម្រេចបរិច្ចាគប្រាក់ចំណងដៃចំនួន ២០,០០០ដុល្លារអាមេរិក ជូនដល់ មន្ទីរពេទ្យគន្ធបុប្ផា ក្នុងឱកាសពិធីភ្ជាប់ពាក្យរបស់ពួកគេ។
អ្នកទាំងពីរបានភ្ជាប់ពាក្យកាលពីថ្ងៃទី ២៩ ខែសីហា ឆ្នាំ២០២៦ ក្នុងបរិយាកាសដ៏សែនកក់ក្តៅ និងពោរពេញដោយក្តីស្រឡាញ់ ព្រមទាំងមានការចូលរួមជូនពរពីសំណាក់ចាស់ទុំព្រឹទ្ធាចារ្យ ភ្ញៀវកិត្តិយស ញាតិមិត្ត បងប្អូន និងមិត្តភក្តិជាច្រើន។តាមរយៈសារថ្លែងអំណរគុណ អ្នកនាង ឡុង ម៉ានី និងលោក ថុល សុភិទិ បានសម្តែងនូវការដឹងគុណយ៉ាងជ្រាលជ្រៅចំពោះអ្នកដែលបានចំណាយពេលវេលាដ៏មានតម្លៃ អញ្ជើញចូលរួមជាសក្ខីភាព និងប្រសិទ្ធពរជ័យដល់ពួកគេក្នុងថ្ងៃដ៏មានអត្ថន័យនេះ។អ្នកទាំងពីរបានចាត់ទុករាត្រីនៃពិធីភ្ជាប់ពាក្យថា ជារាត្រីដ៏ពិសេសមួយ ដែលពោរពេញដោយក្តីស្រឡាញ់ ស្នាមញញឹម និងអនុស្សាវរីយ៍ដ៏មានតម្លៃ។ វត្តមាន ស្នាមញញឹម និងពាក្យជូនពររបស់ភ្ញៀវទាំងអស់ បានធ្វើឱ្យពិធីកាន់តែមានន័យ និងក្លាយជាអនុស្សាវរីយ៍ដ៏ស្រស់ស្អាត ដែលអ្នកទាំងពីរនឹងចងចាំជានិច្ច។
អ្វីដែលកាន់តែធ្វើឱ្យសាធារណជនចាប់អារម្មណ៍ គឺការសម្រេចចិត្តយកប្រាក់ចំណងដៃចំនួន ២០,០០០ដុល្លារ ទៅបរិច្ចាគជូនមន្ទីរពេទ្យគន្ធបុប្ផា។ ទង្វើនេះត្រូវបានអ្នកគាំទ្រជាច្រើនសម្តែងការកោតសរសើរ និងចាត់ទុកថា ជាការចែករំលែកក្តីស្រឡាញ់ និងសប្បុរសធម៌ក្នុងឱកាសដ៏សំខាន់នៃជីវិតគូស្នេហ៍។ការចាប់ផ្តើមជំពូកថ្មីរបស់ ថុល សុភិទិ និង ឡុង ម៉ានី មិនត្រឹមតែពោរពេញដោយក្តីស្រឡាញ់ និងភាពរីករាយប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងភ្ជាប់ជាមួយនឹងទឹកចិត្តសប្បុរសធម៌ ដែលបានទទួលការចាប់អារម្មណ៍ និងការគាំទ្រពីសំណាក់មហាជនផងដែរ។