រថយន្តស៊េរីទំនើប ម៉ាក MG មួយគ្រឿង បើកជ្រុលទៅបុករថយន្តមួយគ្រឿងនៅពីមុខ បណ្តាលឲ្យក្រឡាប់បោកផ្ទប់និងបង្គោលស្លាកប៉ាណូបាក់១ដើម ក្រោយមានយុវជន ១ក្រុម ជិះម៉ូតូប្រដេញពីក្រោយ
ភ្នំពេញ៖
បុរសម្នាក់ បានបើករថយន្តម៉ាក MG មួយគ្រឿងក្នុងល្បឿនលឿនក៏ជ្រុលទៅបុករថយន្តមួយគ្រឿងធ្វើដំណើរនៅពីមុខ
បណ្តាលឲ្យក្រឡាប់បោកផ្ទប់និងបង្គោលស្លាក ប៉ាណូបាក់១ដើម ក្រោយមានយុវជន១ក្រុម ជិះម៉ូតូប្រដេញពីក្រោយ។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះដែរ
បានកើតឡើងកាលពីវេលាម៉ោង១១:៣០នាទីយប់ថ្ងៃទី២៨ខែកញ្ញា ឆ្នាំ២០២៦
ស្ថិតនៅលើផ្លូវទ្រុងមាន់ ក្នុងសង្កាត់ ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
តាមប្រភពពីកន្លែងកើតហេតុ
បានឲ្យដឹងថាមុនពេលកើតហេតុ គេឃើញរថយន្តម៉ាក MG ពណ៌សមួយគ្រឿងពាក់ស្លាកលេខ
កម្ពុជា JC.GT.99 បើកបរដោយបុរសម្នាក់ធ្វើដំណើរតាមបណ្តោយផ្លូវទ្រុងមាន់ទិសដៅពីជើងទៅត្បូង
ខណៈមានយុវជនមួយក្រុមជិះម៉ូតូ ប្រដេញតាមពីក្រោយ ។
លុះពេលបើកមកដល់ចំណុចកើតហេតុ
ម្ចាស់រថយន្តភ័យ ក៏បើកជ្រុលទៅបុកពីក្រោយ រថយន្តមួយគ្រឿង ពណ៌ខ្មៅពាក់ស្លាកលេខភ្នំពេញ
2CL-5609 បើកបរដោយបុរសម្នាក់ធ្វើដំណើរនៅពីមុខ ចំពីក្រោយពេញទំហឹង បណ្តាលឲ្យក្រឡាប់បោកផ្ទប់និងបង្គោលស្លាក
ប៉ាណូបាក់១ដើម ចំណែករថយន្ត ខូចខាតយ៉ាងដំណំ សំណាងល្អមិនមានគ្រោះថ្នាក់ដល់មនុស្ស ។
បន្ទាប់ពីកើតហេតុ
សមត្ថកិច្ចមូលដ្ឋានសហការជាមួយមន្ត្រីជំនាញចរាចរណ៍ ចុះមកវាស់វែងយករថយន្តទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជំនាញផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ
រង់ចាំការដោះស្រាយនៅពេលក្រោយ៕ ដោយ៖សាមេត