អាជ្ញាធរខេត្តស្វាយរៀង ចុះបើកស៊ីលនិងត្រួតពិនិត្យសម្ភារៈអេឡិចត្រូនិចរាប់រយគ្រឿងព្រមទាំងដកហូតទំនិញ សង្ស័យគេចពន្ធមួយចំនួនធំនៅក្រុងបាវិត

National • September 02, 2026
អាជ្ញាធរខេត្តស្វាយរៀង ចុះបើកស៊ីលនិងត្រួតពិនិត្យសម្ភារៈអេឡិចត្រូនិចរាប់រយគ្រឿងព្រមទាំងដកហូតទំនិញ សង្ស័យគេចពន្ធមួយចំនួនធំនៅក្រុងបាវិត

 

ស្វាយរៀង៖នៅថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២៦ លោក ម៉ែន អេង អភិបាលរងខេត្តតំណាងឯកឧត្តម ប៉េង ពោធិ៍សា អភិបាលខេត្តស្វាយរៀងដោយមានការសម្របសម្រួលនីតិវិធីពីឯកឧត្តម ខាំ សុផារី ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តស្វាយរៀងបានដឹកនាំកម្លាំងចម្រុះ ចុះបើកស៊ីល និង ធ្វើការត្រួតពិនិត្យសម្ភារៈស្ថិតនៅផ្ទះលេខK12ក្នុងបុរី អ៊ែល តារា ភូមិបាវិតកណ្ដាល សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង។

ប្រតិបត្តិការនេះ មានការចូលរួមសហការពីលោកវរសេនីយ៍ឯក ឡាយ ចន្នី ស្នងការរងនគរបាលខេត្ត, លោក ម៉ែន ចាន់រ៉ា អភិបាលក្រុងបាវិត និង មន្ត្រីជំនាញនៃសាខាគយនិងរដ្ឋាករខេត្តស្វាយរៀង។

ជាលទ្ធផលនៃការចុះត្រួតពិនិត្យជាក់ស្តែងនៅទីតាំងខាងលើ សមត្ថកិច្ច បានរកឃើញ សម្ភារៈនិងឧបករណ៍អេឡិចត្រូនិចជាច្រើន។ ចំពោះសម្ភារៈនិងគ្រឿងអេឡិចត្រូនិចខាងលើ ត្រូវបានសមត្ថកិច្ចប្រគល់ជូនឈ្មោះ គង់ តាយ ដែលជាម្ចាស់ផ្ទះដើម្បីគ្រប់គ្រងនិងថែរក្សាជាបណ្តោះអាសន្ន ដោយហាមឃាត់មិនឱ្យមានការចល័តឬយកចេញទៅប្រើប្រាស់ដោយគ្មានការអនុញ្ញាតជាដាច់ខាត។

ដោយឡែក ចំពោះសម្ភារៈដែលមន្ត្រីសាខាគយនិងរដ្ឋាករខេត្តសង្ស័យថាជាទំនិញគេចពន្ធ រួមមាន៖ កុំព្យូទ័រចម្រុះសរុបចំនួន៥៧៩គ្រឿង ក្នុងនោះមាន៖ Laptop ចំនួន ១៥គ្រឿង, អេក្រង់ LED Monitor ចំនួន ១៤៩គ្រឿង, Monitor ប្រភេទកោង ចំនួន ៣គ្រឿង, កុំព្យូទ័រ All in One 23.8 អ៊ីញ ចំនួន ១០គ្រឿង, កុំព្យូទ័រ All in One 24 អ៊ីញ ចំនួន ២៩៥គ្រឿង និងកុំព្យូទ័រ All in One 27 អ៊ីញ ចំនួន ១០៧គ្រឿង ។ ទូរស័ព្ទដៃចម្រុះសរុបចំនួន ៥២៥គ្រឿង។

បច្ចុប្បន្នទំនិញដែលសង្ស័យថាគេចពន្ធទាំងអស់ខាងលើ ត្រូវបាននាំយកទៅរក្សាទុកជាបណ្ដោះអាសន្ននៅបរិវេណការិយាល័យគយនិងរដ្ឋាករបាវិត ក្រោមការត្រួតពិនិត្យ និង ឃ្លាំមើលយ៉ាងយកចិត្តទុកដាក់ពីមន្ត្រីជំនាញដើម្បីរង់ចាំការសម្រេចនិងចំណាត់ការបន្តពី ឯកឧត្តមរដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រីអគ្គនាយក នៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជាស្របតាមនីតិវិធីច្បាប់៕






x Enlarged Image