ក្លិបព្រះខ័នរាជស្វាយរៀង សម្ពោធដាក់ឲ្យប្រើកីឡដ្ឋានជាផ្លូវការ មុនបើក​ទ្វារស្វាគមន៍​ការ​ប្រកួត​លីគ​ចុង​សប្ដាហ៍នេះ

Sports • September 07, 2026
ក្លិបព្រះខ័នរាជស្វាយរៀង សម្ពោធដាក់ឲ្យប្រើកីឡដ្ឋានជាផ្លូវការ មុនបើក​ទ្វារស្វាគមន៍​ការ​ប្រកួត​លីគ​ចុង​សប្ដាហ៍នេះ

 ស្វាយរៀង៖ ក្លិបកីឡាបាល់ទាត់ព្រះខ័នរាជស្វាយរៀង នៅព្រឹកថ្ងៃទី៧ ខែកញ្ញានេះ បានរៀបចំពិធីក្រុងពាលី ប្រោស​ព្រំ សុំសេចក្ដីសុខសេចក្ដីចម្រើន សម្រាប់ពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនៃ កីឡដ្ឋាន​ស្វាយរៀងឡើងវិញ បន្ទាប់ពីចំណាយពេលកែលម្អ និងជួសជួលអស់រយៈ ១រដូវកាល ។


ពិធី​ក្រុង​ពាលីសម្ពោធដាក់ឲ្យប្រើប្រាស់កីឡដ្ឋាន ក្រោយចំណាយពេល ១រដូវកាល ដើម្បីជួសជុល និង​កែ​លម្អកាន់តែទំនើបអស្ចារ្យនេះ បានប្រព្រឹត្តទៅក្រោមអធិបតីភាពឯកឧត្តម ឌី វិជ្ជា ប្រធាន​ក្លិប​ព្រះខ័ន​រាជស្វាយរៀង និងលោកជំទាវ ហ៊ុន ម៉ាណា ហើយក៏មានការចូលរួមពីភ្ញៀវជាតិ-អន្ដរជា​តិជា​ច្រើន ក្នុងនោះក៏មានវត្តមានមន្ដ្រីសហព័ន្ធកីឡាបាល់ទាត់កម្ពុជា និងថ្នាក់ដឹកនាំ​ក្រុម​ហ៊ុន​ខេមបូឌាន​ព្រីមៀរលីគផងដែរ។

គួរដឹងថា កីឡដ្ឋានស្វាយរៀង ដែលជាទឹកដីរបស់ក្លិបព្រះខ័នរាជស្វាយរៀង ត្រូវបានក្លិប​ធ្វើកា​រ​ជួស​ជុល និងកែលម្អកាន់តែទំនើប ជាមួយហេដ្ឋារចនាសម្ព័ន្ធ និងគ្រឿងបរិក្ខាដ៏អស្ចារ្យជាច្រើន ក្នុង​នោះ​ក្រៅពីការពង្រីកកន្លែងអង្គុយសម្រាប់អ្នកគាំទ្ររហូតដល់ជាង ៧ពាន់នាក់ ក៏មាន​ការ​បំពាក់​នូវ​ប្រព័ន្ធភ្លើង LED ជុំវិញទីលាន, បន្ទប់ VIP និងកន្លែងលក់អាហារ ភេសជ្ជៈ ជាដើម។

ការ​សម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការឡើងវិញពេលនេះ ស្របពេលលីគកំពូលកម្ពុជា ឆ្នាំ​២០២៦​/២៧ បានចាប់ផ្ដើម ក្នុងនោះប្រកួតដំបូង ដែលធ្វើឡើងក្រៅដី ព្រះខ័នរាជស្វាយរៀង បាន​យក​ឈ្នះ​ក្រុម​គិរីវង់សុខសែនជ័យ ៣-០ ស្របពេលការប្រកួតបន្ទាប់ ព្រះខ័នរាជស្វាយរៀង នឹងត្រូវបើក​ទ្វារ​កីឡដ្ឋានស្វាយរៀង ទទួលក្រុមភ្ញៀវកងយោធពលខេមរភូមិន្ទលើកដំបូង នាថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៦ ខាងមុខ៕

x Enlarged Image