រថយន្តv1 (វេអង) ហោះផ្ងារកង់ក្រឡាប់ទៅដេកយ៉ាងស្ងៀមស្ងាត់លើសួនទ្រូងផ្លូវ ខណៈបុករថយន្តបែនពីក្រោយបណ្តាល ឲ្យក្រឡាប់ស្ទះចរាចរណ៍

National • September 17, 2026
រថយន្តv1 (វេអង) ហោះផ្ងារកង់ក្រឡាប់ទៅដេកយ៉ាងស្ងៀមស្ងាត់លើសួនទ្រូងផ្លូវ ខណៈបុករថយន្តបែនពីក្រោយបណ្តាល ឲ្យក្រឡាប់ស្ទះចរាចរណ៍

    កណ្តាល៖ ករណីគ្រោះថ្នាក់ចរាចរណ៍បង្កឡើងរវាងរថយន្តប្រភេទv1 បានបើកបោះ ហោះផ្លោងក្រឡាប់ផ្ងារកង់ទៅដេកយ៉ាងស្ងៀមស្ងាត់លើសួនច្បារចែកទ្រូងផ្លូវ ក្រោយបុកគូថរថយន្តប្រភេទបែនដឹកថ្ម បណ្តាលឲ្យក្រឡាប់ចាក់ថ្មចោល រាយប៉ាយពេញផ្លូវនិងកកស្ទះចរាចរណ៍ ហើយ ហេតុការណ៍នេះ កើតឡើងកាលពីវេលាម៉ោង១០និង៥០នាទីថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៦ នៅចំណុចលើផ្លូវមហាវិថីស៊ីជីងពីង(ខាងលិចបឹងត្នោត៥០០ម៉ែត្រ) ដែលស្ថិតក្នុងភូមិលេខ ៥ សង្កាត់ស្វាយរលំ ក្រុងតាខ្មៅ ខេត្តកណ្តាល។

សមត្ថកិច្ចមូលដ្ធាននិងសមត្ថកិច្ចជំនាញក្រុងដែលចុះអន្តរាគមន៍ ប្រាប់ឲ្យដឹងថាជនរង គ្រោះ ឈ្មោះ វ៉ន វីន ភេទប្រុសអាយុ២៤ឆ្នាំជនជាតិខ្មែរ(រងរបួសស្រាល) បើកបររថយន្ត ប្រភទបែនដឹកថ្មពេញពាក់ស្លាកលេខចង្កូតស្តាំPP-4902 រថយន្តក្រឡាប់ចាក់ថ្មពេញ មួយចំហៀងផ្លូវ រងការខូចខាតធ្ងន់(៧០ភាគរយ) និងមានទីលំនៅភូមិជ័យឧត្តម ឃុំសំរោងធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល។

ចំណែកភាគីរថយន្ត v1ផ្ទុកទូរកុងទីនឹរ័ បើកបរដោយឈ្មោះ លី កក្កដា ភេទប្រុសអាយុ២ ៩ឆ្នាំ (រងរបួសស្រាល) មានសឺមីសណ្តោងពាក់ស្លាកលេខភ្នំពេញ4B-5201 និងក្បាល រថយន្តពាក់ស្លាកលេខភ្នំពេញ3C-7363 និងមានទីលំនៅក្នុងភូមិត្រែងទ្រយឹង ឃុំត្រែងទ្រយឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ (រថយន្តខូចខាត២០ភាករយ)។

      តាមការបំភ្លឺពីតៃកុងរថយន្តបែនដឹកថ្មបានឲ្យដឹងថា៖ពេលខ្លួនបើកបរទិសដៅពីត្បូង ទៅជើង មកដល់ចំណុចកើតហេតុ ក៏មានរថយន្តកុងទីនឺរ័មួយនៅឈប់អែបក្បែរផ្លូវខាងមុខ ដោយម្ចាស់រថយន្តទើបមកពីហូបបាយ ហើយ បានបើករថយន្តចាកចេញទៅមុខ រួចខ្លួន បើកមកពីក្រោយបង្អង់ល្បឿនហើយក៏បានងាកក្បាលរថយន្តចេញមកឆ្វេងចូលគន្លងផ្លូវទីមួយ ក៏ស្រាប់តែមានរថយន្តប្រភេទv1កុងទីនឺរ័បើកមកពីក្រោយ បោះពួយយ៉ាងលឿន បុកគូថរថយន្តខ្លួនពីក្រោយ បណ្តាលឲ្យក្រឡាប់។ ចំណែកតៃកុងរថយន្តv1ក៏បានឆ្លើយប្រាប់ថា៖ មកពីរថយន្តបែនមិនស៊ីញ៉ូឆ្វេង ទើបខ្លួនមើលមិនឃើញនិងជាន់ហ្វ្រាំងមិនទាន់ ។

    ក្រោយសមត្ថកិច្ចជំនាញពិនិត្យនិងវាស់វែងរួច បានអញ្ជើញគូភាគីទាំងសងខាងទៅធ្វើការដោះស្រាយតាមនីតិវិធិច្បាប់នៅអធិការដ្ធាននគរបាលក្រុងតាខ្មៅ ។

ចំណែកម្ចាស់រថយន្តដែលបង្កការខូចខាតសម្បត្តិសាធារណៈរបស់រដ្ធ ត្រូវចូលខ្លួនទៅដោះស្រាយនៅមន្ទីរសាធារណៈការនិងដឹកជញ្ជូនខេត្តកណ្តាល៕ ដោយ​៖ប៉ែន​ឆន​




 

x Enlarged Image