បុគ្គលិកចាក់ប្រេងមួយកន្លែងអង្វរសុំ ម្ចាស់រថយន្តដែលចាក់ប្រេងហើយបានចាកចេញមិនបានទូទាត់ប្រាក់ មេត្តាត្រឡប់មកទូទាត់ប្រាក់ជិត ២៦ម៉ឺនរៀលផង
កណ្តាល៖ យុវជនរងគ្រោះ ជាបុគ្គលិកស្ថានីយ៍ចាក់ប្រេងមួយកន្លែង
បានសុំអង្វរឲ្យលោកជាម្ចាស់រថយន្តមួយគ្រឿង ដែលបានចូលចាក់ប្រេងមួយពេញ
ហើយ មិនបានទូទាត់តំលៃប្រេង ដោយបើករថយន្តចេញបាត់
មេត្តាត្រឡប់មកទូទាត់នូវទឹកប្រាក់ចំនួនជិត ២៦ម៉ឺនរៀលវិញផង ដោយកើតហេតុកាលពីវេលាម៉ោង ១០និង០០នាទីថ្ងៃទី០៦ខែកញ្ញាឆ្នាំ២០២៦
នៅចំណុចទីតាំងស្ថានីយ៍ប្រេងឥន្ធន: យីហោ លីម ឡុង ដែលស្ថិតក្នុងភូមិព្រែកស្វាយ២
ឃុំឈើទាល ស្រុកកៀនស្វាយ ខេត្តកណ្តាល ។
យុវជនរងគ្រោះ មានឈ្មោះ រឿន ធារ៉ា ជាបុគ្គលិកចាក់ប្រេង
បានប្រាប់អ្នកសារព័ត៌មានថា ដំបូង តៃកុងរថយន្ត (មិនស្គាល់អត្តសញ្ញាណ ) បានបើករថយន្ត
ចូលមកប្រាប់ខ្លួនថា ឲ្យចាក់ប្រេងម៉ាស៊ូតមួយពេញ ដែលមានចំណុះ ៥២.៣២លីត្រ
ស្មើនិងតំលៃ ២៥ ម៉ឺន ៦ពាន់ ៦ រយរៀល ដោយប្រាប់ថា
រង់ចាំបន្តិច ចាំឲ្យមេបាញ់លុយចូលកុងរបស់ស្ថានីយ៍ប្រេង។ លុះអស់រយ:ពេល ២០នាទី
តៃកុងរថយន្ត ក៏មិនទាន់បានបាញ់លុយឲ្យ ហើយ បានបើករថយន្តទៅឈប់នៅកន្លែងចាក់ទឹកក្បែរទីតាំងកើតហេតុ
បន្ទាប់មក ក៏បានបើករថយន្តចាកចេញទៅបាត់ ។
ជនរងគ្រោះ បានបញ្ជាក់បន្ថែមថានៅទីតាំងស្ថានីយ៍ប្រេង គឺមានភស្តុតាង កាមេរ៉ាសុវត្ថិភាពយ៉ាងច្បាស់ជាច្រើនប្លង់ ដែលបញ្ជាក់ថា តៃកុងរថយន្តដឹកទ្រុងមាន់នោះ ពិតជាមិនបានបង់ប្រាក់ទូទាត់ តំលៃចាក់ប្រេងពិតប្រាកដមែន ហើយ ការដែលឲ្យព័ត៌មានចុះផ្សាយនេះ ក៏មិនមែនដើម្បីបង្កាច់បង្ខូចបរិហារកេរ្តិ៍ម្ចាស់រថយន្ត ជាសាធារណ:នោះដែរ គឺគ្រាន់តែក្រែងម្ចាស់រថយន្ត បានឃើញព័ត៌មានចុះផ្សាយ សុំមេត្តាវិលមកទូទាត់ប្រាក់ឲ្យផង ត្បិតជនរងគ្រោះជាបុគ្គលិក ដែលក្រុមគ្រួសារក្រីក្រមិនមានប្រាក់គ្រប់គ្រាន់ ត្រូវសងជំនួសទៅម្ចាស់ស្ថានីយ៍នោះទេ ៕ ដោយ៖ប៉ែន ឆន