ជិះម៉ូតូបញ្រ្ចាសផ្លូវ ត្រូវរថយន្តបើកមកត្រង់ បុកពេញទំហឹង បណ្តាលឲ្យរងរបួសធ្ងន់
ភ្នំពេញ៖
បុរសម្នាក់ បានរងរបួសធ្ងន់ ក្រោយពេលជិះម៉ូតូបញ្រ្ចាសផ្លូវត្រូវរថយន្តមួយគ្រឿង ម៉ាកALPHARD បើកមកផ្លូវត្រង់បុកពេញទំហឹង
អូសម៉ូតូទៅមុខជាច្រើនម៉ែត្រ។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះដែរ
បានកើតឡើងកាលពីវេលាម៉ោង៣:១០ នាទីយប់ រំលងអាធ្រាតឈានចូលថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៦
ចំណុចបរិវេណបឹងកក់ ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ។
តាមការបញ្ជាក់ពីកន្លែងកើតហេតុ
បានឲ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញបុរស រងគ្រោះជិះម៉ូតូមួយគ្រឿង ពាក់ស្លាកលេខ
ភ្នំពេញ 1P-6026 ធ្វើដំណើរតាមបណ្តោយផ្លូវ ១១៣
ទិសដៅពីត្បូងទៅជើងក្នុងល្បឿនលឿនទាំងបញ្រ្ចាស់ផ្លូវ ក៏ជ្រុលទៅបុកជាមួយនិង
រថយន្តម៉ាកALPHARD មួយគ្រឿង ពណ៌ខ្មៅពាក់ស្លាកលេខ ភ្នំពេញ 2CI-8071 បើកបរដោយបុរសម្នាក់ធ្វើដំណើរមកផ្លូវត្រង់ទិសដៅបញ្រ្ចាសគ្នាពីជើងទៅត្បូង ចំពីមុខពេញទំហឹង
បណ្តាលឲ្យបុរសភាគីខាងម៉ូតូ រងរបួសធ្ងន់បញ្ជូនទៅមន្ទីរពេទ្យភ្លាមៗ ។
ចំណែកអ្នកបើករថយន្ត
បានគេចពីកន្លែងកើតហេតុបាត់ស្រមោល។
បន្ទាប់ពីកើតហេតុ
សមត្ថកិច្ចមូលដ្ឋានសហការជាមួយមន្ត្រីជំនាញចរាចរណ៍ចុះមក វាស់វែង
យកម៉ូតូនិងរថយន្តទៅរក្សាទុកជាបណ្ដោះអាសន្ន រង់ចាំភាគីសងខាងដោះស្រាយគ្នានៅពេលក្រោយ៕
ដោយ ៖សាមេត