សមត្ថកិច្ចខេត្តក្រចេះ បញ្ជូនខ្លួននារីខ្លាហាន ៣នាក់ ទៅតុលាការពាក់ព័ន្ធករណីគំរាមកំហែង បរិហាកេរ្តិ៍តាមFacebook

National • September 18, 2026
សមត្ថកិច្ចខេត្តក្រចេះ បញ្ជូនខ្លួននារីខ្លាហាន ៣នាក់ ទៅតុលាការពាក់ព័ន្ធករណីគំរាមកំហែង បរិហាកេរ្តិ៍តាមFacebook

 

(ក្រចេះ​)៖ កម្លាំងកងរាជអាវុធហត្ថខេត្តក្រចេះ នៅថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៦ បាន បញ្ជូនខ្លួនស្ដ្រីខ្លាហានចំនួន៣នាក់ ទៅកាន់អយ្យការអមសាលាដំបូងខេត្តក្រចេះ​ ដើម្បីអនុវត្តនីតិវិធីច្បាប់ ពាក់ព័ន្ធករណីរំលោភលំនៅឋាន គំរាមកំហែង មានស្ថានទម្ងន់ ទោស បរិហាកេរ្តិ៍ និង ជេរប្រមាថជាសាធារណៈតាម Facebook  ។

យោងតាមរបាយការណ៍របស់សមត្ថកិច្ច ​ឲ្យដឹងថា​កាលពីថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៦ កម្លាំងកងរាជអាវុធហត្ថខេត្តក្រចេះ បានចុះឃាត់ខ្លួនជនសង្ស័យជាស្ត្រីចំនួន ២នាក់​ នៅស្រុកស្នួល​ ខេត្តក្រចេះ​ និងបានបន្តស្រាវជ្រាវរហូតឃាត់ខ្លួនជនសង្ស័យម្នាក់ទៀត​ ពាក់ព័ន្ធករណីខាងលើនេះ។

សមត្ថកិច្ចឱ្យដឹងថាការឃាត់ខ្លួននេះ ធ្វើឡើង បន្ទាប់ពីទទួលបានពាក្យបណ្ដឹងពីជនរង គ្រោះ ដែលជនសង្ស័យខាងលើ​ ខឹងសម្បា រឿងជនរងគ្រោះចូល comment ពាក់ព័ន្ធ ជម្លោះវាយតប់គ្នាមួយ ដែលជាករណីរបស់ជនសង្ស័យ។

ក្រោយមក ជនសង្ស័យ បានទាញជនរងគ្រោះ ចូលក្នុងក្រុមឆាត​ ដែលមានសមាជិក ប្រមាណ ៥នាក់ និងបានជេរប្រមាថ និងគំរាមកំហែងជនរងគ្រោះតាមរយៈ Facebook group chat (ហ្វេសប៊ុក គ្រុប ឆាត)។

ក្រៅពី​ជេរប្រមាថ និងគំរាមកំហែងតាមរយៈ Facebook នារីខ្លាហានចំនួន២នាក់ខាងលើ​ បានបើករថយន្តទៅដល់ផ្ទះជនរងគ្រោះ ហើយ ចូលក្នុងលំនៅឋានដោយគ្មានការអនុញ្ញាត ដោយមានបំណងស្វែងរកអ្នកដែលបានចូលខំមិន ប៉ុន្តែមិនបានជួបនោះទេ  បន្ទាប់មក ជនសង្ស័យ បានបន្តជេរប្រមាថនៅមុខផ្ទះជនរងគ្រោះ។

បច្ចុប្បន្ន ស្ត្រីទាំង៣នាក់ ត្រូវបានកម្លាំងកងរាជអាវុធហត្ថខេត្តក្រចេះ បញ្ជូនទៅកាន់ អយ្យការអមសាលាដំបូងខេត្តក្រចេះ ដើម្បីបន្តនីតិវិធីតាមច្បាប់៕






x Enlarged Image