ជាងតម្លើងបង្គោលអង់តែនទូរស័ព្ទ ធ្លាក់ពីលើអង់តែន កម្ពស់ប្រមាណ៣៥ម៉ែត្រ បណ្ដាលឲ្យស្លាប់បាត់បង់ជីវិត
ភ្នំពេញ៖
ជាងតម្លើងបង្គោលអង់តែនទូរស័ព្ទម្នាក់ បានធ្លាក់ពីលើបង្គោលអង់តែន កម្ពស់
ប្រមាណ៣៥ម៉ែត្រ បណ្ដាលឲ្យស្លាប់បាត់បង់ជីវិតភ្លាមៗនៅនិងកន្លែង។
ហេតុការណ៍គ្រោះថ្នាក់នេះ
បានកើតឡើងកាលពីវេលាម៉ោង៣និង១០នាទីរសៀលថ្ងៃ ទី១៤ ខែកញ្ញា ឆ្នាំ២០២៦
នៅចំណុចដីឡូត៌មួយកន្លែង ស្ថិតនៅក្នុងភូមិសាក់សំពៅ សង្កាត់សាក់សំពៅ
ខណ្ឌដង្កោ រាជធានីភ្នំពេញ ។
ជនរងគ្រោះរូបនោះ ឈ្មោះ ខាន់ វុទ្ធី
អាយុ៣០ឆ្នាំជាជាងតម្លើងអង់តែទូរសព្ទ័ខាងលើ មានស្រុកកំណើតនៅភូមិជ្រោយដង
ឃុំសំរោងធំ ស្រុកគៀនស្វាយ ខេត្តកណ្តាល ។
តាមជាងតម្លើងអង់តែនទូរសព្ទជាមួយគ្នា បានឲ្យសមត្ថកិច្ចដឹងថា
នៅមុនពេលកើតហេតុ គាត់និងជនរងគ្រោះ បានឡើងលើបង្គោលអង់តែនដែលកំពុងតែដំឡើងមិនទាន់ដំណើរការនៅឡើយ មានកម្ពស់ប្រមាណ៣៥ ម៉ែត្រ។ ខណៈនោះ ស្រាប់តែឃើញជនរងគ្រោះធ្លាក់
ពីលើបង្គោលអង់តែនហើយបោកក្បាលស្លាប់នៅនិងកន្លែង។
តាមជាងតម្លើងអង់តែនរូបនោះ បានឱ្យដឹងទៀតថាមុនពេលឡើងបង្គោលអង់តែន
គាត់ បានលឺជនរងគ្រោះតេទៅក្រុមគ្រួសារទាក់ទងគ្នារឿងទារលុយគេជំពាក់។ បន្ទាប់មក
ជនរងគ្រោះ ក៏បានឡើងបង្គោលអង់តែនតម្លើង បន្តទៀត តែគាត់ពុំដឹងថាជនរងគ្រោះបានពាក់ខ្សែក្រវ៉ាត់ឬយ៉ាងណានោះទេ
តែសង្ស័យថា ជនរងគ្រោះមិនបានពាក់ខ្សែក្រវ៉ាត់ បានជាធ្លាក់ មកដល់ក្រោមស្លាប់បែបនេះ។
យោងតាមការពិនិត្យកន្លែងកើតហេតុ ពិនិត្យសាកសព និងព័ត៌មានប្រមូលបាន ឯកឧត្តមវេជ្ជបណ្ឌិត ជាង រ៉េន គ្រូពេទ្យកោសល្យវិច័យ សាលាដំបូងរាជធានីភភ្នំពេញ បានសន្និដ្ឋានថា ជនរងគ្រោះស្លាប់ដោយសារប៉ះទង្គិចក្បាល និងខ្លួនប្រាណធ្ងន់ធ្ងរ (ដោយធ្លាក់ពីលើបង្គោលអង់តែនកម្ពស់៣៥ម៉ែត្រ) ៕ម៉េង ធា