មហោស្រពភាពយន្តកម្ពុជាអាស៊ី ប្ដូរឈ្មោះជាផ្លូវការ មកជា «មហោស្រពភាពយន្តអន្តរជាតិភ្នំពេញ»
នៅថ្ងៃទី២៨ ខែសីហា
ឆ្នាំ២០២៦ នៅអគារ Morgan កោះពេជ្រ រាជធានីភ្នំពេញ បានរៀបចំ សន្និសីទសារព័ត៌មាន
ស្តីពីការប្ដូរឈ្មោះមហោស្រពភាពយន្តកម្ពុជាអាស៊ី (CAFF) មកជា «មហោស្រពភាពយន្តអន្តរជាតិភ្នំពេញ (Phnom
Penh International Film Festival – PPIFF)» ដោយមានការចូលរួមពីតំណាងក្រសួង-ស្ថាប័នពាក់ព័ន្ធ គណៈកម្មការរៀបចំមហោស្រព
សិល្បករ ផលិតករ អ្នកសារព័ត៌មាន និងភ្ញៀវកិត្តិយសជាតិនិងអន្តរជាតិ។
ឯកឧត្តម ហាប់ ទូច
រដ្ឋលេខាធិការប្រចាំការ ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ
តំណាងដ៏ខ្ពង់ខ្ពស់លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌
និងវិចិត្រសិល្បៈ បានរំលឹកពីដំណើរអភិវឌ្ឍ
និងសមិទ្ធផលសំខាន់ៗរបស់មហោស្រពភាពយន្តកម្ពុជាអាស៊ី ដែលបានដំណើរការអស់រយៈពេលជាង
៥ឆ្នាំ។ ក្រោយពីការបង្កើតគណៈកម្មការរៀបចំមហោស្រពក្នុងឆ្នាំ២០១៩ ក្រោមការដឹកនាំរបស់
លោកស្រី Hong
Li ប្រធានគណៈកម្មការរៀបចំមហោស្រព
និងដោយមានកិច្ចសហការយ៉ាងជិតស្និទ្ធជាមួយក្រសួងវប្បធម៌និងវិចិត្រសិល្បៈ
មហោស្រពបានរៀបចំឡើងដោយជោគជ័យចំនួន៤លើកនៅរាជធានីភ្នំពេញ។
មហោស្រពក៏បានរៀបចំសកម្មភាពផ្លាស់ប្តូរវប្បធម៌ភាពយន្តកម្ពុជា-ចិន
និងសកម្មភាពភាពយន្តផ្សេងៗទៀត ទាំងនៅកម្ពុជានិងប្រទេសចិន
ព្រមទាំងបានចូលរួមសម្របសម្រួលក្នុងការចុះ អនុស្សរណៈនៃការយោគយល់គ្នា (MoU)
រវាងក្រសួងវប្បធម៌និងវិចិត្រសិល្បៈកម្ពុជា
និងរដ្ឋបាលភាពយន្តចិន ក្នុងឆ្នាំ២០២៥។ ឯកឧត្តមបានបញ្ជាក់ថា សមិទ្ធផលទាំងនេះបានបង្កើតមូលដ្ឋានដ៏សំខាន់សម្រាប់ដំណាក់កាលថ្មី
ដោយការប្ដូរឈ្មោះមកជា PPIFF នឹងពង្រីកវិសាលភាពរបស់មហោស្រពពីកម្រិតអាស៊ីទៅកាន់វេទិកាភាពយន្តអន្តរជាតិ
ដែលអាចទទួលស្វាគមន៍ភាពយន្តនិងអ្នកជំនាញភាពយន្តពីជុំវិញពិភពលោក
ព្រមទាំងជំរុញការផ្លាស់ប្តូរវប្បធម៌ ការវិនិយោគ ការផលិតភាពយន្តរួមគ្នា
និងទេសចរណ៍ភាពយន្តនៅកម្ពុជា។
ឯកឧត្តម គុជ បញ្ញាសា
រដ្ឋលេខាធិការក្រសួងទេសចរណ៍
បានអះអាងជាថ្មីពីការគាំទ្រនិងការប្តេជ្ញាចិត្តរបស់ក្រសួងទេសចរណ៍
ក្នុងការសម្របសម្រួល និងកិច្ចសហប្រតិបត្តិការជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធ
អាជ្ញាធរមូលដ្ឋាន និងវិស័យឯកជន ដើម្បីធានាឱ្យការផលិតភាពយន្ត
និងការរៀបចំព្រឹត្តិការណ៍អន្តរជាតិនានានៅកម្ពុជា ប្រព្រឹត្តទៅដោយ រលូន ប្រសិទ្ធភាព
សុវត្ថិភាព និងសន្តិសុខខ្ពស់។
លោកជំទាវ តិមា
វិច្ឆិកាល អភិបាលរង នៃគណៈអភិបាលរាជធានីភ្នំពេញ
បានអបអរសាទរចំពោះការប្ដូរឈ្មោះជាផ្លូវការទៅជា PPIFF និងបង្ហាញជំនឿថា
មហោស្រពនេះនឹងបន្តក្លាយជាស្ពានវប្បធម៌ដ៏រឹងមាំ
ដែលភ្ជាប់កម្ពុជាទៅកាន់សហគមន៍ភាពយន្តអន្តរជាតិ
ព្រមទាំងជាវេទិកាដ៏មានតម្លៃសម្រាប់បង្ហាញស្នាដៃ
និងបង្កើតឱកាសថ្មីៗសម្រាប់អ្នកផលិតភាពយន្ត សិល្បករ
និងអ្នកធ្វើការក្នុងវិស័យសិល្បៈជំនាន់ក្រោយ។លោកជំទាវក៏បានសង្កត់ធ្ងន់លើសារៈសំខាន់នៃការចូលរួមរបស់យុវជនជំនាន់ក្រោយ
ក្នុងការយល់ដឹងពី ឫសគល់វប្បធម៌ និងអត្តសញ្ញាណជាតិ
ដើម្បីបន្តការពារមរតកដ៏មានតម្លៃរបស់បុព្វបុរស
និងលើកតម្កើងកេរដំណែលដ៏វិសេសវិសាលរបស់កម្ពុជា
ឱ្យកាន់តែមានភាពរឹងមាំនៅលើឆាកអន្តរជាតិ។