តារាចម្រៀង ផាក ជីនយ៉ុង (Park Jinyoung) ប្រកាសដំណើរប្រគំតន្ត្រីលើកដំបូងទៅកាន់ទីក្រុងចំនួន ៧ នៅអាស៊ី
តារាចម្រៀង
និងសម្តែងដ៏មានប្រជាប្រិយភាពរបស់កូរ៉េខាងត្បូង Park Jinyoung កំពុងធ្វើឱ្យអ្នកគាំទ្ររំភើបចិត្តជាថ្មី ខណៈលោកបានប្រកាសពីដំណើរប្រគំតន្ត្រីទោលលើកដំបូងរបស់ខ្លួន
ដែលមានចំណងជើងថា “2026-27 PARK JINYOUNG 1st CONCERT TOUR។
យោងតាមការប្រកាសរបស់ផលិតកម្ម
BH Entertainment នៅថ្ងៃទី១៤ ខែកញ្ញា
ឆ្នាំ២០២៦ ការប្រគំតន្ត្រីនឹងចាប់ផ្តើមដំបូងនៅទីក្រុងសេអ៊ូល ប្រទេសកូរ៉េខាងត្បូង
នៅខែវិច្ឆិកាខាងមុខនេះ។
សម្រាប់ការប្រគំតន្ត្រីនៅសេអ៊ូល
នឹងរៀបចំឡើងនៅ Jangchung Arena ចំនួនពីរលើក
គឺនៅថ្ងៃទី៧ ខែវិច្ឆិកា វេលាម៉ោង៦ល្ងាច និងថ្ងៃទី៨ ខែវិច្ឆិកា វេលាម៉ោង៤រសៀល
តាមម៉ោងប្រទេសកូរ៉េខាងត្បូង។
អ្វីដែលកាន់តែពិសេសនោះ
គឺដំណើរប្រគំតន្ត្រីរបស់កំលោះ មិនបានបញ្ចប់ត្រឹមប្រទេសកូរ៉េឡើយ
ប៉ុន្តែនឹងបន្តធ្វើដំណើរទៅកាន់ទីក្រុងសំខាន់ៗចំនួន៧ នៅទូទាំងអាស៊ី។
បន្ទាប់ពីសេអ៊ូល លោក Park Jinyoung នឹងបន្តទៅកាន់ ទីក្រុងអូសាកា
ប្រទេសជប៉ុន នៅថ្ងៃទី១៥ ខែវិច្ឆិកា បន្ទាប់មកទៅ ទីក្រុងម៉ានីល ប្រទេសហ្វីលីពីន
នៅថ្ងៃទី៥ ខែធ្នូ។
បន្ទាប់មកទៀត
លោកនឹងជួបអ្នកគាំទ្រនៅ ទីក្រុងតូក្យូ ប្រទេសជប៉ុន នៅថ្ងៃទី២០ ខែធ្នូ និង
ទីក្រុងតៃប៉ិ កោះតៃវ៉ាន់ នៅថ្ងៃទី២៦ ខែធ្នូ។
ចូលដល់ឆ្នាំ២០២៧
ដំណើរប្រគំតន្ត្រីនឹងបញ្ចប់ដំណើរនៅ ទីក្រុងម៉ាកាវ នៅថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៧។
ដំណើរប្រគំតន្ត្រីនេះ
ក៏មានអត្ថន័យពិសេសសម្រាប់ Park Jinyoung ផងដែរ
ព្រោះវាជាការត្រឡប់មកជួបអ្នកគាំទ្រតាមរយៈការប្រគំតន្ត្រីផ្ទាល់ជាថ្មី
បន្ទាប់ពីអវត្តមានពីការសម្តែងបែបនេះអស់រយៈពេលប្រមាណ៣ឆ្នាំ។
កាលពីឆ្នាំ២០២៣
លោកបានរៀបចំ Fan Concert ដែលមានឈ្មោះថា
“RENDEZVOUS” នៅទីក្រុងសេអ៊ូល និងប្រទេសជាច្រើន រួមមានជប៉ុន
ថៃ ហ្វីលីពីន និងតៃវ៉ាន់។ ប៉ុន្តែសម្រាប់ឆ្នាំនេះ លោកបានពង្រីកទម្រង់ពី Fan
Concert ទៅជា Full Concert Tour ដែលធ្វើឱ្យអ្នកគាំទ្រទន្ទឹងរង់ចាំកាន់តែខ្លាំង។
ជាមួយគ្នានេះ
ផ្ទាំងផ្សព្វផ្សាយផ្លូវការរបស់ “CODE#” ក៏បានបង្ហាញ Park Jinyoung ក្នុងឈុតសម្លៀកបំពាក់ពណ៌ងងឹត
ដោយឈរនៅពីមុខផ្ទៃខាងក្រោយពណ៌ខៀវ
និងមានបង្ហាញកាលវិភាគប្រគំតន្ត្រីរបស់ទីក្រុងនីមួយៗផងដែរ។
ចំពោះព័ត៌មានទាក់ទងនឹងការលក់សំបុត្រ
តម្លៃសំបុត្រ និងព័ត៌មានលម្អិតផ្សេងៗ
នឹងត្រូវប្រកាសជាបន្តបន្ទាប់តាមរយៈបណ្តាញផ្លូវការរបស់សិល្បករ និងផលិតកម្ម។
ក្រៅពីការងារតន្ត្រី Park Jinyoung ក៏កំពុងបន្តសកម្មភាពក្នុងវិស័យសម្តែងផងដែរ។
ថ្មីៗនេះ លោកបានបញ្ចប់ការថតរឿងភាគចុងសប្តាហ៍របស់ tvN មានចំណងជើង
“100 Days’ Lie” ដែលលោកសម្តែងជាតួ Sato Hideo ជាអ្នកបកប្រែដ៏ឆ្នើមម្នាក់សម្រាប់រដ្ឋាភិបាលជប៉ុននៅកូរ៉េ។ រឿងភាគនេះគ្រោងចាក់បញ្ចាំងជាផ្លូវការនៅថ្ងៃទី១០
ខែតុលា។
Park Jinyoung បានបង្ហាញខ្លួនជាសមាជិកក្រុម
GOT7 កាលពីឆ្នាំ២០១៤ ហើយចាប់តាំងពីពេលនោះមក
លោកបានបន្តសាងស្នាដៃយ៉ាងសកម្មទាំងក្នុងវិស័យតន្ត្រី ភាពយន្ត និងរឿងភាគកូរ៉េ។
ការប្រកាសដំណើរប្រគំតន្ត្រី
នៅពេលនេះ កំពុងក្លាយជាដំណឹងដ៏គួរឱ្យចាប់អារម្មណ៍សម្រាប់អ្នកគាំទ្រ Park Jinyoung និង GOT7 នៅទូទាំងអាស៊ី ខណៈលោកត្រៀមត្រឡប់មកឆាកប្រគំតន្ត្រីជាថ្មី
ជាមួយដំណើរទេសចរណ៍ដ៏ធំមួយដែលនឹងនាំយកតន្ត្រី
និងការសម្តែងរបស់លោកទៅជួបអ្នកគាំទ្រដោយផ្ទាល់នៅទីក្រុងចំនួន៧។