លោកជំទាវ ញ៉ែម មរកត ប្រធានសហព័ន្ធកីឡារាំកម្ពុជាបានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះគណៈកម្មការរៀបចំវគ្គបណ្តុះបណ្តាលគ្រូបង្វឹកកីឡារាំកម្រិតមធ្យមឱ្យប្រព្រឹត្តទៅដោយរលូនទៅតាមការគ្រោងទុកប្រកបដោយភាពជោគជ័យ និងកោតសរសើរចំពោះសិក្ខាកាមជាគ្រូបង្វឹកកម្រិតមធ្យម ដែលបានខិតខំប្រឹងប្រែងយកចិត្តទុកដាក់អស់ពីសមត្ថភាព ក្នុងការក្រេបជញ្ជក់នូវចំណេះដឹង ដោយទទួលបានលទ្ធផលល្អប្រសើរ ។ 

លោកជំទាវ ញ៉ែម មរកត លើកឡើងថា ជាការពិតណាស់វគ្គបណ្តុះបណ្តាលគ្រូបង្វឹកកីឡារាំកម្រិតមធ្យមនេះ វាជាលើកទី២ហើយសម្រាប់សហព័ន្ធចាប់តាំងពីបង្កើតសហព័ន្ធមក ស្របតាមផែនការយុទ្ធសាស្រ្តរបស់សហព័ន្ធកីឡារាំកម្ពុជា ។

ជាមួយគ្នានេះ លោកស្រី ហង់ ស៊ីមន អគ្គលេខាធិការ សហព័ន្ធកីឡារាំកម្ពុជាបានគូសបញ្ជាក់ថា វគ្គបណ្តុះបណ្តាលគ្រូបង្វឹកកីឡារាំកម្រិតមធ្យម ចាប់ពីថ្ងៃទី១២-១៨ ខែកញ្ញា ឆ្នាំ២០២៤ នៅទីស្នាក់ការគណៈកម្មាធិកាជាតិអូឡាំពិកកម្ពុជា។ ដោយបានការអនុញ្ញាតជាគោលការណ៍ពីលោកជំទាវប្រធានសហព័ន្ធកីឡារាំកម្ពុជា  សហព័ន្ធបានរៀបចំវគ្គបណ្តុះបណ្តាលគ្រូបង្វឹកកីឡារាំកម្រិតមធ្យម ដែលមានសិក្ខាកាមចួលរួមសរុបចំនួន២៥នាក់ (ស្រី១៥នាក់ បុរស១០នាក់) ។

ឆ្លងតាមការសិក្សាអស់រយៈពេល ០៧ថ្ងៃ សិក្ខាកាមទាំងអស់បានទទួលនូវចំណេះដឹងបន្ថែមទៀតជាច្រើន ដើម្បីអភិវឌ្ឍជំនាញគ្រូបង្វឹកកីឡារាំកម្រិតមធ្យម និងបច្ចេកទេសល្អៗជាច្រើន ដូចជាគោការណ៍បច្ចេកទេសតិចនិច Latin Dance, Standard dance គរុកោសល្យគ្រូបបង្វឹក សារៈសំខាន់ការចូលរួមប្រកួតច្បាប់ប្រកួត WDSF Anti-Doping ច្បាប់ប្រឆាំងការប្រើប្រាស់សារធាតុលើកកម្លាំងរបស់សហព័ន្ធ.  កីឡារាំពិភពលោក ការហ្វឹកហាត់កាយសម្បទា និងការធ្វើតេស្តបច្ចេកទេស បទពិសោធន៍ល្អៗ ដល់សិក្ខាកាមរបស់យើង  ដើម្បីបង្កើនធនធានគ្រូបង្វឹកជំនាញកីឡាឱ្យកាន់តែរីកចម្រើន ក្នុងគោលបំណងជួយបង្ហាត់កីឡាករកីឡាការិនីក្រុមថ្នាល។ ក្នុងនោះសិក្ខាកាមដែលទទួលនិទ្ទេសល្អបង្គួរ ២០% និងនិទ្ទេសមធ្យម ៨០% ។

លោកស្រី ហង់ ស៊ីមន បន្ថែមថា វគ្គបណ្តុះបណ្តាលនេះមានសារៈសំខាន់ណាស់ ក្នុងការលើកកម្ពស់សមត្ថភាពធនធានមនុស្ស លើផ្នែកគ្រូបង្វឹកកីឡារាំ និងជាពិសេសសម្រាប់អភិវឌ្ឍ និងពង្រឹងនូវសមត្ថភាពគ្រូបង្វឹកជំនាញកីឡារាំនេះបន្ថែមទៀតឱ្យកាន់តែល្អប្រសើរ។   ការរៀបចំវគ្គបណ្តុះបណ្តាលនេះក្នុងគោលបំណង ដើម្បីបណ្តុះបណ្តាលធនធានមនុស្ស  ក្នុងកម្រិតជំនាញគ្រូបង្វឹកកីឡារាំកម្រិតមធ្យមដល់មន្រ្តីកីឡា កីឡាករ កីឡាការិនី នៃសហព័ន្ធកីឡារាំកម្ពុជា ដើម្បីអភិវឌ្ឍកីឡារាំឱ្យកាន់តែមានការរីកចម្រើនដូចបណ្តាលប្រទេសលើសកលលោក ៕