កម្មវិធី «ផ្សព្វផ្សាយភាពយន្តហុងកុងនៅកម្ពុជា» បានក្លាយជាវេទិកាមួយសម្រាប់ជំរុញការផ្លាស់ប្តូរវប្បធម៌ ការចែករំលែកបទពិសោធន៍ និងការស្វែងរកកិច្ចសហការថ្មីៗ ក្នុងវិស័យភាពយន្តរវាងកម្ពុជា និងហុងកុង។
ភាពយន្តហុងកុង ត្រូវបានរំលឹកឡើងវិញតាមរយៈកម្មវិធីផ្សព្វផ្សាយភាពយន្តហុងកុងនៅកម្ពុជា
ដែលជាវេទិកាមួយសម្រាប់ជំរុញការផ្លាស់ប្តូរវប្បធម៌ ការចែករំលែកបទពិសោធន៍
និងការស្វែងរកកិច្ចសហការថ្មីៗ ក្នុងវិស័យភាពយន្តរវាងកម្ពុជា និងហុងកុង។
នាល្ងាចថ្ងៃទី ៤
ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម ហាប់ ទូច រដ្ឋលេខាធិការប្រចាំការ
តំណាងដ៏ខ្ពង់ខ្ពស់លោកជំទាវបណ្ឌិតសភាចារ្យ រដ្ឋមន្ត្រីក្រសួងវប្បធម៌
និងវិចិត្រសិល្បៈ បានអញ្ជើញជាអធិបតីក្នុងកម្មវិធី «ផ្សព្វផ្សាយភាពយន្តហុងកុងនៅកម្ពុជា» ដែលរៀបចំឡើងនៅរោងភាពយន្ត លេជេន សាខាអូឡាំព្យា។
កម្មវិធីនេះ
រៀបចំឡើងដោយ ក្រុមហ៊ុនវេសថិច មេឌា សហការជាមួយ ការិយាល័យសេដ្ឋកិច្ច
និងពាណិជ្ជកម្មហុងកុង ដោយមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ លោក លោកស្រី
សិល្បករ ផលិតករភាពយន្ត សិល្បករ សិល្បការិនី ព្រមទាំងភ្ញៀវកិត្តិយសជាតិ
និងអន្តរជាតិ សរុបប្រមាណជាង ២០០នាក់។
ក្នុងឱកាសនោះ ឯកឧត្តម
ហាប់ ទូច បានមានប្រសាសន៍លើកឡើងពីសារៈសំខាន់
និងប្រវត្តិសម្បូរបែបរបស់វិស័យភាពយន្តហុងកុង
ដែលបានរួមចំណែកយ៉ាងសំខាន់ដល់ការអភិវឌ្ឍវិស័យភាពយន្តនៅក្នុងតំបន់
ក៏ដូចជានៅលើឆាកអន្តរជាតិ។
ឯកឧត្តមបានបញ្ជាក់ថា
ប្រជាជនកម្ពុជាភាគច្រើន បានស្គាល់ និងធ្លាប់ទស្សនាភាពយន្តហុងកុង ហើយភាពយន្ត ព្រមទាំងតារាសម្តែងហុងកុងជាច្រើនរូប
នៅតែស្ថិតក្នុងការចងចាំ និងអារម្មណ៍របស់ប្រជាជនកម្ពុជារហូតមកដល់បច្ចុប្បន្ន។
ជាមួយគ្នានេះ
ការរៀបចំកម្មវិធី «ផ្សព្វផ្សាយភាពយន្តហុងកុងនៅកម្ពុជា» ត្រូវបានចាត់ទុកថា ជាការរួមចំណែកដ៏សំខាន់មួយ
ក្នុងការបន្តលើកកម្ពស់ កិច្ចសន្ទនាវប្បធម៌ និងភាពច្នៃប្រតិដ្ឋ
ជាពិសេសក្នុងវិស័យភាពយន្តរវាងកម្ពុជា និងហុងកុង។
វេទិកានេះ
ក៏ជាឱកាសសម្រាប់អ្នកដឹកនាំរឿង ផលិតករ សិល្បករ សិល្បការិនី
និងអ្នកជំនាញក្នុងវិស័យភាពយន្ត បានជួបជុំគ្នា ដើម្បីចែករំលែកចំណេះដឹង បទពិសោធន៍
និងទស្សនៈពីគ្នាទៅវិញទៅមក។
លើសពីនេះ
កម្មវិធីក៏អាចបើកឱកាសឱ្យអ្នកជំនាញ និងអ្នកពាក់ព័ន្ធក្នុងវិស័យភាពយន្ត
នៃប្រទេសទាំងពីរ ស្វែងរក កិច្ចសហការថ្មីៗ ឱកាសវិនិយោគ
និងការផលិតស្នាដៃភាពយន្តរួមគ្នា
ដែលអាចរួមចំណែកដល់ការអភិវឌ្ឍឧស្សាហកម្មភាពយន្តកាន់តែរីកចម្រើន។
ជាការកត់សម្គាល់
ភាពយន្តមិនត្រឹមតែជាផ្នែកមួយនៃវិស័យកម្សាន្តប៉ុណ្ណោះទេ
ប៉ុន្តែថែមទាំងជាស្ពានសម្រាប់ភ្ជាប់ វប្បធម៌ ប្រជាជន
និងការយល់ដឹងរវាងសង្គមនិងសង្គម។
ដូច្នេះ
ការរៀបចំកម្មវិធីផ្សព្វផ្សាយភាពយន្តហុងកុងនៅកម្ពុជា ត្រូវបានរំពឹងថា
នឹងក្លាយជាវេទិកាមួយដែលជួយពង្រឹងទំនាក់ទំនងផ្នែកវប្បធម៌
និងជំរុញការផ្លាស់ប្តូរបទពិសោធន៍ក្នុងវិស័យភាពយន្តរវាងកម្ពុជា
និងហុងកុងឱ្យកាន់តែជិតស្និទ្ធ និងមានភាពសកម្មថែមទៀត។