មន្ត្រីឧទ្យានុរក្ស បន្តចុះបង្រ្កាបនិងរុះរើសំណង់រោងឈើប្រក់តង់ខុសច្បាប់ ចំនួន៣០កន្លែង នៅក្នុងឧទ្យានជាតិគីរីរម្យ
កំពង់ស្ពឺ៖
មន្រ្តីឧទ្យានុរក្សនៃមន្ទីរបរិស្ថានខេត្តកំពង់ស្ពឺ កាលពីថ្ងៃទី១២ ខែកញ្ញា
ឆ្នាំ២០២៦ បានបន្តចុះបង្ក្រាប ការរុករាន ទន្ទ្រានដីរបស់រដ្ឋ សង់រោង
បំណងយកដីធ្វើជាកម្មសិទ្ធដោយគ្មានការអនុញ្ញាត ក្នុងឧទ្យានជាតិព្រះសុរាម្រិត-កុសុមៈ «គិរីរម្យ»
ស្ថិតក្នុងឃុំយាយម៉ៅពេជ្រនិល ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។
មន្ត្រីឧទ្យានុរក្ស បានចាត់វិធានការច្បាប់
ដោយធ្វើការរុះរើ រោងឈើធ្វើពីកូនឈើមូល ប្រក់កៅស៊ូតង់ ទំហំ ២ម៉ែត្រ គុណនិង៣ម៉ែត្រ
ចំនួន៣០កន្លែង ប្រព្រឹត្តដោយ អញ្ញាតជន នៅក្នុងតំបន់ការពារធម្មជាតិ។ ជាមួយគ្នានេះ
ក្រុមការងារ កំពុងបន្តស្រាវជ្រាវ រកអ្នកប្រព្រឹត្តបទល្មើស
ដើម្បីចាត់ការតាមនីតិវិធីច្បាប់ ស្របតាមក្រមបរិស្ថាន និងធនធានធម្មជាតិ។
សូមបញ្ជាក់ផងដែរថាក្នុងអំឡុងខែសីហា-
ខែកញ្ញា ឆ្នាំ២០២៦ មន្រ្តីឧទ្យានុរក្ស
បានចុះបង្កាបបទល្មើសធនធានធម្មជាតិក្នុងឧទ្យានជាតិគីរីរម្យ បានចំនួន២៦ករណី រួមមាន៖
ទី១-ការបង្គោលហ៊ុំព័ទ្ធរបង
បន្លសួស ក្នុងគោលបំណងកាន់កាប់ ដើម្បីយកដីធ្វើជាកម្មសិទ្ធិ ដកហូតផ្ទៃដីទំហំប្រមាណ
៨.៨៨ហិកតា ចំនួន ១៨ករណី
ទី២-កាប់គាស់
រុករានដីព្រៃ ឆ្ការ ដុត ដើម្បីយកដីធ្វើជាកម្មសិទ្ធ ដកហូតផ្ទៃដីទំហំប្រមាណ
២.៥០ហិកតា ចំនួន ៤ករណី
ទី៣-ចាប់ដោយដាក់អន្ទាក់សត្វព្រៃ
ដកហូតអន្ទាក់ ចំនួន១៥ខ្សែ (សត្វស្វាងាប់ ចំនួន១ក្បាល ជាប់អន្ទាក់) ចំនួន ១ករណី
ទី៤-កាប់រំលំព្រៃឈើ
និងដកហូតឈើប្រភេទលេខ២(ស្រល់) ៦ដើម ចំនួន ២ករណី
និងទី៥-ការរុករាន
ទន្ទ្រានដី សង់រោង យកដីធ្វើជាកម្មសិទ្ធដោយគ្មានការអនុញ្ញាតចំនួន១ករណីផងដែរ៕ប៊ុនធឿន