កំពង់ឆ្នាំង ៖
ក្មេង១ក្រុម ទៅចូលរួមពិធីបុណ្យកាន់បិណ្ឌនៅវត្តក្ងោកមាសលើ ក្នុងស្រុកជលគីរី បាននាំគ្នាទៅងូតទឹកទន្លេ ខណ:ក្មេងប្រុសម្នាក់ បានហែលទៅលេងឆ្ងាយពីមិត្តភក្តិ ជាអកុសល្យ ក៏លង់ទឹកស្លាប់ ។ ហេតុការណ៍ខាងនេះ កើតឡើងនៅម៉ោងប្រមាណ៦និង៣០នាទីព្រឹកថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៤ ស្ថិតនៅចំណុចក្នុងភូមិសាស្រ្តភូមិព្រៃគ្រីត្បូង ឃុំព្រៃគ្រី ស្រុកជលគិរី ខេត្តកំពង់ឆ្នាំង ។
ប្រភពនៅទីនោះ បានឲ្យដឹងថាមុនពេលកើតហេតុ ជនរងគ្រោះនិងមិត្តភក្តិប្រុសស្រីប្រហែល១០នាក់ មកពីរាប់បាតនៅវត្តក្ងោកមាសលើ ហើយ បាននាំគ្នាទៅងូតទឹកទន្លេ។ ពេលនោះ ជនរងគ្រោះបានហែលទៅលេងឆ្ងាយពីគេម្នាក់ឯង ចំណែកមិត្តភក្តិ បាននាំគ្នាលេងនៅក្បែរមាត់ច្រាំង។ បន្ទាប់មក ក្រុមមិត្តភក្តិ បាននាំគ្នាឡើងទៅផ្ទះក៏ឃើញស្បែកជើងជនរងគ្រោះនៅលើគោក ដោយមានការសង្ស័យ ក៏នាំគ្នាទៅរកជនរងគ្រោះនៅផ្ទះមិនឃើញ ក៏ប្រាប់ឪពុក.ម្ដាយរបស់ជនរងគ្រោះ រួចពួកគាត់ បាននាំគ្នាទៅរាវរកកូននៅក្នុងទឹក ក៏ប្រទះឃើញជនរងគ្រោះ ហើយ បានស្រង់ឡើងមកលើគោក បន្ទាប់មក បានដឹកជនរងគ្រោះទៅមណ្ឌលសុខភាពព្រៃគ្រី .ខណៈទៅដល់ក្រុមគ្រូពេទ្យ បានព្យាយាមជួយសង្រ្គោះផងដែរ ជាអកុសល្យ ជនរងគ្រោះបានដាច់ខ្យល់ស្លាប់បាត់ទៅហើយ ។
ប្រភពសមត្ថកិច្ច ឲ្យដឹងថាជនរងគ្រោះឈ្មោះ រ៉ូ សារ៉ូត ភេទប្រុស អាយុ១៣ឆ្នាំ រស់នៅភូមិព្រៃគ្រីត្បូង ឃុំព្រៃគ្រី ស្រុកជលគិរី ខេត្តកំពង់ឆ្នាំង។ បច្ចុប្បន្ន សពជនរងគ្រោះប្រគល់ជូនក្រុមគ្រួសារយកធ្វើបុណ្យតាមប្រពៃណី ៕