ជនជាតិចិនឡើងដំបូល ជាន់ស័ង្កសីផុងធ្លាក់ស្លាប់ ទាំងព្រឹកនៅផ្សារចិន កោះពេជ្រ
ភ្នំពេញ៖ថៅកែហាងបាយជាជនជាតិចិនម្នាក់
បានផុងស័ង្កសីធ្លាក់ពីលើដំបូល បណ្ដាលឲ្យបោកក្បាលស្លាប់ ខណៈពេលឡើងដំបូលផ្សារចិន ដើរមើលបំពង់ខ្យល់ចង្ក្រានបាយ
ជាន់ដំបូលស័ង្កសីជ័រ ផុងធ្លាក់ចុះមកក្រោម កម្ពស់៨ម៉ែត្រ។
ហេតុការណ៍គ្រោះថ្នាក់នេះ បានកើតឡើងនៅវេលាម៉ោង០៨
និង៤០នាទី ថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៦ ចំណុចក្នុងផ្សារចិន ផ្លូវលេខ៧៨ ភូមិ១៤
សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។
ជនរងគ្រោះដែលបានស្លាប់បាត់បង់ជីវិតឈ្មោះ Yu Changqiu (យូ ចាងឈីវ) ភេទប្រុស
អាយុ៥៥ឆ្នាំ មុខរបរ ថៅកែហាងបាយចិនមួយ ស្នាក់នៅផ្ទះជួលក្នុង កោះពេជ្រ ភូមិ១៤
សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។
តាមសាក្សី បានឲ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញជនជាតិចិនរូបនោះ
បានឡើងតាមជណ្តើរទៅលើដំបូលផ្សារចិនដើរមើលបំពង់ខ្យល់ចង្ក្រានបាយ ស្រាប់តែផុងដំបូលជ័រ
ផុងធ្លាក់ចុះមកក្រោម ស្លាប់បណ្តាលអោយស្លាប់បាត់បង់ជីវិត។
តាមក្មួយប្រុសបង្កើតជនរងគ្រោះ បានឲ្យដឹងថានៅព្រឹកថ្ងៃទី២០
ខែកញ្ញា ឆ្នាំ២០២៦ ពូរបស់ខ្លួន បានមកហាង រួចគាត់ឃើញថាបំពង់ខ្យល់ផ្ទះបាយស្ទះមិនបញ្ចេញខ្យល់
ទើប ឡើងទៅមើលលើដំបូល។ ក្រោយមក ស្រាប់មានគេរត់មកប្រាប់ថា ពូធ្លាក់ស្លាប់។
បន្ទាប់ពីកើតហេតុ នគរបាលជំនាញ បានចុះទៅត្រួតពិនិត្យហើយលោកវេជ្ជបណ្ឌិត ជាង រ៉េន គ្រូពេទ្យកោសល្យវិច័យអមតុលាការរាជធានីភ្នំពេញ បានសន្និដ្ឋានថា ជនរងគ្រោះ ស្លាប់ដោយប៉ះទង្គិចក្បាល និងខ្លួនប្រាណធ្ងន់ធ្ងរដោយដើរជាន់ផុងដំបូលស័ង្កសីជ័រ ធ្លាក់ចុះមកក្រោមស្លាប់៕ម៉េង ធា