ផលិតកម្ម Disney+ បញ្ជាក់ថ្ងៃចាក់បញ្ចាំង «The Remarried Empress» មានតារាល្បី ៤ រូប ចូលរួមសម្តែង
ដំណឹងថ្មីសម្រាប់អ្នកគាំទ្ររឿងភាគកូរ៉េ!
Disney+ បានប្រកាសជាផ្លូវការថា រឿងភាគថ្មី «The
Remarried Empress» នឹងចាក់បញ្ចាំងនៅលើ Disney+ ចាប់ពីថ្ងៃទី ៤ ខែវិច្ឆិកា ខាងមុខនេះ។
រឿងភាគនេះ
ទទួលបានការចាប់អារម្មណ៍ជាពិសេស ដោយសារមានការចូលរួមសម្តែងពីតារាល្បីៗចំនួន ៤រូប
រួមមាន Shin Min Ah, Ju Ji Hoon, Lee Jong Suk និង
Lee Se Young ដែលនឹងនាំអ្នកទស្សនាចូលទៅក្នុងរឿងរ៉ាវស្នេហាដ៏ស្មុគស្មាញ
និងពោរពេញដោយរឿងអាស្រូវក្នុងរាជវាំង។
កាលពីថ្ងៃទី១៦ ខែកញ្ញា The Walt Disney Company Korea បានបញ្ចេញ Poster
និង Trailer ផ្លូវការថ្មីរបស់រឿងនេះ
ព្រមទាំងបញ្ជាក់ពីកាលបរិច្ឆេទចាក់បញ្ចាំង។
Poster បង្ហាញតួអង្គសំខាន់ទាំង៤
នៅក្នុងបរិយាកាសរាជវាំង ខណៈដែលសាច់រឿងផ្តោតលើតួអង្គ Navier ដែលជាមហាក្សត្រីដ៏ល្អឥតខ្ចោះនៃអាណាចក្រខាងកើត
និងមានអាពាហ៍ពិពាហ៍ដែលមើលទៅហាក់ដូចជាល្អឥតខ្ចោះជាមួយព្រះចៅអធិរាជ។
ប៉ុន្តែជីវិតរបស់នាងបានផ្លាស់ប្តូរទាំងស្រុង
បន្ទាប់ពីមានអ្នកចំណូលថ្មីចូលមកក្នុងរាជវាំង ហើយគេបានចាប់ផ្តើមបង្ហាញអារម្មណ៍ចំពោះនាង។
នៅក្នុងវីដេអូ Trailer បានបង្ហាញពីអារម្មណ៍រំភើប លាយឡំនឹងភាពតានតឹង
ដែលមហាក្សត្រីដ៏ល្អឥតខ្ចោះ ត្រូវប្រឈមមុខនឹងការបែកបាក់នៃជីវិតគូស្វាមីភរិយា
ដែលនាងធ្លាប់គិតថានឹងនៅជាមួយនាងជារៀងរហូត។
នៅពេលដែលសម្រេចចិត្តសុំលែងលះ
មហាក្សត្រីក៏បានធ្វើការសម្រេចចិត្តដ៏គួរឱ្យភ្ញាក់ផ្អើលមួយ ដោយយល់ព្រមលែងលះ
ប៉ុន្តែទាមទារសិទ្ធិឱ្យខ្លួនអាចរៀបការម្តងទៀត។
ចំពោះបុរសដែលរូបនាងជ្រើសរើស
គឺជាព្រះអង្គម្ចាស់នៃអាណាចក្រខាងលិច និងនៅទីបំផុតក្លាយជាស្វាមីទី២ របស់នាង។
Trailer ដដែលនោះក៏បានបង្ហាញពីពេលដែលស្វាមីទី២
ផ្តល់យោបល់ឱ្យភរិយាខ្លួនស្វែងរកបុរសម្នាក់ ដើម្បីធ្វើជាគូស្នេហ៍ និងជាការសងសឹក បន្ទាប់ពីនាងរងការឈឺចាប់ពីការបែកបាក់នៃអាពាហ៍ពិពាហ៍។
ទំនាក់ទំនងរវាងពួកគេកាន់តែស្មុគស្មាញឡើង
ហើយបង្កើតជារឿងរ៉ាវស្នេហា អំណាច និងនយោបាយក្នុងរាជវាំង។
«The Remarried Empress» គឺជារឿងភាគដែលផ្អែកលើ Web Novel ដ៏ពេញនិយមដែលមានចំណងជើងដូចគ្នា
ហើយរំពឹងថានឹងនាំមកនូវសាច់រឿងស្នេហា និងរឿងរ៉ាវរាជវាំងដ៏ស្មុគស្មាញមួយ
សម្រាប់អ្នកទស្សនា។
ក្រោយការបញ្ចេញ Trailer ថ្មី
អ្នកគាំទ្រជាច្រើនបានបង្ហាញការចាប់អារម្មណ៍ចំពោះការសម្តែងរបស់តួអង្គទាំង៤
រូបសម្រស់របស់តួសម្តែង និងគីមីសាស្ត្ររវាងតួអង្គសំខាន់ៗ។
សម្រាប់អ្នកគាំទ្ររឿងភាគកូរ៉េ
សូមរង់ចាំតាមដាន «The Remarried
Empress» ដែលនឹងចាក់បញ្ចាំងជាផ្លូវការនៅលើ Disney+ នៅថ្ងៃទី៤ ខែវិច្ឆិកា ខាងមុខនេះ។