ព្រឹត្តិការណ៍មហោស្រពភាពយន្តកម្ពុជា-អាស៊ីលើកទី៤ បិទបញ្ចប់ដោយរកឃើញម្ចាស់ជ័យលាភីចំនួន ២០ រូប

Entertainment • September 02, 2026
ព្រឹត្តិការណ៍មហោស្រពភាពយន្តកម្ពុជា-អាស៊ីលើកទី៤ បិទបញ្ចប់ដោយរកឃើញម្ចាស់ជ័យលាភីចំនួន ២០ រូប

 

មហោស្រពភាពយន្តកម្ពុជា-អាស៊ី លើកទី៤ បានបិទបញ្ចប់ ហើយកាលពីថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៦ នៅសាលសន្និសីទចតុម្មុខ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ។ កម្មវិធីនេះក៏មានការអញ្ជើញចូលរួមពី លោកស្រី Hong Li ប្រធានគណៈកម្មាធិការរៀបចំមហោស្រព, លោក Tran Anh Hung ប្រធានគណៈកម្មការវិនិច្ឆ័យ ព្រមទាំងថ្នាក់ដឹកនាំក្រសួងវប្បធម៌ កំពូលតារាសម្តែង អ្នកដឹកនាំរឿង និងផលិតករភាពយន្តល្បីៗយ៉ាងច្រើនកុះករមកពីបណ្តាប្រទេសក្នុងតំបន់អាស៊ី។

លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ បានវាយតម្លៃខ្ពស់ចំពោះគណៈកម្មការរៀបចំ នាយកដ្ឋានសិល្បៈភាពយន្ត ដៃគូសហការ និងគណៈមេប្រយោគ ព្រមទាំងបានសម្តែងការអបអរសាទរចំពោះជ័យលាភីទាំងអស់ ដែលពានរង្វាន់ទាំងនេះជាកម្លាំងចិត្តក្នុងការបង្កើតថ្មីៗបន្ថែមទៀត។   មហោស្រពភាពយន្តកម្ពុជាអាស៊ី គឺជាវេទិកាសំខាន់ក្នុងការប្រមូលផ្តុំ ផ្សព្វផ្សាយស្នាដៃភាពយន្តអាស៊ី បង្កើតបណ្តាញទំនាក់ទំនង កិច្ចសហការ និងការពិភាក្សាស៊ីជម្រៅដើម្បីអភិវឌ្ឍឧស្សាហកម្មភាពយន្តឱ្យមានកំណើនសេដ្ឋកិច្ច ប្រកបដោយចីរភាព និងរក្សាបាននូវអត្តសញ្ញាណជាតិ។

លោកស្រី HOLLY HONG នាយិកានៃគណៈកម្មការរៀបចំមហោស្រពភាពយន្តកម្ពុជា-អាស៊ី លើកទី៤ បានមានប្រសាសន៍ថា ភាពយន្តជាភាសាសកលដែលផ្សារភ្ជាប់វប្បធម៌ និងពង្រឹងកិច្ចសហប្រតិបត្តិការរវាងបណ្តាប្រទេសក្នុងតំបន់អាស៊ី។  ក្នុងឆ្នាំនេះ មានស្នាដៃភាពយន្តជាង ៧,០០០ ស្នាដៃ មកពីបណ្តាប្រទេស និងតំបន់ផ្សេងៗគ្នាក្នុងទ្វីបអាស៊ី បានផ្ញើមកចូលរួមប្រកួតប្រជែង នៅក្នុងមហោស្រពភាពយន្ត កម្ពុជាអាស៊ីលើកទី៤ នេះ ។  លោកស្រីបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ, គណៈមេប្រយោគ, ផលិតករ, ដៃគូសហការ, សារព័ត៌មាន និងក្រុមការងារស្ម័គ្រចិត្តទាំងអស់ដែលបានខិតខំប្រឹងប្រែងធ្វើឱ្យព្រឹត្តិការណ៍នេះជោគជ័យ។ 

លោក ប៉ុក បូរក្ស ប្រធាននាយកដ្ឋានភាពយន្ត និងផ្សព្វផ្សាយវប្បធម៌ នៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានឱ្យដឹងថា អ្នកទទួលបានពាន់រង្វាន់ក្នុងព្រឹត្តិការណ៍មហោស្រពភាពយន្តកម្ពុជាអាស៊ីលើកទី៤នេះ មាន៤ផ្នែកធំៗ គឺពានរង្វាន់ប្រកួតប្រជែងដើម រំដួលមាស , ពានរង្វាន់កិត្តិយសអាស៊ី , ផ្នែកភាពយន្តខ្លី និងផ្នែកច្នៃប្រឌិតដោយAI   ហើយអ្នកទទួលពាន់រង្វាន់ច្រើនជាងគេគឺភាពយន្តរបស់ផលិតកមកពីប្រទេសចិន  និងឥណ្ឌា  និងប្រទេសផ្សេងៗមួយចំនួនទៀត សរុបចំនួន ២០ រូប/ ក្រុម ឬភាពយន្ត ។

សំឡេង «អ៊ីចឹងនៅក្នុងចំណោម ៤ផ្នែកសំខាន់នេះ យើងមានពានសរុបដល់ទៅ២០ពាន។ ពានទី១ គឺពានខ្សែភាពយន្តឆ្នើមបំផុត ពានអ្នកដឹកនាំរឿងឆ្នើមបំផុត ពានតួអង្គបុរសឆ្នើម ពានតួអង្គនារីឆ្នើម ពានតួរងឆ្នើម ពានអ្នកកាត់ត ពានអ្នកផ្គុំសំឡេង  ដែលនេះជាពានសំខាន់ទាំង ១០ នៅក្នុងពានផ្ការំដួលមាស។ ដោយឡែកនៅក្នុងពានបង្កើតដោយ AI មាន ២ គឺមួយគឺពានដែលបង្កើត AI ល្អ ទី២ គឺការច្នៃប្រឌិតនៅក្នុង story របស់ AI ។ ដោយឡែកពានទី៣ Short Film មានពានសម្រាប់ Best Short Film និងពាន Best Short Film Director អ្នកដឹកនាំភាពយន្តខ្លីឆ្នើម។ ដោយឡែកពាន Honor មាន៤ ។ អ៊ីចឹងនៅថ្ងៃនេះពានលេខ១ ខ្សែភាពយន្តឆ្នើមគឺបានទៅលើរឿងរបស់ប្រទេសឥណ្ឌា។ ហើយពានអ្នកដឹកនាំរឿងឆ្នើមគឺបានទៅលើប្រទេសចិន ហើយតួសម្តែងគឺមានមកពីជប៉ុន មានមកពីចិន ដែលទទួលបានពានរង្វាន់នេះ។ នៅក្នុងឱកាសនោះ ពានសំខាន់មួយដែលប្រទេសកម្ពុជាយើងទទួលបាន គឺពានអ្នកថតភាពយន្តឆ្នើម បានទៅលើលោក ហឹម ធីដេត ដែលគាត់ថតនៅក្នុងខ្សែភាពយន្តមួយមានចំណងជើងថា «នាងនាថវគ្គ២ » ហើយក្រៅពីពានMain Competition យើងមានពាន Short Film ក៏បានទៅលើប្រទេសកម្ពុជាយើងមួយផងដែរ។ »

គួររម្លឹកថា ក្រោយចាប់បដិសន្ធិ នាឆ្នាំ២០២២មក មហោស្រពភាពយន្តកម្ពុជាអាស៊ី បានក្លាយជាវេទិកាមួយដ៏មានសារសំខាន់ក្នុងការប្រមូលផ្តុំ និងផ្សព្វផ្សាយស្នាដៃភាពយន្តចម្រុះពីបណ្តាប្រទេសក្នុងតំបន់អាស៊ី និងជាកន្លែងជួបជុំរបស់អ្នកនិពន្ធ អ្នកដឹកនាំរឿង ផលិតករ សិល្បករ សិល្បការិនី អ្នកជំនាញ និងអ្នកប្រកបអាជីពក្នុងវិស័យភាពយន្តដើម្បីធ្វើការផ្លាស់ប្តូរទស្សនៈទានថ្មីៗ ការបង្កើតបណ្តាញទំនាក់ទំនង ការស្វែងរកឱកាសក្នុងកិច្ចសហការផលិតភាពយន្តជាដើម។ លើសពីនេះមហោស្រពភាពយន្តកម្ពុជាអាស៊ីក៏បានរៀបចំនូវកិច្ចពិភាក្សាស៊ីជម្រៅក្នុងការអភិវឌ្ឍឧស្សាហកម្មភាពយន្ត ដែលជាកម្មវិធីដ៏មានសារសំខាន់ក្នុងការចែករំលែកចំណេះដឹង បទពិសោធន៍ និងយុទ្ធសាស្ត្រ តាមរយៈការពិភាក្សាអំពីបញ្ហាប្រឈម និងឱកាសនានា ព្រមទាំងស្វែងរកយន្តការថ្មីៗ ដើម្បីកសាងប្រព័ន្ធអេកូឡូស៊ីមួយដែលជួយជំរុញឱ្យឧស្សាហកម្មភាពយន្តក្លាយជាប្រភពនៃកំណើនសេដ្ឋកិច្ច ប្រកបដោយបរិយាបន្ន និងចីរភាព ដោយរក្សាបាននូវអត្តសញ្ញាណរបស់ជាតិ៕






x Enlarged Image