ជនជាតិចិនឈ្លោះគ្នាចាក់សាំងដុតផ្ទះ របួស៥នាក់ នៅបុរីពិភពថ្មីកួរស្រូវ២
ភ្នំពេញ៖ ជនជាតិចិន២ក្រុម បានឈ្លោះប្រកែកគ្នា រហូតឈានដល់ការប្រើអំពើហិង្សា ដោយភាគីម្ខាង បានយកសាំងទៅចាក់ដុតផ្ទះ ប៉ុនប៉ងសម្លាប់គូទំនាស់ បង្កឲ្យមានការ ឆាបឆេះសន្ធោសន្ធៅ និង បណ្ដាលឲ្យមនុស្សរងរបួស ចំនួន៥នាក់ ក្នុងនោះមានបុរសជនជាតិចិន២នាក់ ស្រ្តីជនជាតិខ្មែរ២នាក់ និងក្មេងប្រុសជនជាតិចិន អាយុ៧ខែម្នាក់ ។
ហេតុការណ៍នោះ បានកើតឡើងកាលពីវេលាម៉ោងប្រមាណម៉ោង៥ល្ងាច
ថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៦ នៅចំណុចផ្ទះលេខ២៣ ផ្លូវលេខ២៥ បុរីពិភពថ្មីកួរស្រូវ២ ស្ថិតនៅក្នុងភូមិ
ក្រាំងស្វាយ សង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ រាជធានីភ្នំពេញ ។
ជនរងគ្រោះដែលរងរបួសទាំង៥នាក់នោះ ពុំទាន់ត្រូវបានស្គាល់អត្តសញ្ញាណនៅឡើយទេ ដោយឡែក ជនដៃដល់ដែលជាជនជាតិចិន ពុំស្គាល់អត្តសញ្ញាណបានរត់គេចខ្លួនបាត់ ។តាមសន្តិសុខយាមនៅបុរីពិភពថ្មីកួរស្រូវ២នោះ បាននិយាយថា នៅមុនពេលកើតហេតុ ខាងលើ បុរសជនជាតិចិនរងគ្រោះ និង ជនដៃដល់ដែលជាជនជាតិចិនម្នាក់ទៀត បាន ឈ្លោះប្រកែកគ្នារឿងលុយកាក់ ប៉ុន្តែពុំដឹងថាលុយអ្វីនោះទេ ។ ក្រោយមក ស្រាប់តែជនដៃដល់ យកសាំងទៅជះចូលក្នុងផ្ទះ រួចដុតប៉ុនប៉ងសម្លាប់គូទំនាស់ បង្កឲ្យមានការឆាបឆេះសន្ធោសន្ធៅ ហើយ អ្នកជិតខាងនិងសន្តិសុខយកបំពង់ពន្លត់អគ្គិភ័យ ទៅជួយបាញ់ពន្លត់ក៏មិនរលត់ឡើយ ហើយ ភ្លើងឆេះរាលដាលទៅសម្ភារៈ ដូចជាតុ កៅអីជាដើម ព្រមទាំងឆេះរងរបួសជនរងគ្រោះទៀត។ នៅក្នុងហេតុការណ៍នោះដែរ រថយន្តពន្លត់អគ្គិភ័យរបស់បុរី បានទៅអន្តរាគមន៍បាញ់ទឹក ពន្លត់ ទើបភ្លើងនោះរលត់ទៅវិញ ។តាមព័ត៌មានបានឲ្យដឹងទៀតថានៅក្នុងហេតុការណ៍នេះ បណ្ដាលឲ្យបុរសជនជាតិចិន ២នាក់ និងស្រ្តីជនជាតិខ្មែរ២នាក់ ព្រមទាំងក្មេងប្រុសជនជាតិចិនអាយុ៧ខែ១នាក់ រង របួសធ្ងន់ធ្ងរដោយការរលាកភ្លើងលើខ្លួនប្រាណ ដៃជើងនិងផ្ទៃមុខ ហើយត្រូវបានបញ្ជូន ទៅសង្រ្គោះនៅមន្ទីរពេទ្យ ។