ប្រហេសតែបន្តិចបាត់បង់បង់ចៅប្រុសជាទីស្រលាញ់ ដោយធ្លាក់ពីលើខ្នងប្រលាយរមៀលចូលក្នុងទឹកលង់ស្លាប់
កណ្តាល៖ ជីដូនយុំខ្សោះស្ទើអស់ទឹកភ្នែកដោយធ្វេសតែបន្តិច បណ្តាលឲ្យចៅប្រុសសំណប់
បានធ្លាក់ពីលើខ្នងប្រលាយ រមៀលចូលក្នុងទឹកលង់ស្លាប់ ដោយកើតហេតុកាលពីវេលាម៉ោង០៩និង៣០នាទី
ថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២៦នៅចំណុចប្រលាយ (D) ស្ថិតក្នុងភូមិស្វាយដំណាក់
ឃុំក្រាំងយ៉ូវ ស្រុកស្អាង ខេត្តកណ្តាល។
លោកវរៈសេនិយ៍ឯក រស់ ចន្ថា អធិការនគរបាលស្រុកស្អាង បានប្រាប់ឲ្យដឹងថា៖
កុមារារងគ្រោះមានឈ្មោះ ប៊ុន ហេងហ៊ុយ អាយុ០៤ឆ្នាំ ជាសិស្សសាលាមត្តេយ្យ មានឪពុកឈ្មោះ វណ្ណា ប៊ុនហេង និងម្ដាយឈ្មោះ
ស៊ីម ស្រីណាង ជនជាតិខ្មែរមុខរបរកសិករ និងមានទីលំក្នុងភូមិឃុំកើតហេតុ។
តាមការបំភ្លឺរបស់ឈ្មោះ ជា សារ៉ន ភេទស្រីអាយុ៥៤ឆ្នាំ
ត្រូវជាលោកយាយបង្កើតរបស់កុមាររងគ្រោះ បានរៀបរាប់ប្រាប់សមត្ថកិច្ចថា៖ មុនកើតហេតុ
លោកយាយ បាននាំចៅប្រុសចំនួន០២នាក់ ដែលម្នាក់ជាកុមាររងគ្រោះនិងម្នាក់ទៀតឈ្មោះ
ប៊ុនហេង ម៉ាប់ អាយុ០៥ឆ្នាំ(ជាបងប្រុស)ទៅស្រែជាមួយ។
ពេលទៅដល់កន្លែងកើតហេតុ
លោកយាយ បានទុកចៅប្រុសទាំង០២នាក់នៅលើខ្នងប្រលាយកន្លែងទុកម៉ូតូ រួចលោកយាយ
បានចុះទៅដកស្មៅស្រូវនៅក្នុងស្រែ។ បន្តិចក្រោយមក លោកយាយក៏បានងាករកចៅ
ស្រាប់តែឃើញតែចៅម៉ាប់ម្នាក់ ហើយបាត់ចៅ ហ៊ុយ (ចៅដែលរងគ្រោះ)មិនឃើញ។ ពេលនោះ លោកយាយក៏បានរត់មកកន្លែងទុកម៉ូតូវិញ
និងសួរចៅឈ្មោះម៉ាប់ ថា៖ឃើញចៅហ៊ុយទេ? ឯចៅឈ្មោះម៉ាប់ ក៏បានឆ្លើយថា៖
អាហ៊ុយ!វា រមៀលធ្លាក់ចូលទឹកប្រលាយបាត់ហើយយាយ!!។
ពេលនោះលោកយាយ ក៏បានចុះទៅរាវរកកុមាររងគ្រោះតែរកមិនឃើញ
ក៏បានស្រែកហៅប្រជាពលរដ្ឋដែលនៅជិតៗទីនោះឲ្យមកជួយរាវរកឃើញស្រង់កុមាររងគ្រោះឡើងមកលើគោក
ជួយធ្វើចលនាសង្គ្រោះបឋម ប៉ុន្តែកុមាររងគ្រោះបានលង់ទឹកស្លាប់បាត់ទៅហើយ
បន្ទាប់ក៏បានរាយការណ៍ប្រាប់សមត្ថកិច្ចមូលដ្ឋាន។
លោកអធិការបានបញ្ជាក់ថា៖ ក្រោយសមត្ថកិច្ចផ្នែកយុត្តិធម័
ជំនាញពិនិត្យទីតាំងកើតហេតុ ធ្វើកោសលវិច្ច័យ រួមជាមួយអាជ្ញាធរ និងយោងលោកគ្រូពេទ្យ
រកពុំឃើញអ្វីគួរឲ្យកត់សំគាល់ ក៏បានដាក់សេចក្តីសន្និដ្ធានថា៖កុមាររងគ្រោះគឺពិតជាស្លាប់ដោយលង់ទឹកប្រាកដមែន
និងក៏បានប្រគល់សព ជូនក្រុមគ្រួសាររៀបចំធ្វើពិធីបុណ្យតាមប្រពៃណី ៕ ដោយ៖ប៉ែន ឆន