ព្រះខ័នរាជស្វាយរៀង ទទួលទ័ព ក្នុងថ្ងៃសម្ពោធកីឡដ្ឋានខេត្តស្វាយរៀង

គិតតាំងពីខែកក្កដា
ឆ្នាំ២០២៥ មកដល់ខែកញ្ញា ឆ្នាំ២០២៦ កីឡដ្ឋានខេត្តស្វាយរៀង បានបិទទ្វារទាំងស្រុង
ដើម្បីសាងសង់កែលម្អឲ្យមានស្ដង់ដារ និងធំជាងមុន។ ក្លិបព្រះខ័នរាជស្វាយរៀង
នឹងយកកីឡដ្ឋាននេះ សម្ពោធការប្រកួតក្នុងដីរបស់ខ្លួនជាលើកដំបូងក្នុងលីគកម្ពុជា Cambodian
Premier League 2026-2027 នៅថ្ងៃទី១២ ខែកញ្ញា
ដោយត្រូវស្វាគមន៍ក្រុមបាល់ទាត់កងយោធពលខេមរភូមិន្ទ។
អំឡុងពេលដំណើរការសាងសង់ និងកែលម្អបន្ថែម
ក្រុមព្រះខ័នរាជស្វាយរៀង បានខ្ចីពហុកីឡដ្ឋានជាតិមរតកតេជោ ធ្វើជាទឹកដីរបស់ខ្លួន
ទាំងការប្រកួតក្នុងលីគកម្ពុជា ពានរង្វាន់សម្ដេច ហ៊ុន សែន និងពានរង្វាន់អន្ដរជាតិ AFC
Challenge League។
ដោយឡែក នេះគឺជាការប្រកួតទី២
ក្នុងលីគរបស់ក្រុមម្ចាស់ការពារតំណែងជើងឯក បន្ទាប់ពីប្រកួតទី១
ឈ្នះក្រុមគិរីវង់សុខសែនជ័យ លទ្ធផល៣-០ នៅកីឡដ្ឋានគិរីវង់ កាលពីថ្ងៃទី៦ ខែកញ្ញា។
ក្នុងថ្ងៃទី១២ កញ្ញា ដដែលនេះ ក៏មានការប្រកួត២គូផ្សេងទៀត
ក្នុងពេលដំណាលគ្នា។ អាយ អេស អាយ ដង្កោសែនជ័យ ត្រូវទទួលក្រុមគិរីវង់សុខសែនជ័យ
នៅកីឡដ្ឋានស្មាត ខណៈក្រុមអង្គរថាយហ្គឺរ ប៉ះភ្នំពេញក្រោន នៅកីឡដ្ឋាន Akihiro
Kato វេលាម៉ោង ៦ ល្ងាច។
លុះចូលដល់ថ្ងៃទី១៣ ខែកញ្ញា អឹម អូ អាយ
កំពង់ដេវ៉ា ត្រូវប្រកួតជាមួយវិសាខា នៅកីឡដ្ឋានស្មាត។
ចំណែកក្រុមដែលមានទីតាំងក្នុងខេត្តកំពង់ស្ពឺ ណាហ្គាវើលដ៍ ត្រូវស្វាគមន៍ឡាយហ្វ
ខេត្តព្រះសីហនុ នៅកីឡដ្ឋានខេត្តកំពង់ស្ពឺ។
គិតត្រឹមសប្ដាហ៍ទី១
វិសាខា នៅចំណាត់ថ្នាក់លេខ១ ជាបណ្ដោះអាសន្ន មាន៣ពិន្ទុ
ស្មើគ្នាជាមួយព្រះខ័នរាជស្វាយរៀង ដែលនៅចំណាត់ថ្នាក់លេខ២។ អាយ អេស អាយ ដង្កោសែនជ័យ
នៅលេខ៣,
បឹងកេតនៅលេខ៤, ណាហ្គាវើលដ៍ នៅលេខ៥, ភ្នំពេញក្រោន លេខ៦, អឹម អូ អាយ កំពង់ដេវ៉ា លេខ៧
និងអង្គរថាយហ្គឺរលេខ៨។ ៦ក្រុមនេះ មាន១ពិន្ទុស្មើគ្នា។
ឡាយហ្វ ខេត្តព្រះសីហនុ នៅលេខ៩ គិរីវង់សុខសែនជ័យលេខ១០ និងក្រុមកងយោធពលខេមរភូមិន្ទ
នៅលេខ១១ មិនមានពិន្ទុដូចគ្នា៕



